(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី ក្នុងវេទិកាសាធារណៈ របស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានក្រុងពោធិ៍សាត់ នៅបរិវេណសាលាខេត្តពោធិ៍សាត់។
វេទិកាសាធារណ:នេះ បានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត អ្នកតំណាងរាស្ត្រ គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត ក្រុមប្រឹក្សាសង្កាត់ មេប៉ុស្តិ៍ មេភូមិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋអញ្ជើញមកពីសង្កាត់ទាំង៧ នៃក្រុងពោធិ៍សាត់ ប្រមាណជិត១ពាន់នាក់។
សូមបញ្ជាក់ថា ដោយអនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការឆ្លើយតបតម្រូវការ និងធានាសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ក្រុមការងារថ្នាក់ជាតិតំណាងឲ្យរាជរដ្ឋាភិបាល ចុះពង្រឹងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ដោយសហការជំរុញ អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្ដល់សេវាសាធារណៈ ឲ្យបានឆាប់រហ័ស ទាន់ពេលវេលា និងការអភិវឌ្ឍនៅតាមមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។
តាមរយៈវេទិកាសាធារណៈនៅមូលដ្ឋាន គឺផ្ដោតលើការយកចិត្តទុកដាក់ អំពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការចុះជួបប្រាស្រ័យដោយផ្ទាល់ ដើម្បីស្ដាប់ក្ដីកង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ ព្រមទាំងយកចិត្តទុកដាក់ ជំរុញការដោះស្រាយនូវរាល់ក្តីកង្វល់ សំណូមពរ និងសំណើទាំងអស់ ដោយផ្អែកលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា បើក្នុងករណីក្រុមការងារមិនអាចដោះស្រាយបាន ក្រុមការងារថ្នាក់ជាតិ នឹងបូកសរុបធ្វើរបាយការណ៍ជូនរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងឆ្លើយតបជូនប្រជាពលរដ្ឋវិញ៕