(ពោធិ៍សាត់)៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ការកំណត់ទស្សនវិស័យច្បាស់លាស់ ដើម្បីអភិវឌ្ឍន៍ភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺជាកត្តាចាំបាច់ ប្រកបដោយប្រសិទ្ធភាព។
ការគូសបញ្ជាក់បែបនេះរបស់ឯកឧត្តម សាយ សំអាល់ បានធ្វើឡើងនាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាការគ្រប់គ្រងប្រើប្រាស់ដីធ្លី ក្នុងតំបន់ការពារធម្មជាតិ និងរបៀងជីវៈចម្រុះ ភូមិសាស្ត្រខេត្តពោធិ៍សាត់ និងមានការអញ្ជើញ ចូលរួមពីឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោកអភិបាលរងខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ថ្នាក់ដឹកនាំនៃក្រសួងបរិស្ថាន មន្ត្រីឧទ្យានុរក្ស និងមន្ទីរពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូបទៀត។
នាកាសនោះឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានអបអរសាទរចំពោះឯកឧត្តម ខូយ រីដា ដែលត្រូវបានប្រមុខរាជរដ្ឋាភិបាល ផ្តល់សេចក្តីទុកចិត្តតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ក៏ដូចជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត។ ដោយឡែក ក្រសួងបរិស្ថាន បានត្រៀមលក្ខណៈជានិច្ចដើម្បី សហការធ្វើការជាមួយថ្នាក់ខេត្ត ស្រុក ឃុំទាំងអស់ ទាក់ទិននឹងវិស័យបរិស្ថាន។
ជាងនេះទៅទៀត ក្រៅពីវិស័យបរិស្ថាន មន្ទីរបរិស្ថានដែលជាសេនាធិការ ក៏ដូចជាមន្ត្រីឧទ្យានុរក្ស បានត្រៀមជាមួយខេត្ត ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ចូលរួមសហការធ្វើការងារផ្សេងៗគ្រប់កាលៈទេសៈ ដូចជា៖ ការងារគ្រោះមហន្តរាយ ការទប់ស្កាត់ការរីករាតត្បាតនៃជំងឺកូវីដ១៩ ជាដើម។
ឯកឧត្តម សាយ សំអាល់ បានឱ្យដឹងថា កិច្ចប្រជុំនៅសាលាស្រុកវាលវែងនៅថ្ងៃនេះ គឺដើម្បីពិនិត្យមើលរបៀបវារៈទី៣ ទាក់ទិនទៅនឹងវិស័យបរិស្ថាន ជាពិសេសយកឱកាសនេះ ដើម្បីផ្សព្វផ្សាយការងារឱ្យបានជ្រួតជ្រាបដល់មូលដ្ឋាន ក៏ដូចជាមន្ត្រីដែលកំពុងអនុវត្តការងារនៅមូលដ្ឋានតែម្តង។ ឯកឧត្តមបានលើកឡើងនូវទិដ្ឋភាពរួម ដើម្បីជាធាតុចូល ក៏ដូចជាមូលដ្ឋានទាក់ទិននឹងការងារវិស័យបរិស្ថាន និងការងារអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។
បន្ថែមពីនេះឯកឧត្តម សាយ សំអាល់ បានឱ្យដឹងថា ការកំណត់នូវទស្សនវិស័យច្បាស់លាស់ ដើម្បីអភិវឌ្ឍន៍ភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺជាកត្តាចាំបាច់ ប្រកបដោយប្រសិទ្ធភាព។
ជាមួយគ្នានេះ ឯកឧត្តមបានចែករំលែកនូវបទពិសោធន៍ ក៏ដូចជាអនុសាន៍ដល់អង្គប្រជុំនូវចំណុចសំខាន់ៗមួយចំនួនរួមមាន ការកំណត់ព្រំឱ្យច្បាស់លាស់ការចុះបញ្ជីដីសាធារណៈរបស់រដ្ឋ និងឯកជន ការកំណត់ជាយុទ្ធសាស្ត្រកន្លែងកសិកម្ម ទេសចរណ៍ និងការគ្រប់គ្រងសំរាម សំណល់រឹង-រាវ ជាដើម៕
Ti Amo (ពស)