រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ក្រុមគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ចុះពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់

  • 294
  • ដោយ Admin

(ពោធិ៍សាត់)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់សហភាពសហព័ន្ធយុវជនកម្ពុជា ចំនួន១៤៥នាក់ ដែលដឹកនាំដោយឯកឧត្តម ​ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២នេះ បានចុះពិនិត្យ និងព្យាបាលសុខភាព ជូនប្រជាពលរដ្ឋក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយឥតគិតថ្លៃ។

ពិធីនេះ ត្រូវបានធ្វើឡើងនៅបរិវេណវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ដោយបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម​ ទី ថានី អនុប្រធានទី១ អាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកវាលវែង។

ឯកឧត្តម ទី ថានី និងឯកឧត្តម ខូយ រីដា បានសម្តែងសេចក្តីសោមនស្ស និងស្វាគមន៍ ចំពោះគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម ​ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ​ដែលបានចុះមកពិនត្យ និងព្យាបាលសុខភាព ជូនប្រជាពលរដ្ឋក្នុងស្រុកវាលវែង ដោយឥតគិតថ្លៃ គឺជាសកម្មភាពមនុស្សធម៌ពិតជាមានសារៈសំខាន់ណាស់ ចំពោះប្រជាពលរដ្ឋដែលមានបញ្ហាសុខភាព រស់នៅក្នុងតំបន់នេះ។ នេះគឺជាការយកចិត្តទុកដាក់ ពីសំណាក់ពីឯកឧត្តម ហ៊ុន ម៉ានី ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះប្រជាពលរដ្ឋរស់នៅជនបទ ចុងកាត់មាត់ញក ដែលមានបញ្ហាផ្នែកសុខភាព ដើម្បីជួយសម្រាលការលំបាក និងមិនចំណាយថវិកាទៅលើការព្យាបាល នៅតាមមន្ទីរពេទ្យនានា។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះមកផ្តល់សេវាពិគ្រោះ ពិនិត្យ និងព្យាបាលសុខភាពជំងឺ រហូតទៅដល់១៤មុខ ដូចជាជំងឺទូទៅ ជំងឺបេះដូង ជំងឺសរសៃឈាម ជំងឺមនុស្សចាស់ ជំងឺត្រចៀក ច្រមុះ បំពង់ក ធ្មេញ មាត់ ភ្នែក សើស្បែក វះកាត់តូច រោគសន្លាក់ ជំងឺកុមារ រោគស្ត្រី ពិនិត្យផ្ទៃពោះ ពិនិត្យអេកូសាស្ត្រ ជំងឺតម្រងនោម និងជំងឺផ្សេងៗ ព្រមទាំងអប់រំសុខភាព ក្នុងគោលបំណងឱ្យប្រជាពលរដ្ឋ កាន់តែមានសុខភាពល្អ។ ទាំងនេះក៏ទាមទាប្រជាពលរដ្ឋ សូមបន្តរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន ទៅតាមពាក្យស្លោកថា «រស់នៅស្អាត ហូបស្អាត និងផឹកស្អាត» ដើម្បីអាចចាកផុត ពីការយាយីនៃជំងឺរាគរូស ផ្តាសាយ គ្រុនពោះវៀន របេង គ្រុនចាញ់ និងជំងឺរលាកថ្លើម។

ឯកឧត្តម ហេង សុខគង់ បានលើកឡើងថា នេះមិនមែនលើកទី១នោះទេ ជានិច្ចកាល ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសហភាពសហព័ន្ធយុវជនកម្ពុជា បានចុះពិនិត្យ និងព្យាបាលសុខភាព ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ គ្រប់ទីកន្លែង មិនប្រកាន់អំពីនិន្នាការអ្វីឡើយ ដូចជានៅក្នុងអំឡុងវិបត្តិកូវីដ១៩ គឺជាសក្ខីភាពស្រាប់។ សម្រាប់សកម្មភាពមនុស្សធម៌ របស់ក្រុមគ្រូពេទ្យមកពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងស្រុកវាលវែង មានរហូតទៅដល់១៤ផ្នែក បើជំងឺមិនអាចព្យាលបាន នឹងបញ្ជូនទៅព្យាបាលនៅភ្នំពេញ ដោយមិនអស់ថវិកាឡើយ ជាលទ្ធផលឃើញថា ប្រជាពលរដ្ឋដែលមានបញ្ហាសុខភាព បានពិនិត្យ ពិគ្រោះ និងព្យាបាល មានចំនួន៨៤៥នាក់។

សូមបញ្ជាក់ថា ស្រុកវាលវែង មាន៥ឃុំ ២០ភូមិ និងឧបសម្ព័ន្ធ២៣ភូមិ ប្រជាពលរដ្ឋ មានចំនួន៣៥,៦២០នាក់ ស្មើនឹង៨,៧៥១គ្រួសារ មានមណ្ឌលសុខភាពចំនួន៥ ប្រជាពលរដ្ឋចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្នុងដូសទី១ ចំនួន៣៥,៣១៩នាក់ ដូសទី២ ចំនួន៣៣,៦៥៣នាក់ ដូសទី៣ ចំនួន២៥,៨២៦នាក់ ដូសទី៤ ចំនួន១០,៩៥៨នាក់ និងដូសទី៥ ចំនួន១,៧៣២នាក់៕

អត្ថបទទាក់ទង