រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ ណែនាំដល់ប្រធានមន្ទីរធនធានទឹក ត្រូវគ្រប់គ្រង និងផ្តល់លទ្ធភាពបើកទឹកឱ្យបានគ្រប់គ្រាន់ ជូនពលរដ្ឋឱ្យបង្កបង្កើនផលបានចប់សព្វគ្រប់ ក្រោយទទួលបានស្រូវពូជ (OM) ពីសម្តេចតេជោ

  • 198
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរជំនាញ ពិសេសមន្ទីរធានធានទឹកខេត្ត ត្រូវគ្រប់គ្រង និងផ្តល់លទ្ធភាពបើកទឹកឱ្យបានគ្រប់គ្រាន់ ជូនប្រជាពលរដ្ឋបង្កបង្កើនផលស្រូវស្តារឡើងវិញ ឱ្យបានចប់សព្វគ្រប់ ក្រោយពីទទួលបានស្រូវពូជ (OM) ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ខណៈដែលកន្លងទៅធ្លាប់បានលិចលង់ខូចខាត ដោយសារទឹកជំនន់។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងបែបនេះ ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាព នៃការដាំដុះដំណាំស្រូវស្តារឡើងវិញ របស់ប្រជាកសិករភូមិរបោះរាំង ឃុំអូរតាប៉ោង, ភូមិកោះខ្ជាយ និងភូមិព្នៅ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងប្រជាកសិករយ៉ាងច្រើនកុះករ។

ឯកឧត្តម ខូយ រីដា បានថ្លែងថា ការចុះមកនាពេលនេះ គឺដើម្បីចង់ដឹងពីសុខទុក្ខ មុខរបរ និងជីវភាពរស់នៅ ការខ្វះខាតនៅតាមមូលដ្ឋាន ពិសេសការស្ដារឡើងវិញនូវស្រូវពូជ ដែលសម្ដេចតេជោផ្ដល់ជូននេះ បានដល់កម្រិតណាហើយ។ ក្រោយការតែងតាំង ជាអភិបាលខេត្តពោធិ៍សាត់ថ្មី បានរយៈពេលជាង១ខែមកនេះ ឯកឧត្តមប្តេជ្ញាដឹកនាំ គ្រប់គ្រង និងបម្រើប្រជាពលរដ្ឋ នៅទូទាំងខេត្តពោធិ៍សាត់ឱ្យអស់លទ្ធភាព ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ជាក់ស្តែងដូចជាការងារបង្កបង្កើនផលស្រូវស្តារឡើងវិញនាឱកាសនេះ គឺមិនឱ្យប្រជាពលរដ្ឋខ្វះខាតទឹកនោះដែរ។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងទៀតថា រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានខិតខំខ្លាំងណាស់ ក្នុងការរកសេចក្ដីសុខជូនប្រជាពលរដ្ឋ រក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។ នៅពេលប្រទេសជាតិជួបវិបត្តិជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានរកវ៉ាក់សាំងចាក់ជូន និងផ្ដល់ប័ណ្ណសមធម៌ សម្រាប់អ្នកទីទ័លក្រគ្មានទីពឹង ហើយនៅពេលជួបគ្រោះទឹកជំនន់ រាជរដ្ឋាភិបាលបានចាត់កម្លាំងជួយអន្តរាគមន៍គ្រប់ទីកន្លែង ក្នុងការជួយសង្គ្រោះអាយុជីវិត ផ្ដល់ស្បៀង និងចែកស្រូវពូជដល់បងប្អូនយើង សម្រាប់ធ្វើការស្ដារឡើងវិញ។

ឯកឧត្តមបានកោតសរសើរបងប្អូនប្រជាកសិករ ក្នុងឃុំអូរតាប៉ោង និងឃុំរំលេច ស្រុកបាកាន ដែលបានខិតខំបង្កបង្កើនផល ដោយការយកចិត្តទុកដាក់ខ្ពស់ ស្របតាមគោលបំណងរបស់រាជរដ្ឋាភិបាល ដែលបានផ្ដល់ស្រូវពូជ (OM) ជូន។ ស្រូវពូជរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី ពិតជាមានគុណភាពល្អ សម្រាប់ធ្វើការដាំដុះស្ដារឡើងវិញ ដែលមួយហិកតាអាចនឹងទទួលបានទិន្នផល ពី០៥ទៅ០៨តោន ដើម្បីដោះស្រាយជីវភាពគ្រួសារយើង។

ឯកឧត្តម ខូយ រីដា សូមឱ្យបងប្អូនប្រជាពលរដ្ឋ ខិតខំថែទាំស្រូវឱ្យបានល្អ និងទទួលបានទិន្នផលខ្ពស់ លក់បានថ្លៃ «តែបើពូជស្រូវល្អ ការថែទាំមិនល្អ មិនគ្រប់ទឹក យើងក៏មានអាចលក់បានថ្លៃបានដែរ»។ បន្ថែមពីនោះបងប្អូនត្រូវខិតខំដាំដំណាំ ចិញ្ចឹមសត្វ អប់រំកូនចៅឱ្យបានរៀនសូត្រ ព្រមទាំងត្រៀមលក្ខណៈទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។

សូមជម្រាបជូនថា ផ្ទៃដីស្តារឡើងវិញ នៅទូទាំងស្រុកបាកាន មាន៣,៦០៣ហិកតា ស្មើនឹង២,០៧០គ្រួសារ និងកសិករទទួលស្រូវពូជបាន ២០៧តោន (ក្នុងនោះមាន ៥ឃុំ)។ សម្រាប់ឃុំអូរតាប៉ោង​ ស្រុកបាកាន​ ទទួលរងប៉ះពាល់ ចំនួន​១៥ភូមិ​ ស្មើនឹង​៨២៥គ្រួសារ​ បានស្តារឡើងវិញ​ លើផ្ទៃដី​ចំនួន១,៣២១ហិកតា។ ក្នុងនោះភូមិរបោះរាំង​ ឃុំអូរតាប៉ោង​ បានទទួលស្រូវពូជ​ ៦តោន ៨០០គីឡូក្រាម ស្មើនឹង ចំនួន​៦៨គ្រួសារ​ ស្តារឡើងវិញលើផ្ទៃដី​៨២ហិកតា។ 

សម្រាប់ឃុំរំលេច​ ស្រុកបាកាន​ ទទួលរងប៉ះពាល់ ចំនួន​៧ភូមិ​ ស្មើនឹង​៥៦៦គ្រួសារ​ បានស្តារឡើងវិញ​ លើផ្ទៃដី​ចំនួន៩៣៨ហិកតា។ ក្នុងនោះភូមិកោះខ្ជាយ​ ឃុំរំលេច បានទទួលស្រូវពូជ​ ៤តោន ៥០០គីឡូក្រាម ស្មើនឹង ចំនួន​៤៥គ្រួសារ​ ស្តារឡើងវិញលើផ្ទៃដី​៥៧ហិកតា និងភូមិព្នៅ​ ឃុំរំលេច បានទទួលស្រូវពូជ​ ១០តោន ស្មើនឹង ចំនួន​១០០គ្រួសារ​ ស្តារឡើងវិញលើផ្ទៃដី​៣០០ហិកតា។ ចំពោះការស្តារឡើងវិញ សរុបទូទាំងខេត្ត គឺសម្រេចបាន១០០%៕ 

អត្ថបទទាក់ទង