(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាបន្ថែម ជូនដល់មន្ត្រីរាជការក្រសួងមហាផ្ទៃ ក្នុងរចនាសម្ព័ន្ធសាលាខេត្តពោធិ៍សាត់ នាឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២២។
ពិធីនេះប្រារព្ធធ្វើនៅសាលប្រជុំសាលាខេត្ត ដោយបានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ត្រីរាជការទីចាត់ការ-អង្គភាព ចំណុះសាលាខេត្ត សរុប១៦១នាក់ ស្រី៦៥នាក់។
មានប្រសាសន៍សំណេះសំណាល នាឱកាសនោះ ឯកឧត្តម ជាវ តាយ សូមកោតសរសើរចំពោះបងប្អូនមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ដែលកន្លងមកបានរួបរួមសាមគ្គីគ្នា ខិតខំបំពេញអស់សមត្ថភាព ជំនាញនីមួយៗ ដើម្បីបំពេញការងារជូនរដ្ឋបាលខេត្ត រហូតសម្រេចបានលទ្ធផលគួរជាទីគាប់ប្រសើរ ទោះបីនៅមានបញ្ហាប្រឈមមួយចំនួន ដែលនៅសេសសល់ក៏ដោយ ក៏យើងនឹងរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងអស់នោះ ពីច្រើនមកតិច និងពីតិចទៅគ្មាន។
ឯកឧត្តម សូមស្នើដល់មន្ត្រីរាជការទាំងអស់នៅក្នុងសាលាខេត្ត សូមខិតខំបំពេញការងារ និងម្ចាស់ការទទួលខុសត្រូវ លើកិច្ចការដែលថ្នាក់ដឹកនាំបានប្រគល់ជូន ឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ជាពិសេសត្រូវខិតខំធ្វើការអភិវឌ្ឍន៍សមត្ថភាព បំពេញការងាររបស់ខ្លួនម្នាក់ៗ ឱ្យស្របតាមសម័យបច្ចេកវិទ្យាព័ត៌មាន ទាន់សម័យនាពេលបច្ចុប្បន្ន។ ជាមួយគ្នានោះ សូមស្នើឱ្យមន្ត្រីយើងម្នាក់ៗ ខិតខំព្យាយាមរៀនសូត្រពីរៀមច្បងដែលមានពិសោធន៍ការងារចាស់ទុំ ហើយក៏សំណូមពរដល់ថ្នាក់ដឹកនាំនៅតាមទីចាត់ការ-អង្គភាពនីមួយៗ សូមផ្ដល់ និងចែករំលែកចំណេះដឹង និងបទពិសោធន៍ការងារល្អៗ ឬក៏អាចនិយាយបានថា «អ្នកចេះបង្រៀនអ្នកមិនចេះ ហើយអ្នកមិនចេះ ត្រូវប្រឹងក្រេបជញ្ជក់ចំណេះដឹងពីអ្នកចេះ»។
ឯកឧត្តម ក៏សូមជូនពរដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ សូមមានសុខភាពល្អ បរិបូរណ៌ សុភមង្គលគ្រប់ក្រុមគ្រួសារ សម្រេចបានជោគជ័យគ្រប់ភារកិច្ច ពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ សូមធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព គោរពច្បាប់ចរាចរណ៍ និងចូលរួមការពារកុំឱ្យឆ្លងរាលដាលជំងឺកូវីដ១៩ គ្រប់ៗគ្នា។
ដើម្បីជាការតបស្នង ចំពោះការខិតខំបំពេញការងារកន្លងមក ក៏ដូចជាដើម្បីអបអរសាទរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នៅក្នុងឆ្នាំ២០២២នេះ ក្រៅពីប្រាក់បៀវត្សប្រចាំខែ និងប្រាក់ឧបត្ថម្ភ របស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្ត ក៏បានផ្តល់គ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភបន្ថែម ដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីក្របខណ្ឌ មន្ត្រីកិច្ចសន្យា បុគ្គលិកហាត់ការ និងនគរបាលប្រចាំការក្នុងសាលាខេត្ត ដែលគិតជាទឹកប្រាក់សរុប ៧៦,២០០,០០០រៀល៕
Ti Amo (ពស)