(ពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ បានរៀបចំថ្វាយទាន ធូប កម្រងផ្កា សម្លៀកបំពាក់ និងគ្រឿងរន្តាប់បូជា ជូនលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ទៅតាមគន្លងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ក្នុងគោលបំណងបន់ស្រន់សុំសេចក្តីសុខ សេចក្តីចម្រើន ជូនបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពស.២៥៦៧ គស.២០២៣។
ពិធីនេះត្រូវបានធ្វើឡើង នៅបូជនីយដ្ឋានលោកឧកញ៉ា ដែលមានចម្ងាយប្រមាណ៥គីឡូម៉ែត្រ ពីទីរួមខេត្ត ក្បែងនឹងផ្លូវជាតិលេខ៥៥ ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សមាជិកាសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងមន្ត្រីអ្នកមុខអ្នកការជាច្រើនទៀត។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឯកឧត្តម ខូយ រីដា ក៏បានបួងសួងសុំឱ្យបារមីលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ តាមជួយថែរក្សាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ឱ្យបម្រើការងារជូនរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ ប្រកបដោយជោគជ័យ ប្រជាពលរដ្ឋមានមុខរបរ បង្កបង្កើនផល ទទួលបានភោគផលច្រើន និងចៀសផុតពីជំងឺដ៏កាចសាហាវផ្សេងៗ។ ម្យ៉ាងវិញទៀតសូមបារមី លោកឧកញ៉ា និងជំទាវ ពិសេសទេវតាឆ្នាំថ្មី និងបារមីរក្សាការពារ ក្នុងទឹកដីនៃខេត្តពោធិ៍សាត់ សូមតាមជួយថែរក្សាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលនាំមកនូវសន្តិភាពជូនជាតិ សូមទទួលបានជោគជ័យតទៅមុខជានិច្ចនិរន្តន៍។
សូមបញ្ជាក់ថា ភាពល្បីល្បាញ និងពូកែស័ក្កិសិទ្ធ របស់លោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ បានធ្វើឱ្យប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាប្រជាពលរដ្ឋក្នុងនឹងក្រៅប្រទេស ដែលបានធ្វើដំណើរឆ្លងកាត់ខេត្តម្តងម្កាល តែងតែចូលគោរពអុជធូបបួងសួងសុំសេចក្ដីសុខសេចក្ដីចម្រើន ពីបារមីលោកឧកញ៉ា ស្ទើរតែគ្រប់ៗគ្នា ទោះបីរូបរាងកាយរបស់លោក បានផុតរលត់ក៏ដោយ។ ដូច្នេះហើយទើបបានជារៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំខេត្ត តែងធ្វើពិធីឡើងរោង ជូនលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ មិនដែលអាក់ខាន ដើម្បីរំលឹកនូវគំរូវីរភាពដ៏អង់អាច ក្លាហាន ដល់មនុស្សជំនាន់ក្រោយផង និងសុំសេចក្ដីសុខសេចក្ដីចម្រើនផង៕
Ti Amo (ពស)