រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

រដ្ឋបាលខេត្តពោធិ៍សាត់ បើកយុទ្ធនាការធ្វើតេស្ដរកសារធាតុញៀន លើទឹកម៉ូត ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកហាត់ការ ចំនួន២០៧នាក់

  • 136
  • ដោយ Admin

(ពោធិ៍សាត់)៖ ឆ្លើយតបតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជាសេចក្តីណែនាំ របស់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំធ្វើតេស្តទឹកម៉ូត (ទឹកនោម) ស្វែងរកសារធាតុ​ញៀន ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា បុគ្គលិកហាត់ការ នៃរដ្ឋបាលខេត្តពោធិ៍សាត់ សរុបចំនួន២០៧នាក់ ដែលដឹកនាំដោយ​ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។

យុទ្ធនាការធ្វើតេស្តទឹកម៉ូត​ ស្វែងរកសារធាតុញៀន​នេះដែរ នឹងធ្វើឡើង១ថ្ងៃពេញ ដោយពេលព្រឹកចាប់ពីម៉ោង០៨ និង៣០នាទី ដល់ម៉ោង១១ និង៣០នាទី និងពេលរសៀលចាប់ពីម៉ោង ០២ និង៣០នាទី ដល់ម៉ោង ០៤ និង៣០នាទី នៅវេទិកាដោះស្រាយសេចក្តី ក្រោមការសម្របសម្រួលពីក្រុមលេខាធិការដ្ឋានត្រួតពិនិត្យរកសារធាតុញៀនខេត្ត​ ដឹកនាំដោយលោកវរសេនីយឯក ហែម មុន្នី ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ទទួលផែនការងារប្រឆាំងគ្រឿងញៀន។

គួរជម្រាបជូនថា រដ្ឋបាលខេត្តពោធិ៍សាត់ ដោយមានកិច្ចសហការ និងសម្របសម្រួល ពីស្នងការដ្ឋាននគរបាលខេត្ត ជាពិសេសស្នងការរង ទទួលផែនប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ បានរៀបចំកម្មវិធីធ្វើតេស្តរហ័សរកសារធាតុញៀន តាមទឹកមូត្រ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ លំដាប់ថ្នាក់ មន្ត្រីជាប់កិច្ចសន្យា បុគ្គលិកហាត់ការ នៃសាលាខេត្តពោធិ៍សាត់ ដែលមានសរុបចំនួន១៩១នាក់ ក្នុងនោះក្រុមប្រឹក្សាខេត្ត ២១នាក់ ស្រី០៤នាក់, មន្ត្រីរាជការរាប់ចាប់ ពីគណៈអភិបាលខេត្ត រហូតដល់មន្ត្រី មានចំនួន១១០នាក់ ស្រី៣៥នាក់, មន្ត្រីជាប់កិច្ច សន្យា មានចំនួន៥២នាក់ ស្រី៣០នាក់, បុគ្គលិកហាត់ការ មានចំនួន០៨នាក់ ស្រី០៥នាក់។ ជាមួយគ្នានេះ ប្រធាន-អនុប្រធានការិយាល័យប្រជាពលរដ្ឋ ចំនួន០២នាក់ មន្ត្រីជួរក្រោយ នៃអង្គភាពច្រកចេញ-ចូលតែមួយសាលាខេត្ត ចំនួន១៤នាក់ ស្រី០៦នាក់ ក៏ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីនេះផងដែរ សរុបរួមដែលត្រូវធ្វើតេស្ត មានចំនួន២០៧នាក់ ស្រី៨១នាក់។

កម្មវិធីដែលបានរៀបចំឡើងនៅក្នុងថ្ងៃនេះ គឺជាការចូលរួមក្នុងការអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជាសេចក្តីណែនាំ របស់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដោយមានការឯកភាព ពីឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា ក៏បានប្រគល់ថវិកាលើកទឹកចិត្ត ដល់ស្ត្រីដែលជាមន្ត្រីរាជការ និងបុគ្គលិកកិច្ចសន្យា នៃរដ្ឋបាលខេត្តពោធិ៍សាត់ ចំនួន៣រូប ដែលមានផ្ទៃពោះ ត្រៀមសម្រាលកូននាពេលខាងមុខផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង