(ពោធិ៍សាត់)៖ កាលពីថ្ងៃពុធទី៣១ ខែកក្កដា ឆ្នាំ២០១៩ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានប្រារព្ធពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្ត្រីនគរបាលជាតិ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ អនុប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងប្រតិភូអមដំណើរ, លោក ខូយ រីដា អភិបាលរងខេត្ត តំណាងខ្ពង់ខ្ពស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងបានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងស្ថាប័នតុលាការ ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មកពីបណ្តាអធិការដ្ឋាននគរបាលស្រុកក្រុងជាច្រើនរូបទៀត។
លោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលខេត្ត បានឲ្យដឹងថា មន្ត្រីនគរបាលដែលត្រូវប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង គឺចាប់ពីថ្នាក់ស្នងការរងរហូតដល់នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលនាពេលនេះមានចំនួន១៨៧នាក់ ស្រី២២នាក់ និងបំពាក់ឋានន្តរសក្តិចំនួន៣៩នាក់ ក្នុងនោះមានថ្នាក់វរសេនីយ៍ទោ០៩នាក់-វរសេនីយ៍ត្រី១៤នាក់-អនុសេនីយ៍ឯក០៤នាក់ អនុសេនីយ៍ទោ០៣នាក់ និងព្រិន្ទបាលឯក០៧នាក់ផងដែរ។ នេះជាលើកទី៣ហើយ ដែលស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ មានកិត្តិយសបានធ្វើពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្ត្រីនគរបាលជាតិ ក្នុងឆ្នាំ២០១៩នេះ។
លោក ខូយ រីដា និងលោកឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ បានមានប្រសាសន៍ថា ក្រោយពីបានស្តាប់នូវរបាយការណ៍ របស់លោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលខេត្ត រយៈពេល៦ខែដើមឆ្នាំ២០១៩ នេះគេសង្កេតឃើញថា ស្ថានភាពទូទៅ នៃការងារការពារសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សង្គម នៅក្នុងទឹកដីនៃខេត្តពោធិ៍សាត់ គឺមានសភាពល្អគួរឲ្យកត់សំគាល់។ លោក ខូយ រីដា និងលោកឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ មានប្រសាសន៍ថា ការរៀបចំពិធីប្រកាសផ្លាស់ផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់នាថ្ងៃនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្ត បានលើកទឹកចិត្ត ដល់កងកម្លាំងនគរបាលជាតិ ដែលបានខិតខំប្រឹងប្រែងសម្រេចរាល់ភារកិច្ច ការពារសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សង្គមបានល្អប្រសើរ ពិសេសក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសផ្សេងៗ បានទាន់ពេលវេលាមិនឲ្យកើតមាននៅក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន ។ ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍ថា មន្ត្រីនគរបាលត្រូវយកតួនាទី មុខតំណែងដែលទើបនឹងបានប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងថ្មី និងបំពាក់ឋានន្តរសក្តិនាពេលនេះ ត្រូវយកទៅបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ឲ្យបានស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងធ្វើការផ្សព្វផ្សាយ គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ឲ្យចំគោលដៅ ក្នុងគោលបំណងឲ្យពលរដ្ឋគ្រប់រូបមានការយល់ដឹងអំពីច្បាប់ ហើយមន្ត្រីនគរបាលត្រូវប្រកាន់ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈនគរបាលជាតិទើបពួកគាត់មានការជឿជាក់លើសមត្ថកិច្ចនគរបាលយើង៕
Ti Amo (ពស)