(ពោធិ៍សាត់)៖ អំពូលភ្លើងបំភ្លឺផ្លូវសាធារណៈឆ្លាតវៃ ប្រភេទLED និងSolar រួមទាំងភ្លើងលម្អចម្រុះព័ណ៌នៅតាមបង្គោលភ្លើង តាមដើមឈើ និងតាមសួនច្បារ ត្រូវបានរៀបចំតម្លើងរួចរាល់ នៅតាមផ្លូវសំខាន់ៗក្នុងក្រុងពោធិ៍សាត់ ដើមី្បធ្វើឱ្យទីប្រជុំជនក្រុងពោធិ៍សាត់ កាន់តែមានសោភ័ណភាពស្រស់ត្រកាលឡើង ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាកម្សាន្ត ពិសេសសម្រាប់អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពស.២៥៦៧ គស.២០២៣ ដែលនឹងខិតជិតមកដល់នាពេលប៉ុន្មានថ្ងៃខាងមុខ។
ការសម្រេចរៀបចំភ្លើងបំភ្លឺផ្លូវសាធារណៈ និងភ្លើងលម្អចម្រុះព័ណ៌ខាងលើនេះ ធ្វើឡើងបន្ទាប់ពី ឯកឧត្តម ខូយ រីដា បានបន្តចូលមកកាន់មុខតំណែងថ្មី ជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជាង៤ខែ ពោលគឺក្រោយថ្ងៃប្រកាសជាផ្លូវការ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២មកម្ល៉េះ។
បើតាមឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងថា គិតចាប់តាំងពីឯកឧត្តមបានមកចូលកាន់មុខតំណែងថ្មី ជាអភិបាលគ្រប់គ្រងខេត្តពោធិ៍សាត់ បានជាង៤ខែមកនេះ ឯកឧត្តមមានចក្ខុវិស័យ ចាប់ផ្តើមដំបូង លើការអភិវឌ្ឍន៍ភ្លើងបំភ្លឺផ្លូវសាធារណៈ គ្រប់ផ្លូវទាំងអស់ក្នុងទីប្រជុំជនក្រុងពោធិ៍សាត់ មុននឹងឈានដល់ការធ្វើឱ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសមិទ្ធផលផ្សេងៗដ៏ទៃទៀត។ ឯកឧត្តមបានបន្តថា នៅក្នុងទិវាជាតិទីក្រុងស្អាត លើកទី១១ ឆ្នាំ២០២៣ កាលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ ខេត្តពោធិ៍សាត់ ពិសេសក្រុងពោធិ៍សាត់យើង ទើបនឹងទទួលបានជ័យលាភីផ្ការំដួល២ទង ហើយយើងនឹងខិតខំបន្ថែមទៀត ដើម្បីឈានទៅសម្រេចបំណងប្រាថ្នា ផ្ការំដួល៣ទង នាពេលខាងមុខ។
ឯកឧត្តមបានបន្ថែមថា បច្ចុប្បន្នអំពូលភ្លើងបំភ្លឺផ្លូវសាធារណៈឆ្លាតវៃ ប្រភេទLED និងSolar រួមទាំងភ្លើងលម្អចម្រុះព័ណ៌ រាប់ពាន់-រាប់ម៉ឺនអំពូល ត្រូវរៀបចំតម្លើងរួចរាល់ នៅតាមបង្គោលភ្លើង តាមដើមឈើ តាមសួនច្បារ និងនៅតាមផ្លូវសំខាន់ៗក្នុងក្រុងពោធិ៍សាត់ នេះដោយសារម្លប់នៃសុខសន្តិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ឯកឧត្តមបានបន្ថែមទៀតថា ក្រុមការងារបច្ចេកទេសជំនាញ ដឹកនាំដោយ លោក ធាង ផេង នាយករងរដ្ឋបាលសាលាខេត្ត ក៏បាននឹងកំពុងបន្តរៀបចំបំពាក់អំពូលភ្លើងបំភ្លឺផ្លូវ ពង្រីកបន្ថែមទៀត ធ្វើយ៉ាងណាឱ្យទីប្រជុំជនក្រុងពោធិ៍សាត់ មានភាពទាក់ទាញ និងស្រស់បំព្រង ហើយប្រជាពលរដ្ឋក៏អាចប្រកបមុខរបររកស៊ី និងធ្វើដំណើរនាពេលយប់ក៏បាន ដោយគ្មានការភ័យខ្លាច នឹងឱ្យសាកសមជាខេត្តធុងអាគុយដែលពុំចេះរីងស្ងួត។
បងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងពោធិ៍សាត់ ក៏ដូចជាបណ្តាស្រុកដ៏ទៃទៀត ក្នុងខេត្តពោធិ៍សាត់ បានស្ញោចសរសើរមិនដាច់ពីមាត់ ចំពោះគោលគំនិតច្នៃប្រឌិត របស់ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ក្នុងការអភិវឌ្ឍន៍ភ្លើងបំភ្លឺផ្លូវ និងភ្លើងលម្អចម្រុះព័ណ៌ ហើយពួកគេបានប្តេជ្ញានឹងបន្តថែរក្សាសមិទ្ធផលទាំងនេះ ដើម្បីជាប្រយោជន៍រួម និងចូលរួមថែរក្សាតម្លៃសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន បានយកអាយុជីវិតទៅប្តូរ រហូតមានការអភិវឌ្ឍន៍រីកចម្រើនមកដល់ពីនេះ៕
Ti Amo (ពស)