រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

រកឃើញស្ថានីយ៍ និងដេប៉ូប្រេងសាំង ចំនួន៩ ក្នុងចំណោម១២ ក្នុងស្រុកបាកាន លក់ប្រេងមិនមានភាពប្រក្រតី

  • 2.7ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីអគ្គនាយករដ្ឋកាំកុងត្រូល នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩នេះ បាននាំយករថយន្តពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋានកាំកុងត្រូល ចុះត្រួតពិនិត្យគុណភាព បរិមាណ និងតម្លៃ តាមបណ្ដាលស្ថានីយ៍ និងដេប៉ូប្រេងសាំង នៅក្នុងស្រុកបាកាន។

លោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ បានឲ្យដឹងថា នៅព្រឹកនេះ អគ្គនាយកដ្ឋានកាំកុងត្រូល បានចុះត្រូតពិនិត្យស្ថានីយ៍ និងដេប៉ូលក់ប្រេងសាំង ចំនួន១២កន្លែង រកឃើញដេប៉ូលក់ប្រេង សាំង ៣ស្ថានីយ៍ ត្រឹមត្រូវ, ៧ស្ថានីយ៍ មិនអនុលោមភាពផ្នែកបរិមាណ, និង២ស្ថានីយ៍ទៀត មិនអនុលោមភាពទាំងបរិមាណ និងគុណភាព។

លោក តូច ចៅកុយ បានបន្ថែមទៀតថា ចំពោះស្ថានីយ៍ប្រេងសាំងលក់មិនមានគុណភាព និងមិនគ្រប់លីត្រ មន្រ្តីជំនាញបានធ្វើកិច្ចសន្យាអប់រំ ឲ្យកែប្រែនៅពេលក្រោយ។ បើលើកទី២ ពិនិត្យឃើញថា «ស្ថានីយ៍ណាមួយ នៅបន្តលក់ប្រេងសាំងមិនគ្រប់លីត្រ ឬមិនមានគុណភាព យើងនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់ ស្ដីពីការគ្រប់គ្រងទំនិញ និងសេវា ដោយធ្វើការផាកពិន័យ ទៅតាមច្បាប់កំណត់»។

លោកប្រធានសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ ក៏បានធ្វើការអំពាវនាវឲ្យម្ចាស់ស្ថានីយ៍ និងដេប៉ូចែកចាយប្រេងសាំងទាំងអស់ សូមលក់ឲ្យគ្រប់លីត្រ មានគុណភាពល្អ ដើម្បីបម្រើសេដ្ឋកិច្ចសាធារណៈ និងផ្ដល់ជំនឿទុកចឹត្តពីសំណាក់អ្នកប្រើប្រាស់។

ក្នុងស្រុកបាកានដដែលនោះ មន្ត្រីសាខាកាំកុងត្រូវខេត្ត ក៏បានចុះអង្កេតទីផ្សារ ទៅលើទីតាំងលក់ទំនិញ ចំនួន០៤កន្លែង ក្នុងនោះដេប៉ូចែកចាយ ចំនួន០១កន្លែង និងទំនិញតាមផ្ទះ ចំនួន០៣កន្លែង។ ជាលទ្ធផលក្រុមមន្ត្រីជំនាញ បានដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ រួមមាន៖ ទឹកក្រូចFanta ១២ដប = ១៥Kgs / ទឹកក្រូចBIG ០៧ដប = ០៨Kgs) សរុប២៣Kgs ដើម្បីរក្សាទុក និងដុតកម្ទេចចោលនាពេលក្រោយ៕

Ti Amo (ពស)

អត្ថបទទាក់ទង