រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ធ្វើយុទ្ធនាការផ្សព្វផ្សាយ ស្តីពីការបង្ការជំងឺគ្រុនឈាម គ្រុនឈីក និងដាក់ថ្នាំអាប៊ែត ក្នុងពាងទឹក ជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ

  • 364
  • ដោយ Admin

(ពោធិ៍សាត់)៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខមាលភាពប្រជាពលរដ្ឋ ពីសំណាក់ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការ សាខាកាកបាទកម្ពុជា ខេត្តពោធិ៍សាត់ និងលោកជំទាវ លាង ហៃ ជាវតាយ អនុប្រធានកិត្តិយសសាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខា បានចាត់ឱ្យលោក វ៉ាន់ ហ៊ាង នាយកប្រតិបត្តិសាខា ដឹកនាំមន្រ្តីសាខា អ្នកស្មគ្រ័ចិត្ត អាជ្ញាធរដែនដី ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ ស្តីពីការបង្ការជំងឺគ្រុនឈាម គ្រុនឈីក និងដាក់ថ្នាំអាប៊ែត ក្នុងពាងទឹក ជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ដែលមានរយៈពេល១១ថ្ងៃ គិតចាប់តាំងពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ សម្រាប់៧ក្រុងស្រុក ទូទាំងខេត្ត។

​លោក វ៉ាន់ ហ៊ាង នាយកប្រតិបត្តិសាខា បានថ្លែងថា ដោយផ្អែកទៅតាមសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តពោធិ៍សាត់ ជាពិសេសអំពីការយកចិត្តទុកដាក់ របស់ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកជំទាវ លាង ហៃ ជាវតាយ បានចាត់ឱ្យមន្ត្រីសាខា ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ ស្តីពីការបង្ការជំងឺគ្រុនឈាម គ្រុនឈីក និងដាក់អាប៊ែតក្នុងពាងទឹក ជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ។ ជាក់ស្តែងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ ក្រុមការងារបានចុះធ្វើយុទ្ធនាការជាលក្ខណៈទ្រង់ទ្រាយធំ នៅភូមិសាលាគំរូ ភូមិស្រះស្រង់ និងភូមិក្រាំងតាសែន សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ដោយបានដាក់អាប៊ែតក្នុងពាងទឹក ជូនប្រជាពលរដ្ឋបាន៤១៧ខ្នងផ្ទះ ស្មើនឹង៤១៧គ្រួសារ និងមានចំនួន២៤៦០ពាងទឹក និងអាង ព្រមទាំងចែកជូនខិត្តបណ្ណស្តីពីជំងឺគ្រុនឈីក២០០សន្លឹក និងវិធានការបង្ការជំងឺកូវីដ១៩ ចំនួន២០០សន្លឹក ដោយប្រើកម្លាំងសរុបចំនួន៣០នាក់។ 

លោកបានលើកឡើងទៀតថា នៅក្នុងយុទ្ធនាការនេះ មានគោលបំណងដើម្បីការពារបង្ការជំងឺគ្រុនឈាម និងជំងឺឈឺកគន់ហ្គន់យ៉ា ដែលហៅថាជំងឺគ្រុនឈីក ដែលអាចឆ្លងតាមរយៈមូសខ្លាញីខាំ ដោយយុទ្ធនាកានេះត្រូវបានធ្វើឡើង គ្រប់ភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយល់ដឹងដូចជា៖

ទី១-សូមចូលរួមកំចាត់ដង្កូវទឹក មូសខ្លា និងធានាថាមិនមានដង្កូវទឹក នៅក្នុងបរិវេណផ្ទះសំបែង តាមរយៈការកម្ទេចចោល និងលុបបំបាត់ចោល នូវរាល់វត្ថុដក់ទឹក ដែលមិនប្រើប្រាស់ដូចជា៖ សំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ធុង ក្រឡ ពាង អាង ដែលមិនប្រើប្រាស់ សំបកដប សំបកដូង និងវត្ថុអាចដក់ទឹកដទៃទៀត ដែលនៅជុំវិញបរិវេនផ្ទះរបស់លោកអ្នក ត្រូវលាងសម្អាតសម្ភារៈ ឬវត្ថុប្រើប្រាស់ផ្សេងៗ សម្រាប់ស្ដុកទឹក ឱ្យបានពីរដង ក្នុងមួយសប្ដាហ៍ ឬដាក់ថ្នាំអាប៊ែត ត្រីប្រាំពីរពណ៌ ឬគ្របឱ្យបានត្រឹមត្រូវនូវពាង អាងទឹក ធុង ក្រឡ ថូផ្កា ចានទ្រជើងទូ។ល។

ទី២-ត្រូវកំចាត់សត្វមូសខ្លា តាមរយៈរៀបចំសម្ភារៈ ក្នុងផ្ទះឱ្យមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាឱ្យមានពន្លឺចាំងចូលក្នុងផ្ទះបានល្អ លុបបំបាត់កំប៉ូតព្រៃស៊ុបទ្រុបជុំវិញផ្ទះ និងចូលរួមសហការជាមួយភ្នាក់ងារសុខាភិបាល ក្នុងករណីមានការបាញ់ថ្នាំសម្លាប់មូស។

ទី៣. ត្រូវការពារខ្លួន កុំឱ្យមូសខ្លាញីខាំតាមរយៈការដេកក្នុងមុង (ទាំងថ្ងៃយប់) ស្លៀកពាក់ខោអាវវែង មិនត្រូវអង្គុយ ឬសំរាកនៅកន្លែងដែលមិនមានពន្លឺគ្រប់គ្រាន់នោះទេ។

ទី៤-បច្ចុប្បន្នករណីជំងឺគ្រុនឈាម និងគ្រុនឈីក ចម្លងបងប្អូនប្រជាពលរដ្ឋមិនថាក្មេងឬចាស់នោះទេ ត្រូវរូសរាន់ស្វែងរក សេវាថែទាំសុខភាព ដែលនៅជិតអ្នកបំផុតដូចជា មណ្ឌលសុខភាព និងមន្ទីរពេទ្យ ក្នុងករណីក្រុមគ្រួសារណាម្នាក់ របស់អ្នកមានសញ្ញា ឬសញ្ញណជំងឺ ដូចជាក្ដៅខ្លួន (ក្ដៅខ្លួនខ្លាំងភ្លាមៗ ៣៩អង្សាសេឡើង) និងសញ្ញាបន្ទាប់បន្សុំផ្សេងទៀត ដូចជា មុខក្រហម ឈឺក្បាល ឈឺក្រោមក្រឡង់ភ្នែក ឈឺសាច់ដុំ ឬសន្លាក់ ឈឺខ្លួន ស្នាមកន្ទួលក្រហមជាដើម។

គ្រប់ករណីសង្ស័យជំងឺគ្រុនឈាម និងគ្រុនឈីក មិនត្រូវសាកល្បងព្យាបាលដោយខ្លួនឯង ឬការប្រើប្រាស់ថ្នាំប្រភេទ អាស្ពីរីន ឬអ៊ីប៉ុយព្រូហ្វែនជាដាច់ខាត និងមិនត្រូវស្វែងរក សេវាថែទាំសុខភាពណា ដែលមិនមានជំនាញវិជ្ជាជីវៈ ធ្វើការពិនិត្យព្យាបាលជំងឺគ្រុនឈាម និងគ្រុនឈីកឡើយ៕

អត្ថបទទាក់ទង