(ពោធិ៍សាត់)៖ បន្ទាប់ពីបញ្ចប់ការចុះត្រួតពិនិត្យដោយផ្ទាល់លើស្ថានភាពប៉ះពាល់ ផលដំណាំដោយសារជំនន់ទឹកភ្លៀងនៅក្នុងខេត្តកំពង់ធំ សៀមរាប និងបន្ទាយមានជ័យហើយនោះ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបន្តដំណើរទៅកាន់ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យដោយផ្ទាល់ពីផលប៉ះពាល់ និងការលិចលង់ផលដំណាំរបស់ប្រជាពលរដ្ឋ។
ក្នុងនាមជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រតិបត្តិករលើសមរភូមិគ្រោះមហន្តរាយ លោកទេសរដ្ឋមន្ត្រី គន់ គីម តែងតែបានចុះផ្ទាល់ និងដល់កន្លែងរងគ្រោះ។ សម្រាប់លោកទេសរដ្ឋមន្ត្រី មានតែការចុះផ្ទាល់ប៉ុណ្ណោះ ដែលធ្វើឱ្យរូបលោកទទួលបានរបាយការណ៍ពិត និងវាយតម្លៃបានត្រឹមត្រូវលើផលប៉ះពាល់ ដើម្បីដោះស្រាយបញ្ហាបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ក្នុងដំណើរពិនិត្យស្ថានភាពលិចលង់នៅក្នុងខេត្តពោធិ៍សាត់នេះ លោកបានធ្វើដំណើរទៅដល់វាលស្រែរបស់ប្រជាពលរដ្ឋ ដែលបានជន់លិច និងពិនិត្យពីស្ថានភាពស្រូវប្រឈមនឹងការរលួយ ឬយ៉ាងណានោះ?
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាស្ថាប័នសម្របសម្រួល ដែលមានសម្តេចតេជោជាប្រធាន ក្នុងឱកាសចុះពិនិត្យនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានស្នើក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ បន្តចុះសិក្សាវាយតម្លៃពីផលប៉ះពាល់ ការខូចខាត និងរៀបចំផែនការស្តារឡើងវិញតាមវិស័យរៀងៗខ្លួន ហើយឱ្យបានទាន់ពេលវេលា។
លោកទេសរដ្ឋមន្ត្រី ក៏បានរំលឹកបទបញ្ជាសម្តេចតេជោ ពាក់ព័ន្ធការបញ្ចេញស្រូវពូជ និងផលដំណាំនានា ហើយធ្វើកិច្ចអន្តរាគមន៍ជួយពលរដ្ឋជាបន្ទាន់លើការងារ ពាក់ព័ន្ធការស្តារលទ្ធកម្មដាំដុះឡើងវិញក្រោយពេលទឹកស្រក។ ក្នុងន័យនេះលោកទេសរដ្ឋមន្ត្រី បានរំលឹកបន្ថែមដល់អាជ្ញាធរខេត្ត ត្រៀមលក្ខណៈសម្បត្តិជួយអន្តរាគមន៍ការដាំដុះឡើងវិញរបស់ប្រជាពលរដ្ឋ។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះ គឺជាកិច្ចការមួយដែលសម្តេចតេជោ ហ៊ុន សែន លោកបានយកចិត្តទុកដាក់ខ្ពស់ណាស់។ មកដល់ពេលនេះយើងបានត្រៀមខ្លួនរួចរាល់ ព្រមទាំងបានបង្កើន និងហ្វឹកហ្វឺនកងកម្លាំងសង្គ្រោះនៅគ្រប់អង្គភាពទ័ព ហើយយើងបានបំពាក់សម្ភារ និងបរិក្ខាសង្គ្រោះគ្រប់គ្រាន់សម្រាប់ពួកគេប្រតិបត្តិការពេលមានគ្រោះទឹកជំនន់ ឬគ្រោះអាសន្ននានាកើតឡើង»។
បើទោះបីជាយ៉ាងណាលោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ ដែលធ្វើសកម្មភាពជួយសង្គ្រោះប្រជាពលរដ្ឋយ៉ាងសស្រាក់សស្រាំជាទីបំផុត។
របាយការណ៍លេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តពោធិ៍សាត់ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៩ ខែតុលានេះ មានស្រុកចំនួន៧ ដែលប៉ះពាល់ ក្នុងនោះមានដំណាំស្រូវ ប៉ះពាល់ ១១,៩២៦ហិកតា ស្មើនឹង ១,៣០៣គ្រួសារ ,ដំណាំស្រូវខូចខាត មាន ៤,០០០ហិកតា ក្នុងនោះស្រុកកណ្ដៀង ប៉ះពាល់ធ្ងន់ធ្ងរជាងគេ៕