(ពោធិ៍សាត់)៖ លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ បានលើកឡើងថា គ្រឿងញៀន គឺជាបញ្ហារបស់យើងទាំងអស់គ្នា ត្រូវរួមគ្នាប្រយុទ្ធប្រឆាំង មិនត្រូវគិតថាកិច្ចការទាំងអស់នេះ គឺជាភារកិច្ចផ្តាច់មុខ របស់កម្លាំងមានសមត្ថកិច្ចតែម្នាក់ឯងនោះឡើយ។
លោកអភិបាលរងខេត្តរូបនេះ បានលើកឡើងបែបនេះ នៅបរិវេណវិទ្យាល័យពោធិ៍សាត់ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌» ដោយបានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះសង្ឃ ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីរាជការពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ យុវជន និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
លោកវរៈសេនីយ៍ឯក ហែម មុន្នី ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ទទួលផែនការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា រយៈពេល០៦ខែ ក្នុងឆមាសទី១ ដើមឆ្នាំ២០២២នេះ យើងបានបង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន៧៨ករណី ឃាត់ខ្លួនជនសង្ស័យ បានចំនួន១០៩នាក់ ក្នុងនោះករណីរក្សាទុក និងជួញដូរដោយខុសច្បាប់ ចំនួន៥៣ករណី និងករណីប្រើប្រាស់ដោយខុសច្បាប់ ចំនួន២៥ករណី។ ជាមួយគ្នានោះ យើងបានដកហូតសម្ភារៈ វត្ថុតាង និងមធ្យោបាយប្រព្រឹត្តបទល្មើសរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ចំនួន២២២កញ្ចប់ ទម្ងន់៨៥៦,០២ក្រាម, ថ្នាំប្រភេទWy ចំនួន១៦២គ្រាប់ ទម្ងន់១៦,២១ក្រាម, ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន០៦គ្រឿង, រថយន្ដ០៦គ្រឿង ម៉ូតូ២១គ្រឿង, ទូរស័ព្ទដៃ ចំនួន៤៦គ្រឿង, លុយខ្មែរ២.២៧២.៥០០រៀល, លុយដុល្លារ៦១៥ដុល្លារ, លុយបាត២០០បាត, កាំភ្លើងស្នប់ ចំនួន០៣ដើម, ដាវ០៥, កាំបិត០៧, ប្រដាប់ឆក់០៥គ្រឿង, ឧបករណ៍វេចខ្ចប់ និងបម្រើឱ្យការជក់មួយចំនួនធំ។
លោកស្នងការរងរូបនេះ បានបន្ថែមថា ចំណាត់ការផ្លូវច្បាប់ យើងបានបញ្ជូនជនសង្ស័យទៅពន្ធនាគារ ចំនួន៦៥នាក់, បញ្ជូនទៅមណ្ឌលអប់រំកែប្រែស្ដារនីតិសម្បទា ចំនួន១៤នាក់ និងធ្វើការអប់រំនៅថ្នាក់មូលដ្ឋាន ចំនួន០៣នាក់ (ស្រី) និងបានកោះហៅមុខសញ្ញាមកអប់រំ ឱ្យបញ្ឈប់ការប្រើប្រាស់គ្រឿងញៀន និងធ្វើកិច្ចសន្យាប្រគល់ឱ្យឪពុកម្ដាយអាណាព្យាបាលអប់រំបន្ត។ បន្ថែមពីនោះ យើងបានសហការជាមួយអាជ្ញាធរមូលដ្ឋាននិងគ្រឹះស្ថានសិក្សានានា ធ្វើការផ្សព្វផ្សាយ អំពីច្បាប់ និងផលប៉ះពាល់ បណ្ដាលមកពីការប្រើប្រាស់គ្រឿងញៀន បានចំនួន២៧លើកផងដែរ។
បន្ទាប់ពីលោក ណារ៉ា ចំរើន នាយករដ្ឋបាលខេត្តពោធិ៍សាត់ បានអានសារលិខិតរបស់សម្ដេចតេជោ នោះរួចមក, លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានកោតសរសើរចំពោះកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សហការជាមួយស្ថាប័នតុលាការ ដែលកន្លងមកនេះ បានបង្ក្រាបមេឧក្រិដ្ឋកម្មគ្រឿងញៀនដ៏ធំមួយក្នុងខេត្តពោធិ៍សាត់ ធ្វើឱ្យអត្រានៃការប្រឈមគ្រឿងញៀន បានធ្លាក់ចុះគួរឱ្យកត់សម្គាល់។ លោកសូមឱ្យប្រជាពលរដ្ឋ និងប្អូនៗសិស្សានុសិស្សទាំងអស់ក្នុងខេត្តពោធិ៍សាត់ ត្រូវចាត់ទុកគ្រឿងញៀន ជាបញ្ហារបស់យើងទាំងអស់គ្នា ត្រូវរួមគ្នាប្រយុទ្ធប្រឆាំង មិនត្រូវគិតថាកិច្ចការទាំងអស់នេះ គឺជាភារកិច្ចផ្តាច់មុខ របស់កម្លាំងមានសមត្ថកិច្ចតែម្នាក់ឯងនោះឡើយ។ ជាមួយគ្នានោះ ដើម្បីយកឈ្នះ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅខេត្តពោធិ៍សាត់ គឺត្រូវមានការចូលរួមពីគ្រប់អ្នកពាក់ពន្ធ័ទាំងអស់ ហើយប្រជាជនម្នាក់ៗ ត្រូវមានភារកិច្ចចូលរួម មិនប្រើប្រាស់គ្រឿងញៀន ធ្វើជាភ្នាក់ងារសម្ងាត់សហការជាមួយសមត្ថកិច្ច ដើម្បីគ្រួសារយើង ភូមិយើង ឃុំ/សង្កាត់យើង ស្រុក/ក្រុងយើង និងខេត្តពោធិ៍សាត់ទាំងមូលគ្មានគ្រឿងញៀន។ លោកអភិបាលរងខេត្ត សូមស្នើដល់ប្អូនៗយុវជន យុវតី សូមកុំធ្វើឱ្យឪពុកម្ដាយ ស្រក់ទឹកភ្នែកដោយសារខ្លួន ត្រូវចងចាំថាការប្រើប្រាស់គ្រឿងញៀន គឺបំផ្លាញអនាគតខ្លួនឯង បំផ្លាញគ្រួសារ និងបំផ្លាញសង្គមជាតិទាំងមូល៕
Ti Amo (ពស)