រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ ចុះជួបសំណេះសំណាល និងនាំយកអំណោយរបស់សម្ដេចតេជោ ចែកជូនដល់កងកម្លាំងជួរមុខ នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងស្រុកវាលវែង

  • 218
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មកចែកជូនកងកម្លាំងសមត្ថកិច្ច ដែលឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងឃុំថ្មដា ស្រុកវាលវែង នាឱកាសអបអរសាទរបុណ្យឆ្លងឆ្នាំសកល២០២២ ឈានចូលឆ្នាំ២០២៣ ដែលក្នុងនោះរួមមាន «កងកម្លាំងអនុសេនាធំលេខ១, កងកម្លាំងវរៈការពារព្រំដែនលេខ៥០១, កងកម្លាំងវរៈសេនាតូចលេខ១ និងកងកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨២៥»។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមទាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់គិតគូរជានិច្ច ដល់សុខទុក្ខរបស់កងកម្លាំងយោធា និងកងកម្លាំងនគរបាល ដែលកំពុងឈរជើងការពារព្រំដែន (សមរភូមិមុខ) និងសម្តែងការកោតសរសើរ រាល់ការពុះពារការលំបាក ខិតខំបំពេញភារកិច្ចរបស់កងម្លាំង ក្នុងកិច្ចការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ចូលរួមកសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការជាមួយប្រទេសជិតខាង ជាមិត្តភូមិផងរបងជាមួយបានល្អប្រសើរ។ បន្ថែមពីនោះឯកឧត្តមបានលើកទឹកចិត្ត ដល់បងប្អូនកងកម្លាំងទាំងអស់ឱ្យបន្តកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង និងមិនត្រូវធ្វើកិច្ចការងារណាមួយ ដែលធ្វើឱ្យរាំងស្ទះដល់កិច្ចដំណើរការបើកច្រកព្រំដែនមួយនេះ ទៅជាច្រកអន្តរជាតិនោះឡើយ។

ឯកឧត្តមបានឱ្យដឹងថា បើទោះបីជាឯកឧត្តមទើបនឹងចូលកាន់មុខតំណែង ជាអភិបាលគ្រប់គ្រង និងដឹកនាំខេត្ត បានរយៈពេលជាង១ខែមកនេះ ឯកឧត្តមបានចាប់អារម្មណ៍នឹងគិតគូរខ្ពស់ពីសុខទុក្ខ និងបានផ្សារភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិក្រោយ ស្របតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈការចុះសាកសួរសុខទុក្ខ និងនាំយកអំណាយទៅប្រគល់ ជូនបងប្អូនកងកម្លាំងយោធា និងកងកម្លាំងនគរបាល ដែលកំពុងឈរជើងការពារខ្សែបន្ទាប់ព្រំដែន ជាក់ស្តែងដូចជា កងកម្លាំងអនុសេនាធំលេខ១, កងកម្លាំងវរៈការពារព្រំដែនលេខ៥០១, កងកម្លាំងវរៈសេនាតូចលេខ១ និងកងកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨២៥ ដោយមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។ ជាមួយគ្នានោះ ឯកឧត្តមនឹងខិតខំព្យាយាម រកពេលវេលាសមស្របណាមួយ ដើម្បីចុះសួរសុខទុក្ខបងប្អូនកងកម្លាំងទាំងអស់ ឱ្យបានមួយឆ្នាំ២ដង។

ឯកឧត្តមបានថ្លែងទៀតថា ដើម្បីធានាដល់ភាពរុងរឿង ថ្កុំថ្កើងរបស់ប្រទេសជាតិ និងវិបុលភាពសុខសាន្ត របស់ប្រជាជន នាពេលបច្ចុប្បន្ននេះ ក៏ដូចជាទៅថ្ងៃអនាគត គឺមានតែសុខសន្តិភាព និងស្ថិរភាព របៀបរៀបរយ ជាបុព្វហេតុដើម្បីធានា ឱ្យប្រទេសកម្ពុជាបន្តអភិវឌ្ឍន៍ទៅមុខ ដែលនេះគឺជាស្នាដៃ និងជាសមិទ្ធផលដ៏ធំធេង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ក្នុងការដឹកនាំប្រទេសជាតិ ឱ្យមានការរីកចម្រើន ជឿនលឿនជាលំដាប់។ ឯកឧត្តម ខូយ រីដា ក៏បានវាយតម្លៃខ្ពស់ដល់កងជួរមុខទាំងអស់ ដែលមានទឹកចិត្តមោះមុខ ក្នុងការការពារទឹកដី និងរាជរដ្ឋាភិបាលស្របច្បាប់ ប្រកបដោយភាពអង់អាចក្លាហាន។

អំណោយរបស់សម្តេចតេជោ ដែលត្រូវប្រគល់ជូនកងកម្លាំងជួរមុខ ចំនួន៤អង្គភាព ដោយក្នុងមួយអង្គភាពទទួលបាន អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, ប្រហុក, ត្រីងៀត, ស្រាបៀរ, អាវរងារ និងថវិកាតាមកំណត់អង្គភាពធំតូច ព្រមទាំងបានដោះស្រាយបញ្ហាប្រឈមរបស់អង្គភាពនីមួយៗ ទាក់ទងនឹងការស្នើសុំស័ង្កសី, ធុងទឹកជ័រ, ក្បឿង, បង្គោលអង់តែន, អគារសាលារៀន និងដីសម្រាប់អាស្រ័យផលផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង