(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានស្នើឱ្យគ្រប់អង្គភាពមន្ទីរ អង្គភាព រដ្ឋបាលក្រុង/ស្រុកទាំងអស់ ត្រូវពង្រឹងតួនាទីភារកិច្ចបន្ថែមទៀត សំដៅធ្វើយ៉ាងណាឲ្យការគ្រប់គ្រង ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន កាន់តែមានប្រសិទ្ធភាព។
ក្នុងកិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈបញ្ជាការឯកភាពខេត្ត នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅសាលាខេត្តពោធិ៍សាត់ លោក ចេងឡៃ អភិបាលខេត្តស្តីទី តំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ការអនុវត្តតួនាទីភារកិច្ច គឺជារឿងចាំបាច់ និងសំខាន់ចំពោះអង្គភាពស្ថាប័ននីមួយៗ ដែលត្រូវតែយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ទាំងការទប់ស្កាត់ និងបង្រ្កាបបទល្មើសផ្សេងៗ។ ជាក់ស្តែងដូចជាការរុករានទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋ ជាពិសេសក្នុងតំបន់ការពារធនធានធម្មជាតិ ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព សកម្មភាពក្មេងទំនើង ការលេងល្បែងស៊ីសងគ្រប់ប្រភេទ សកម្មភាពលួចឆក់ប្លន់ សកម្មភាពប្រព្រឹត្តបទល្មើសនេសាទ ដោយប្រើឧបករណ៍បង្កគ្រោះមហន្តរាយ ដល់ធនធានមច្ឆជាតិ ដូចជាស្បៃមុង ឧបករណ៍ឆក់ និងឧបករណ៍ផ្សេងទៀតជាដើម។
លោកលើកឡើងថា ដើម្បីឱ្យការទប់ស្កាត់បង្ក្រាប បទល្មើសទាំងនេះមានប្រសិទ្ធភាព គ្រប់អង្គភាពមន្ទីរ អង្គភាព និងក្រុង/ស្រុកពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងតួនាទីភារកិច្ចរបស់ខ្លួន ឱ្យបានម៉ឺងម៉ាត់ ពោលត្រូវចាត់វិធានការតឹងរឹង ចំពោះជនខិលខូច ដែលនៅតែបន្តប្រព្រឹត្តបទល្មើសទៅតាមច្បាប់ ដោយពិនិត្យលើស្ថានភាពជាក់ស្ដែង។ ដោយឡែកចំពោះបេនឡាន ទីផ្សារមួយចំនួនតាមបណ្ដាស្រុកដែលបង្កភាពអនាធិតេយ្យ គ្មានសណ្ដាប់ធ្នាប់ រដ្ឋបាលស្រុកពាក់ព័ន្ធ ត្រូវចាត់ចែងរៀបចំឡើងវិញ ធ្វើយ៉ាងណាឱ្យសណ្ដាប់ធ្នាប់សាធារណៈបានល្អប្រសើរ។
លោកបានលើកឡើងផងដែរ លើវិស័យព័ត៌មានថា គឺជារឿងសំខាន់ដែលត្រូវយកចិត្តទុកដាក់ ស្របពេលបច្ចេកវិទ្យាទំនើប ដែលត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងលុបបំបាត់ព័ត៌មានក្លែងក្លាយ ដើម្បីទទួលបាននូវព័ត៌មានពិត មិនកុហក់បោកប្រាស់ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សណ្ដាប់ធ្នាប់សង្គម។ លើសពីនេះទៀតក៏ត្រូវគិតគូរដោះស្រាយ និងបម្រើតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ៕
Ti Amo (ពស)