(ពោធិ៍សាត់)៖ លោក ចេង ឡៃ អភិបាលខេត្តស្តីទី តំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំរបស់មន្ទីរ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលគណៈកម្មការរដ្ឋបាល ក្នុងតំបន់ធ្វើការវិនិច្ឆ័យ សម្រាប់នីតិវិធី នៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី ឃុំរាំងទិល ស្រុកកណ្តៀង, ឃុំកំពង់លួង ស្រុកក្រគរនិងឃុំបឹងបត់កណ្តោល ស្រុកបាកាន ដែលរៀបចំឡើងដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត។
លោក ចេង ឡៃ បានលើកឡើងថា យោងតាមសេចក្តីសម្រេចលេខ០៨៨-០៨៩-០៩០ សសរ.ព.ស ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត ស្តីពីការបង្កើតគណៈកម្មការរដ្ឋបាល ក្នុងតំបន់ធ្វើការវិនិច្ឆ័យ សម្រាប់នីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី ដែលមានរូបលោក ចេង ឡៃ អភិបាលរងខេត្ត ជាប្រធាន, គណៈអភិបាលស្រុក ប្រធានការិយាល័យភូមិបាលស្រុក និងលោក លោកស្រី មេឃុំ មេភូមិ និងចាស់ព្រឹទ្ធាចារ្យភូមិ ជាសមាជិក។ គណៈកម្មការរដ្ឋបាលដូចបានចែង មានតួនាទីភារកិច្ច ធានាដល់ការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី ឈានទៅគ្រប់គ្រងលើការចុះបញ្ជីដែលមានលក្ខណៈជាប្រព័ន្ធ ក្នុងឃុំរាំងទិល ស្រុកកណ្តៀង, ឃុំកំពង់លួង ស្រុកក្រគរ និងឃុំបឹងបត់បណ្តោល ស្រុកបាកាន។ ជាមួយគ្នានោះធ្វើជាសេនាធិការឱ្យរដ្ឋបាលខេត្ត ស្រុក និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដោយបានចែកចេញជា៥ដំណាក់កាល គឺត្រៀមរៀបចំកំណត់តំបន់ប្រតិបត្តិការចុះវាស់វែង បិទប្រកាសផ្សាយជាសាធារណៈ សម្រេចលើឯកសារវិនិច្ឆ័យ របស់រដ្ឋបាលខេត្ត និងចុងក្រោយចេញប័ណ្ណជូនម្ចាស់ដី។
លោកបានលើកឡើងទៀតថា ដើម្បីឱ្យកិច្ចដំណើរការទៅមានភាពល្អប្រសើរនោះ គណៈកម្មការរដ្ឋបាល ដែលមានលេខាធិការដ្ឋាន ស្ថិតក្នុងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មានភារកិច្ចទទួលខុសត្រូវ ក្នុងការរៀបចំរបៀបវារៈប្រជុំផ្សព្វផ្សាយ ជូនដល់ប្រជាពលរដ្ឋ ស្ថិតក្នុងតំបន់ធ្វើការវិនិច្ឆ័យ ធ្វើការពន្យល់ណែនាំអំពីដំណើរការ ឆ្លើយនូវសំណួរ ឬចម្ងល់ និងបំភ្លឺអំពីសិទ្ធិស្របច្បាប់លើអចលនវត្ថុ។ ត្រូវកំណត់ឱ្យបានច្បាស់ អំពីអត្តសញ្ញាណដូចជាដីវត្តអារាម សាលារៀន ទីសាធារណៈ សាលាឃុំ ភូមិ ផ្លូវ ប្រឡាយ ស្ទឹង បឹង ព្រែកជាក់ស្តែង នៃទីតាំងដីនីមួយៗ បើមានករណីទំនាស់វិវាទត្រូវដោះស្រាយឱ្យបានចប់សព្វគ្រប់។ ទិន្នន័យដែលក្រុមការងារប្រមូលបាន ត្រូវបញ្ចូលក្នុងកុំព្យូទ័រ ចាត់ទុកជាឯកសារផ្លូវការតាមច្បាប់ ចំពោះក្បាលដីណាមិនទាក់ទងនឹងវិវាទ ឯប័ណ្ណដី ឬអចលនវត្ថុ របស់នីតិបុគ្គលសាធារណៈ និងឯកជន ត្រូវប្រគល់ឱ្យម្ចាស់ដីស្របច្បាប់ ជាអ្នកទទួលយក និងរក្សាទុក។
លោកសង្ឃឹមថា ក្រោយពីបញ្ចប់វគ្គនេះទៅ គណៈកម្មការរដ្ឋបាល ពិតជាទទួលបាននូវចំណេះដឹង និងចូលរួមសហការល្អលើការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ មានប្រសិទ្ធិភាព និងតម្លាភាព៕
Ti Amo (ពស)