(ពោធិ៍សាត់)៖ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងដោយបានការចូលរួមពី ឯកឧត្តម ម៉ៅ ធនិន ប្រធានកិត្តិយសសាខា, លោក ខូយ រីដា ប្រធានគណៈកម្មាធិការសាខា, លោក វ៉ាន់ ហ៊ាង នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត និងប្រតិភូអមដំណើរជាច្រើននាក់ទៀត នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ នៅវិទ្យាល័យអូរតាប៉ោង បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ជូនដល់ទុរគតជន អ្នកផ្ទុកមេរោគអេដស៏ អ្នកមានជំងៃរ៉ាំរ៉ៃ ស្រ្តីមេម៉ាយក្រីក្រកូនច្រើន ជនពិការ និងប្រជាពលរដ្ឋក្រីក្រទទួលរងគ្រោះរាំងស្ងួត ចំនួន៩៨៧គ្រួសារ មកពី៦ឃុំ ក្នុងស្រុកបាកាន។
ឯកឧត្តម ម៉ៅ ធនិន ប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្ត បានថ្លែងអំណរគុណចំពោះលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម កម្ពុជា និងជម្រាបជូនថា ក្នុងរយៈពេលខែដើម ឆ្នាំ២០១៩ សាខា និងអនុសាខា កាកបាទក្រហមកម្ពុជាខេត្ត ស្រុក ក្រុង បានធ្វើការឆ្លើយតប ចំពោះប្រជាពលរដ្ឋរងគ្រោះ ដោយប្រការផ្សេងៗ បាន១៤១៧គ្រួសារ ក្នុងនោះចែកចេញជាខ្យល់កន្ត្រាក់ រលំផ្ទះ២៨៧គ្រួសារ រាំងស្ងួត៣១គ្រួសារ ភ្លើងឆេះផ្ទះ៤០គ្រួ សារ រន្ទះបាញ់១០នាក់ គ្រោះថ្នាក់ចរាចរណ៍១១នាក់ ក្រៅពីនោះចាស់ជរា ស្ត្រីមេម៉ាយក្រីក្រ កុមារកំព្រា និងអ្នកផ្ទុកមេរោគអេដស៍ចំនួន៩៦១គ្រួសារ។
លោកជំទាវ ម៉ែន នារីសោភ័គ បានពាំនូវការផ្តាំផ្ញើ និងសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែនឹករលឹក និងគិតគូអំពីសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដូចជាចាស់ជរាគ្មានទីពឹង ស្ត្រីទីទ័លក្រ និងគ្រួសាររងគ្រោះដោយអគ្គិភ័យ គ្រោះថ្នាក់ដោយសារគ្រាប់មីន និងប្រជាពលរដ្ឋទទួលរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ។ លោកជំទាវបានបញ្ជាក់ថា ជាការពិត កាកបាទក្រហមកម្ពុជា ក៏ដូចសាខា និងអនុសាខា បានផ្តល់អាទិភាព ក្នុងការផ្តល់អំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋ រងគ្រោះដែលធ្ងន់ធ្ងរជាងគេជាមុន ហើយក៏មិនភ្លេចពីការលំបាកខ្វះខាតរបស់បងប្អូន ដែលរងការប៉ះពាល់ដោយកត្តាផ្សេងៗនោះដែរ ពោលគឺបានចែកជូនជាបន្តបន្ទាប់ ទៅតាមប្រភេទនៃការរងគ្រោះទាំងអស់ ដោយមិនបានប្រកាន់ ឬរើសអើង ពីនិន្នាកានយោបាយ បក្ខពួក ជាតិសាសន៍ វណ្ណៈ ព៌ណសម្បុរ អ្វីឡើយ ឱ្យតែប្រជាពលរដ្ឋរងគ្រោះ សុទ្ធតែត្រូវបានទទួលនូវការឧបត្ថម្ភស្មើៗគ្នា គ្រប់ក្រុមគ្រួសារ។ នូវរាល់អំណោយ គឺសុទ្ធតែជាការបរិច្ចាករបស់សប្បុរសជន ក្នុង និងក្រៅប្រទេស ដែលមានជំនឿទុកចិត្ត ចំពោះសកម្មភាពមនុស្សធម៌ ទើបធ្វើឲ្យកាកបាទក្រហមកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ក្នុងការបន្តជួយដល់ជនរងគ្រោះនៅគ្រប់មូលដ្ឋាន បានទាន់ពេលវេលា និងប្រកប ដោយប្រសិទ្ធិភាព។
លោកជំទាវ បានលើកឡើងថា នេះគឺជាចុងរដូវវស្សា ធ្នាក់ខ្យល់ត្រជាក់ រងារ ដែលងាយនឹងប្រឈមបញ្ហាគ្រោះមហន្តរាយ ហេតុនេះសូមឱ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នគ្រោះធម្មជាតិទាំងនោះឱ្យបានគ្រប់ៗគ្នា។ បញ្ហាដែលសំខាន់ជាងនេះទៅទៀត នោះគឺបញ្ហាសុខភាព គឺជាកត្តាចម្បង គប្បីបងប្អូនប្រជាពលរដ្ឋ ធ្វើយ៉ាងណា ចេះរស់នៅស្អាត ហូបស្អាត ផឹកស្អាត មានអនាម័យល្អត្រឹមត្រូវ។
អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋទាំង៩៨៧គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង និងឃីត១កញ្ចប់ ក្នុងនោះមានមុង១ ភួយ១ សារុង១ ក្រមា១ និងអាវយឺត១ ដោយអំណោយទាំងនេះ បានមកពីប្រទេសចិនដែលបានផ្តល់ជូនមកកាកបាទក្រហមកម្ពុជា សម្រាប់យកមកចែកជូនប្រជាពលរដ្ឋយើង នៅតំបន់នេះសម្រាប់រួមចំណែកដោះស្រាយជីវភាពបានមួយគ្រា។
ជាមួយគ្នានោះ ប្រតិភូបានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដោយផ្ទាល់ ដល់ផ្ទះគ្រួសារក្រីក្រ ទុរគតជន និងយុទ្ធនារីពិការភាព ដែលមានជំងឺរ៉ាំរ៉ៃ និងខ្វះខាតមធ្យោបាយធ្វើដំណើរ ចំនួន២គ្រួសារ ក្នុងឃុំបឹងខ្នារ ស្រុកបាកានផងដែរ៕
Ti Amo (ពស)