(ពោធិ៍សាត់)៖ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ ដោយបានការយកចិត្តទុកដាក់ ពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋនោះ, ឯកឧត្តម កែវ រតនៈ ប្រធានកិត្តិយសសាខា និងឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានចាត់ឱ្យក្រុមប្រតិបត្តិសាខា និងដោយមានការអញ្ជើញចូលរួមពី អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងពោធិ៍សាត់ និងអាជ្ញាធរមូលដ្ឋាន បាននាំយកអំណាយមនុស្សធម៌ ទៅប្រគល់ជូនគ្រូសាររងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន០៣គ្រួសារ និងគ្រួសារសពកុមារា វណ្ណ រក្សា អាយុ០៤ឆ្នាំ ដែលរងគ្រោះស្លាប់ដោយលង់ទឹក ស្ថិតក្នុងភូមិលាវ សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ថ្លែងក្នុងឱកាសនោះ លោក វ៉ាន់ ហ៊ាង នាយកប្រតិបត្តិសាខា បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមប្រធានកិត្តិយសសាខា និងឯកឧត្តមប្រធានគណ:កម្មាធិការសាខា ដោយសម្តែងនូវការសោកស្តាយ ចំពោះការខូចខាតទ្រព្យសម្បត្តិ ផ្ទះសម្បែង និងសូមចូលរួមរំលែកទុក្ខគ្រួសារសព ដែលបានបាត់បង់កូនប្រុសជាទីស្រឡាញ់ដែលបណ្តាលមកពីលង់ទឹក និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
លោកបានលើកឡើងថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់គិតគូរព្រួយបារម្ម ចំពោះប្រជាពលរដ្ឋជួបការលំបាក ខ្វះខាត និងងាយរងគ្រោះគ្រប់ទីកន្លែង ដោយមិនបានប្រកាន់ ឬរើសអើងអំពីនិន្នាការនយោបាយ បក្សពួក ជាតិសាសន៍ វណ្ណៈអ្វីឡើយ ពោលគឺឱ្យតែរងគ្រោះ ត្រូវតែទទួលបានការជួយឧបត្ថម្ភដូចៗគ្នា តាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
លោកនាយកប្រតិបត្តិសាខា ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្ននៅពេលភ្លៀង ផ្គរ រន្ទះ ខ្យល់ព្យុះ ត្រូវទៅរកទីកន្លែងមានសុវត្ថិភាព និងសូមស្នើដល់ឪពុកម្តាយ ដែលមានកូនតូចៗ ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះថារដូវនេះជារដូវទឹកទ្បើង។
អំណោយដែលត្រូវប្រគល់ជូន គ្រួសារខ្យល់កន្រ្តាក់ ចំនួន០៣គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ និងថវិកា៤០ម៉ឺនរៀល, ដោយទ្បែក គ្រួសាររងគ្រោះស្រាល មួយគ្រួសារ ទទួលបានសារុង១ និងថវិកា១០ម៉ឺនរៀល។ សម្រាប់គ្រួសារសពកុមារាលង់ទឹកស្លាប់ ទទួលបាន៖ អង្ករ៥០គីឡូក្រាម ទឹកក្រូច២កេស ទឹកសុទ្ធ២កេស និងថវិកា២០ម៉ឺនរៀល៕
Ti Amo (ពស)