(ពោធិ៍សាត់)៖ ផ្តើមចេញពីមនោសញ្ចេតនា គោរពស្រឡាញ់ដល់វីរះភាពកងទ័ព ក្នុងស្មារតីរក្សាការពារបូរណភាពទឹកដីនោះ នារសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង, ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម យឹម ពិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ របស់អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ទៅចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ១៤ ការរួមចំណែកជួយសម្រួលជីវភាពកងទ័ព និងគ្រួសារពិសេសជាអង្គភាពសម្ព័ន្ធមេត្រីភាពនឹងគ្នា។
ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណទីបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១៤ ដោយបានការចូលរួមពីលោកអភិបាលរងនៃគណៈអភិបាលខេត្ត, ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត, ក្រុមការងារអគ្គិសនីកម្ពុជា, អាជ្ញាធរស្រុក ឃុំ និងបងប្អូនកងទ័ព ប្រមាណជិត១ពាន់នាក់។
លោកឧត្តមសេនីយទោ គឹម សេងងន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១៤ ក្នុងនាមមេបញ្ជាការ មេបញ្ជាការរង និងពលទាហាន និងគ្រួសារ សូមសម្តែងក្តីសោមនស្សរីករាយ ចំពោះឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង, ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម យឹម ពិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងសហការី ដែលបានអញ្ជើញសំណេះសំណាល សួរសុខទុក្ខដល់នាយ នាយទាហានរង និងពលទាហាន ដោយបានជួយឧបត្ថម្ភ គ្រឿងឧបភោគ បរិភោគយ៉ាងច្រើនថែមទៀត។ លោកឧត្តមសេនីយទោបានថ្លែងថា ជានិច្ចកាលអគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា មិនបានភ្លេចកងទ័ព និងគ្រួសារនោះឡើយ ទោះបីជាប់ដៃមមាញឹកក្នុងការបម្រើការងារសង្គមយ៉ាងណាក៏ដោយ ក៏មិនភ្លេចលើការងារចូលរួមជួយឧបត្ថម្ភ ទាំងសម្ភារៈ ថវិកានោះឡើយ ជាក់ស្តែងនាពេលនេះ គឺជាសក្ខីភាពស្រាប់។ លោកឧត្តមសេនីយ៍ទោ គឹម សេងងន បន្តថា ដោយមានការជួយឧបត្តមគាំទ្រ ពីអគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា រួមទាំងឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការកងទ័ពជើងគោក នៃកងយុទ្ធពលខេរភូមិ បានធ្វើឱ្យអង្គភាពទ័ពឈរជើង តាមបន្ទាត់ព្រំដែនថ្មដា និងមូលដ្ឋានកងទ័ព សម្រេចកសាងបាននូវហេដ្ឋារចនាសម្ពន្ធ័យុទ្ធសាស្ត្រ តាមបន្ទាត់ព្រំដែនបានយ៉ាងរឹងមាំ ក្នុងការការពារបូរណៈភាពទឹកដី ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ទទួលបាននូវសុខសន្តិភាព ស្ថេរភាពល្អប្រសើរ និងសូមគាំទ្រចំពោះសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី ទៅថ្ងៃអនាគត់។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង បានសម្តែងនូវការកោតសរសើរដោយស្មោះអស់ពីដួងចិត្ត ចំពោះការលះបង់គ្រប់បែបយ៉ាង របស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានខិតខំ និងលះបង់គ្រប់បែបយ៉ាង ក្នុងបុព្វហេតុរក្សាការពារបូរណភាពទឹកដី និងប្រជាជន។ ឯកឧត្តមបានលើកឡើងថា ក្រៅពីជួយលើផ្នែកស្បៀងអាហារ ដល់កងទ័ព និងគ្រួសារនោះ ក៏នៅមានរួមចំណែកកសាង នូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលជាតម្រូវការចាំបាច់មិនអាចខ្វះបានក្នុងវិស័យយោធា ដូចជាអគារស្នាក់នៅ អគារធ្វើការ ប្រព័ន្ធទឹកស្អាត អគ្គិសនីជាដើម។
ស្ថិតក្នុងស្ថានភាពដែលសង្គមជាតិ ទទួលរងការប៉ះពាល់ដោយជំងឺកូវីដ១៩ សូមឱ្យកងទ័ព និងគ្រួសារ បន្តអនុវត្តវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងត្រូវនាំកូនចៅ ទៅចាក់វ៉ាក់សាំងកូវីដ១៩ ដូសជម្រុញ តាមការជូនដំណឹងរបស់រដ្ឋបាលខេត្ត។ ឯកឧត្តម ក៏បានធ្វើការក្រើនរំលឹក ដល់នាយទាហាន នាយទាហានរង និងពលទាហាន ត្រូវយកចិត្តទុកដាក់ហ្វឹកហ្វឺនរៀនសូត្រ បង្កើនសមត្ថភាពជំនាញកងទ័ព ត្រៀមជួយធ្វើអន្តរាគមន៍នៅពេលមានករណីកើតឡើងដោយយថាហេតុ និងចូលរួមការងារដាំដុះ និងចិញ្ចឹមសត្វ ត្រូវប្រកាន់ខ្ជាប់នូវគោលជំហរ ស្មោះត្រង់ចំពោះ «ជាតិ សាសនា ព្រះមហាក្សត្រ» ត្រូវមានសាមគ្គីភាព និងគាំទ្របេក្ខភាព សម្តេចតេជោហ៊ុន សែន ឱ្យបន្តជានាយករដ្ឋមន្ត្រី។
អំណោយរបស់អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ដែលត្រូវចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ១៤ រួមមាន៖ មី៥០០កេស, ប៊ីចេង១០កេសធំ, ត្រីខកំប៉ុង៥០កេស, ត្រីងៀត១០០គីឡូក្រាម, សាច់ក្រក១០០គីឡូក្រាម, ប្រហុកសាច់១០០គីឡូក្រាម, ឆៃប៉ូវផ្អែម១០០គីឡូក្រាម, ទឹកត្រី និងទឹកស៊ីអ៉ីវ៤០០យួរ និងថវិកាជូនអង្គភាពកងពលតូចលេខ១៤ ចំនួន២,៥០០ដុល្លារ សរុបជាទឹកប្រាក់ ចំនួន១២,៦២០ដុល្លារ៕
Ti Amo (ពស)