(ពោធិ៍សាត់)៖ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ លាង ហៃ ជាវតាយ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ បានចាត់តំណាងនាំយកទៀនវស្សា វេរប្រគេនព្រះសង្ឃ ដែលត្រៀមគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តកែវវិជ័យ និងតាមបណ្តាវត្ត ព្រមទាំងទីសក្ការគោរពបូជា ចំនួន៦ផ្សេងទៀត ក្នុងស្រុកកណ្តៀង និងក្រុងពោធិ៍សាត់។
តំណាងឯកឧត្តម ជាវ តាយ និងលោកជំទាវ លាង ហៃ ជាវតាយ បានលើកឡើងថា ការប្រគេនទៀនវស្សានៅពេលនេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់លោកទាំងពីរ ក្នុងការគោរពបូជាព្រះពុទ្ធសាសនា ទោះបីជាលោកមិនបានមកផ្ទាល់ក៏ដោយ។
ក្នុងនាមពុទ្ធសានូបត្ថម្ភដ៏ឆ្នើម ក៏ដូចជាការសន្សំបុញ្ញនិធិសម្រាប់ជាតិនេះ និងអនាគតជាតិដ៏វែងឆ្ងាយផងនោះ លោកទាំងពីរតែងតែផ្សារភ្ជាប់រវាងពុទ្ធចក្រ និងអាណាចក្រ ក្នុងការចូលរួមសាមគ្គី ជាមួយបងប្អូនប្រជាពលរដ្ឋ និងពុទ្ធសាសនិកក្នុងមូលដ្ឋានមិនដែលអាក់ខានឡើយ។
គួរបញ្ជាក់ថា សម្រាប់វត្តកែវវិជ័យ គឺប្រគេនទៀនវស្សា០២គូ, ព្រះអង្គចៅសែន នៅលើបូរីកោះសំពៅមាស, ព្រះអង្គចៅសែន នៅក្នុងសាលាខេត្តពោធិ៍សាត់, វត្តហង្សាបីតិ (វត្តព្រែកស្តី), វត្តហ្លួង, បូជនីយដ្ឋានលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ និងព្រះវិហារចិនពួយហួ ប្រគេនទៀនវស្សាមួយគូៗ និងបច្ច័យមួយចំនួនផងដែរ៕
Ti Amo (ពស)