(ពោធិ៍សាត់)៖ នាថ្ងៃទី១០-១២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងឯកឧត្តម ចេង ឡៃ អភិបាលខេត្តស្តីទី តំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ដោយបានការចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត បាននាំយកសម្ភារៈបរិក្ខា និងបច្ច័យមួយចំនួន ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌទី១ នៅវត្តកែវវិជ័យ ស្រុកកណ្ដៀង និងបិណ្ឌទី២ នៅវត្តពាលញែក ក្រុងពោធិ៍សាត់។
ប្រភពពីលោកតាអាចារ្យ បានជម្រាបជូនថា បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ មានអត្ថន័យយ៉ាងជ្រាលជ្រៅ ក្នុងសង្គមខ្មែរតាំងពីបុរាណកាលមក សម្រាប់ពុទ្ធសាសនា។ ពិធីបុណ្យនេះ ប្រារព្ធធ្វើឡើងដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនទៅដល់បុព្វការីជន ដែលបានចែកឋានទៅកាន់បរលោកខាងមុខហើយនោះ មានឪពុក ម្តាយ ជីដូន ជីតា និងបុព្វបុរសដែលបានពលីជីវិត ដើម្បីប្រទេសជាតិ។ ពិធីបុណ្យនេះ ក៏ជាពិធីបុណ្យមួយ ដើម្បីទំនុកបម្រុងដល់ព្រះសង្ឃគង់ចាំព្រះវស្សា ដែលមិនអាចនិមន្តចេញទៅបិណ្ឌបាតនៅខាងក្រៅបាន ដោយពីមុនគេប្រារព្ធឡើង មានរយៈពេល៣ខែ តែបច្ចុប្បន្ននេះ បានផ្លាស់ប្តូរមកធ្វើត្រឹមតែ១៥ថ្ងៃប៉ុណ្ណោះ។ ពិធីបុណ្យនេះ ក៏មានជំនឿទាក់ទិនទៅនឹងការពូនភ្នំខ្សាច់ ដែលខ្មែរយើងទូទៅយល់ថា ជាការឧទ្ទិសកុសលមួយ ជូនដល់បុព្វការីជនទាំងឡាយ ដែលបានលាចាកលោក ឬដើម្បីលុបលាងនូវអំពើបាបកំហុស ដែលធ្លាប់បានប្រព្រឹត្តិកន្លងមកផងដែរ។
ប្រភពបានបន្ថែមថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ គេប្រារព្ធធ្វើនៅរដូវវស្សា ព្រោះនៅក្នុងរដូវនេះ ពពួកប្រែតអាចមានឱកាសច្រើនក្នុងការស្វែងរក ចំណីអាហារ ជាងរដូវផ្សេងៗ។ ម្យ៉ាងវិញទៀតនៅក្នុងរដូវវស្សា អាហាររបស់ពួកប្រែត ដូចជាភក់ជ្រាំ កំហាក សាកសព និងកាកសំណល់អសោចិ៍ សម្បូរនៅក្នុងខែភ្លៀងនេះ។
ក្នុងរយៈពេល១៥ថ្ងៃ បើពពួកប្រែតទាំងអស់ដើរស្វែងរកញាតិ ចំនួន៧វត្ត នៅតែមិនឃើញនោះ ពួកគេនឹងស្រែកយំដើរទន្ទ្រាំជើង ព្រោះតែខកបំណង និងភាពស្រេកឃ្លានក្រហល់ក្រហាយក្នុងចិត្ត ជាពិសេសពពួកប្រែតនឹងជេរដាក់បណ្ដាសាដល់សាច់ញាតិ កូនចៅជាមិនខាន។
នៅក្នុងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ក៏មានការបោះបាយបិណ្ឌនៅវេលាព្រឹកព្រលឹម ម៉ោង៤ទៀបភ្លឺ ដែលមានជំនឿថា ដើម្បីឧទ្ទិសកុសលឱ្យទៅញាតិសណ្ដាន សាច់សាលោហិត ដែលបានចែកឋានទៅបរលោក និងវិញ្ញាណទាំងឡាយណា ដែលគ្មានសាច់ញាតិផងដែរ។
សូមបញ្ជាក់ថា បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ មានរយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃ០១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ជាពិធីបុណ្យមួយសម្រាប់ឧទ្ទិសកុសលផលបុណ្យ ដល់បុព្វការីជនដែលបានស្លាប់ទៅហើយ៕