(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ បានស្នើដល់ប្រជាពលរដ្ឋ ចូលរួមសហការ ធ្វើយ៉ាងណា ជួយដុះលាងបោសសំអាត ចំពោះមន្ត្រីមួយចំនួនដែលបានប្រើប្រាស់អំណាច តួនាទី គៀបសង្កត់ បង្កការលំបាកនៅក្នុងមូលដ្ឋាន ត្រូវរាយការណ៍មករដ្ឋបាលខេត្តជាបន្ទាន់ ដើម្បីមានវិធានការទប់ស្កាត់។ ក្នុងនោះដែរឯកឧត្តសូមឲ្យមន្ត្រី គ្រប់ផ្នែក គ្រប់ថ្នាក់ មានចិត្តតស៊ូ ព្យាយាម ស្អាតស្អំក្នុងការបំពេញភារកិច្ច និងផ្តល់សេវាសាធារណៈឲ្យបានទាន់ពេលវេលា ដោយចាត់ទុកថា ប្រជាពលរដ្ឋជាចៅហ្វាយនាយរបស់យើង។
ការស្នើបែបនេះ ធ្វើឡើងក្នុងវេទិកាសាធារណៈ របស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានក្រុងពោធិ៍សាត់ នៅបរិវេណសាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត អ្នកតំណាងរាស្ត្រ គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត ក្រុមប្រឹក្សាសង្កាត់ មេប៉ុស្តិ៍ មេភូមិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋអញ្ជើញមកពីសង្កាត់ទាំង៧ នៃក្រុងពោធិ៍សាត់ ប្រមាណជិត១ពាន់នាក់។
ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណអភិបាលខេត្ត និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានក្រុងពោធិ៍សាត់ បានឲ្យដឹងនៅក្នុងអំឡុងវេទិកាសាធារណៈនោះថា យោងតាមសេចក្តីសម្រេច និងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានក្រុងពោធិ៍សាត់ ក្នុងនោះក៏មានវាគ្មិនសំខាន់ៗមកពីគ្រប់ក្រសួង មន្ទីរ និងអង្គភាពពាក់ព័ន្ធ ជាអ្នកសម្របសម្រួល និងធ្វើការដោះស្រាយនូវរាល់សំណូមពរ និងបញ្ហាប្រឈមនានាឲ្យចំគោលដៅ ដែលមូលដ្ឋានបានលើកឡើង។
ឯកឧត្តមបានឲ្យដឹងទៀតថា វេទិកាសាធារណៈនៅមូលដ្ឋាន គឺផ្ដោតលើការយកចិត្តទុកដាក់ អំពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការចុះជួបប្រាស្រ័យដោយផ្ទាល់ ដើម្បីស្ដាប់ក្ដីកង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ ព្រមទាំងយកចិត្តទុកដាក់ ជំរុញការដោះស្រាយនូវរាល់ក្តីកង្វល់ សំណូមពរ និងសំណើទាំងអស់ ដោយផ្អែកលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា បើក្នុងករណីក្រុមការងារមិនអាចដោះស្រាយបាន ក្រុមការងារថ្នាក់ជាតិ នឹងបូកសរុបធ្វើរបាយការណ៍ជូនរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងឆ្លើយតបជូនប្រជាពលរដ្ឋវិញ។ ឯកឧត្តមបានថ្លែងបន្ថែមថា បើផ្នែកតាមវេទិកាមួយព្រឹកនេះ ពិនិត្យជារួមឃើញថា អ្វីដែលជាតម្រូវការ និងទទូចចង់បានពី មូលដ្ឋាននោះ គឺភាគច្រើនអំពីហេដ្ឋារចនាសម្ព័ន្ធ ជួយអន្តរាគមន៍ដំណាំស្រូវ ដែលជួបគ្រោះរាំងស្ងួត ក្រៅពីនោះជួយពង្រីក បណ្តាញភ្លើង និងពង្រីកប្រព័ន្ធទឹកស្អាត ដែលនៅខ្វះចន្លោះនៅតាមភូមិនីមួយៗ។
ចំពោះតម្រូវការយ៉ាងទទូចនោះ ត្រូវបានឯកឧត្តមធ្វើការសម្របសម្រួល និងដោះស្រាយជូនភ្លាមៗផ្ទាល់តែម្តង។ដោយឡែកសំណូមពរមួយចំនួនទៀត ដូចជាផ្លូវ ប្រឡាយ...។ល។ ឯកឧត្តមបានឲ្យមន្ត្រី មន្ទីរជំនាញ រួមជាមួយមន្ត្រីរដ្ឋបាលសាលាក្រុង ចុះសិក្សាវាយតម្លៃមិនឲ្យហួសក្នុងសប្តាហ៍ទី៣ នៃខែសីហានេះឡើយ៕
Ti Amo (ពស)