រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

សាលាបឋមសិក្សាអំពួច ក្នុងស្រុកតាលោសែនជ័យ ដែលមានសភាពចាស់ទ្រុឌទ្រោម នឹងត្រូវសាងសង់ថ្មី ក្រោយពិធីបុណ្យផ្កាសាមគ្គីរបស់សាខាសមាគមនារីខេត្ត

  • 1.0ពាន់
  • ដោយ Admin

 (ពោធិ៍សាត់)៖ កាលពីពេលថ្មីៗនេះ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ បានរៀបចំបុណ្យផ្កាសាមគ្គី ដែលផ្តួចផ្តើមឡើងដោយលោកជំទាវ ហ៊ុន ចាន់ធី​ ម៉ៅ ធនិន ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត, លោកជំទាវ ឯម ប៉ុណ្ណា សមាជិការដ្ឋសភាមណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិសមាគមនារីថ្នាក់កណ្តាល ដើម្បីប្រមូលបច្ច័យសាងសង់អគារសិក្សា សាលាបឋមសិក្សាអំពួច ដែលមានសភាពចាស់ទ្រុឌទ្រោមខ្លាំង ​បង្កការលំបាកក្នុងការរៀន និងបង្រៀន ពិសេសពេលផ្លៀងផ្គរម្តងៗ។

ពិធីបុណ្យផ្កាសាមគ្គីនេះ បានប្រារព្ធធ្វើនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ ប៊ុន រ៉ានី ហ៊ុន សែន ពោធិ៍សាត់ ដោយបានការអញ្ជើញចូលរួមពីលោកជំទាវ ហ៊ុន ប៊ុនធឿន ទីប្រឹក្សា​អម​ក្រសួងការបរទេស ​និង​សហប្រតិបត្តិការ​អន្តរជាតិ​និង​ជា​អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ ​និង​គណនេយ្យ​ក្រៅប្រទេស, លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរងធានាគារជាតិ នៃកម្ពុជា, ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាល​ខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុ ធមានសទ្ធាជ្រះថ្លា​ ចូលរួមចាប់មគ្គផល ទទួលយលនូវអានិសង្ស នមស្សកាព្រះរតនត្រ័យ សមាទានសីល និងនិមន្តព្រះសង្ឃខម្រើនព្រះបរឹត្តទៅតាមគន្លងព្រះពុទ្ធសាសនា។

សូមបញ្ជាក់ថា សាលាបឋមសិក្សាអំពួច ស្ថិតក្នុងភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ គឺជាសាលាមួយស្ថិតនៅជនបទ ហើយអគាសិក្សាមានសភាពទ្រុឌទ្រោមខ្លាំង ​បង្កការលំបាកក្នុងការរៀន និងបង្រៀន ពិសេសពេលផ្លៀងផ្គរម្តងៗ។ នាពេលថ្មីៗនេះលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយស លោកជំទាវ ឯម ប៉ុណ្ណា សមាជិការដ្ឋសភា និងជាសមាជិកាប្រតិបត្តិ សមាគមនារីថ្នាក់កណ្តាល រួមជាមួយសមាជិកាកិត្តិយស គណៈកម្មការសាខា អនុសាខា និងប្រធានបណ្តាញសមាកមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានដឹកនាំប្រតិភូនាំយកទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាវត្តអំពួចនោះ ក៏បានអញ្ជើញទៅពិនិត្យដោយផ្ទាល់ ហើយក្នុងខណៈនោះទាំងអាជ្ញាធរ និងលោកគ្រូ អ្នកគ្រូ បានសំណូមពរដល់លោកជំទាវ និងប្រតិភូឲ្យជួយកសាង​អគាសិក្សាមួយខ្នង ស្មើនឹង៦បន្ទប់ ដែលគ្រោងចំណាយ​ថវិកា​ជាង៥៧,០០០ដុល្លាអាមេរិក ដើម្បីឲ្យក្មួយៗមាន កន្លែងរៀននិងបង្រៀនល្អ។ ដូច្នេះដើម្បីគៀងគរប្រមូលថវិកា សម្រាប់យកមក​ កសាងសង់​អគា​សិក្សា​នេះឡើង​សាខាសមាគមនារីខេត្ត ក៏បានរៀបចំផ្តួចផ្តើមប្រារព្ធពិធីបុណ្យផ្កាសាមគ្គីឡើង ដោយទទួលបានថវិកាជាង៦០លានរៀល និង​៤០,៦២០​ដុល្លារអាមេរិក គិតជាទឹកប្រាស់សរុប ៥៥,២៨៥ដុល្លារអាមេរិក។ ហើយសង្ឃឹម​ថាមិនយូទេ សាលាបឋមសិក្សាអំពួច ពិតជាលេចចេញ​រូបរាងឡើង នូវអគាសិក្សា​ថ្មីស្រឡាងនាពេល​ខាងមុខនេះ​ជាក់ជាមិនខាន ដែល​ជា​ក្តី​សង្ឃឹមរបស់​ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សនៅក្នុងតំបន់នោះ៕

Ti Amo (ពស)

អត្ថបទទាក់ទង