រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

សម្ដេចពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន និមន្តចូលរួមបុណ្យពុទ្ធាភិសេក ចម្រើនព្រះជន្ម និងឆ្លងចេតិយ នៅវត្តបាកាន ខេត្តពោធិ៍សាត់

  • 331
  • ដោយ Admin

(ពោធិ៍សាត់)៖ សម្ដេចពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះអគ្គាធិការងនៃអគ្គាធិការដ្ឋានពុទ្ធិកៈសិក្សាជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាមេគណរាជធានីភ្នំពេញ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ បាននិមន្តចូលរួមបុណ្យពុទ្ធាភិសេក ចម្រើនព្រះជន្ម និងឆ្លងចេតិយ នៅវត្តបាកាន ខេត្តពោធិ៍សាត់។ 

ក្នុងឱកាសនោះក៏មានការនិមន្ត និងអញ្ជើញចូលរួមពីព្រះព្រហ្មាភិរ័ត្ន កែវ កន ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះពោធិវង្សាវិមលមេគណខេត្ត ព្រះគ្រូចៅអធិកាវត្តកែវវិជ័យ និងលោក ឯម សុធា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តពោធិ៍សាត់។

ពិធីបុណ្យនេះរៀបចំឡើងដោយព្រះតេជគុណ ឡាយ កន ព្រះគ្រូចៅអធិការវត្តបាកាន រួមជាមួយបងពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនចំពោះញោមប្រុស ឡាយ កែម និងចម្រើនព្រះជន្ម ជូនចំពោះញោមស្រី ក្រឹម ភិន ដែលកំពុងរស់នៅក្នុងភូមិបាកាន ឃុំត្រពាំងជង ស្រុកបាកានសព្វថ្ងៃនេះ។

សម្ដេចពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន បានសម្ដែងធម៌ទេសនាជាហូរហែ ពិសេសព្រះអង្គមានសង្ឃដីកាផ្ដោតសំខាន់ថា ជីវិតសត្វលោកដែលផុតរលត់ទៅហើយ មិនងាយបានកើតជាមនុស្សនោះទេ អ្នកដែលកើតជាមនុស្សដោយសារបានធ្វើអំពើល្អ សាងបុណ្យ មិនប្រព្រឹត្តអំពើបាប។ ដូច្នេះយើងទាំងអស់គ្នាដែលកើតជាមនុស្សនេះ ពិតជាមានសំណាងខ្លាំងណាស់ ត្រូវចេះកាន់សិល៍ ដាក់ទាន មានចិត្តស្អាតបរិសុទ្ធ ដើម្បីសេចក្ដីសុខនិងអាយុវែង។ នៅក្រោមមេឃលើដីគ្មានអ្វីពូកែជាងមនុស្សទេ មនុស្សមានតេជៈ មានឥទ្ធិពល និងមានរិទ្ធមហិមា បើគ្មានមនុស្សធ្វើល្អទេ ទេវតាក៍គ្មាននោះដែរ។ ការធ្វើបុណ្យចម្រើនព្រះជន្ម គឺជាការតបស្នងសងគុណចំពោះអ្នកមានគុ​ណ ដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ជាកូនកាតញូ ដើម្បីជាគម្រូដល់កូនចៅជំនាន់ក្រោយ។ 

​​​សម្ដេចពុទ្ធជ័យសូមឲ្យព្រះសង្ឃគ្រប់ព្រះអង្គនិងពុទ្ធបរិស័ទទាំងអស់ ត្រូវចេះសាមគ្គីគ្នា រួមគ្នាថែរក្សាវប្បធម៌ប្រពៃណីជាតិ និងលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឲ្យថ្កុំថ្កើងរុងរឿងជានិច្ចនិរន្ត។ គោរពប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួននូវពុទ្ធឱវាទ វិន័យសង្ឃ ព្រមទាំងសិក្សាស្រាវជ្រាវ និងរៀនសូត្របន្ថែមនូវរាល់ចំណេះដឹងផ្សេងៗ ដើម្បីជាធនធានក្នុងការកសាង និងអភិវឌ្ឍវត្តឱ្យមានការរីកចម្រើន។ 

ពិធីបុណ្យបានដំណើរការទៅតាមការគ្រោងទុក ដោយមានធ្វើពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដី ពិធីដង្ហែអដ្ឋិធាតុញោមប្រុស ឡាយ កែម តម្កល់ទុកក្នុងចេតិយថ្មី, ពិធីសូត្រមន្តចម្រើនព្រះជន្មញោមស្រី ក្រឹម ភិន, ពិធីស្រោចសុគន្ធវារីដល់លោកយាយលោកតា, ការសម្ដែងធម៌ទេសនា និងពិធីអភិសេកព្រះពុទ្ធរូបជាដើម។

ក្នុងឱកាសនោះព្រះតេជគុណ ឡាយ កន ព្រះគ្រូចៅអធិការវត្តបាកាន បានធ្វើទានចែកសម្ភារៈសិក្សា និងថវិកាមួយចំនួន ដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស សាលាបឋមសិក្សា និងអនុវិទ្យាល័យបាកាន ព្រមទាំងបានជូនសារុង ក្រមា ដល់លោកយាយលោកតា និងពុទ្ធបរិស័ទ ដែលអញ្ជើញចូលរួមក្នុងពិធីបុណ្យនោះ ប្រមាណជាង១ពាន់នាក់ផងដែរ៕

អត្ថបទទាក់ទង