(ពោធិ៍សាត់)៖ នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក ឡាយ វិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ និងលោក គិត ផល អនុប្រធានមន្ទីរធនធានទឹកខេត្ត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ត្រីជំនាញមួយចំនួនទៀត បានចុះត្រួតពិនិត្យមើលការងារបង្កបង្កើនផលស្រូវស្តារឡើងវិញ របស់ប្រជាកសិករឃុំស្រែស្តុក ស្រុកកណ្តៀង ក្រោយទទួលបានស្រូវពូជ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ខណៈដែរថ្មីៗនេះធ្លាប់បានទទួលរងគ្រោះដោយទឹកជំនន់។
ក្នុងដំណើរមុនចុះពិនិត្យមើលការងារបង្កបង្កើនផលស្រូវស្តារឡើងវិញនាឱកាសនោះ លោក ឡាយ វិសិដ្ឋ ក៏បានដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយមន្ទីរជំនាញ អាជ្ញាធរស្រុក ក្រុមប្រឹក្សាឃុំ និងមេភូមិដែលមានការពាក់ព័ន្ធ ទាក់ទងនឹងបច្ចេកទេសប្រើប្រាស់ស្រូវពូជ និងបញ្ហាចំពោះមុខយើងនាពេលនេះ គឺនៅពេលទឹកស្រកវិញ អាជ្ញាធរ រួមទាំងប្រជាកសិករ ត្រូវរួមគ្នាទប់រក្សាទឹកទុក តាមប្រឡាយមេ ប្រឡាយរង ស្រះ ឬស្រែឱ្យនៅគង់វង្ស ដើម្បីមានលទ្ធភាពស្តារឡើងវិញ ជៀសវៀងមានស្រូវពូជហើយខ្វះខាតទឹក។
សូមជម្រាបជូនថា នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញប្រគល់ស្រូវពូជប្រមាណ ៥១៤,៥០០គីឡូក្រាម ជូនកសិករប្រមាណ ៥,១៤៥គ្រួសារ ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ ក្នុងខេត្តពោធិ៍សាត់។ ទឹកជំនន់បានបង្កឱ្យប៉ះពាល់ដល់ភូមិសាស្រ្ត ៧ក្រុង/ស្រុក, ប៉ះពាល់ប្រជាពលរដ្ឋសរុបចំនួន ១៣,៧៧៥គ្រួសារ ស្មើនឹងចំនួន ៦,៧០៩ខ្នងផ្ទះ និងបង្កឱ្យប៉ះពាល់ដំណាំស្រូវចំនួន ១៩,៥៩៦ហិកតា ខូចខាតស្រូវចំនួន ៩,៣២១ហិកតា។ ក្នុងនោះផ្ទៃដីអាចស្តារឡើងវិញបានចំនួន ៦,៦៦៨ហិកតា, ប៉ះពាល់ដំណាំកសិ-ឧស្សាហកម្មចំនួន ៣,០៤៧ហិកតា និងដំណាំរួមផ្សំចំនួន ៣,២០៩ហិកតា។ ទន្ទឹមនឹងការជន់លិចនេះ អាជ្ញាធរ និងកម្លាំងប្រដាប់អាវុធខេត្ត បានយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ និងដោះស្រាយការលំបាកផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងកំឡុងពេលទឹកលិចនេះផងដែរ។
បើតាមការធ្វើបច្ចុប្បន្នភាព របស់មន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ទាក់ទងនឹងការស្តារឡើងវិញ បន្ទាប់ពីទទួលបានគ្រាប់ពូជស្រូវពី បសបក ក្នុងខេត្ត គិតត្រឹមថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គ្រួសារដែលបានស្តារ មានចំនួន៩៤១គ្រួសារ គិតជាភាគរយស្មើនឹង ១៨% និងផ្ទៃដីដែលបានស្តារ មានចំនួន១,១០៥ហិកតា គិតជាភាគរយស្មើនឹង ១៦,៥៧% ដោយឡែកផ្ទៃដីដែលនៅសេសសល់ មិនទាន់បានព្រួសស្តារឡើងវិញនោះ គឺដោយសារតែទឹកក្នុងស្រែមិនទាន់ស្រក៕
Ti Amo (ពស)