រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ ជួបសំណេះសំណាល និងផ្តល់កំព្យូទ័រយួរដៃម្នាក់១គ្រឿង ដល់បេក្ខជនទទួលនិទ្ទេស A ទាំង០៧រូប

  • 1.7ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអនុញ្ញាតឲ្យ លោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្ស ជាពិសេសបេក្ខជនខេត្តពោធិ៍សាត់ ដែលបានទទួលនិទ្ទេស A ទាំង០៧រូប ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម នៅបន្ទប់ការិយាល័យផ្ទាល់របស់ឯកឧត្តម នាសាលាខេត្តពោធិ៍សាត់។

បេក្ខជនទាំង០៧រូប ក្នុងម្នាក់ត្រូវបានទទួល កុំព្យូទ័រយួរដៃ ចំនួន០១គ្រឿង និងថវិកា ៣០ម៉ឺនរៀល ដើម្បីលើកទឹកចិត្ត និងអបអរសាទរចំពោះការខិតខំប្រឹងប្រែង។ ដោយឡែកលោកគ្រូអ្នកគ្រូ ១២នាក់ ម្នាក់ៗទទួលបានថវិកា ៥០ម៉ឺនរៀល, អាណាព្យាបាលសិស្ស ១៤នាក់ ម្នាក់ៗទទួលបាន សារុង៣ និងថវិកា ៥ម៉ឺនរៀល។

ឯកឧត្តម ម៉ៅ ធនិន បានសម្តែងអារម្មណ៍មោទនភាពខ្ពស់ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរៀនសូត្រ របស់ក្មួយៗគ្រប់គ្នា រហូតទទួលបានជោគជ័យ ប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩កន្លងទៅ ជាពិសេសខេត្តពោធិ៍សាត់ ទទួលបាននិទ្ទេស A ចំនួន០៧នាក់។

ជាមួយគ្នានោះ ឯកឧត្តមក៏សូមថ្លែងអំណរគុណ ចំពោះមាតាបិតា លោកគ្រូអ្នកគ្រូ ក្រុមការងារចុះជួយមូលដ្ឋាន និងបណ្តាអ្នកពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែក ផ្គត់ផ្គង់ ជម្រុញ លើកទឹកចិត្ត បង្ហាត់បង្រៀន ក្មួយៗទាំងអស់គ្នា រហូតទទួលបានជោគជ័យនាថ្ងៃនេះ។

ឯកឧត្តម សូមឱ្យក្មួយៗបន្តកិច្ចខិតខំប្រឹងប្រែងសិក្សារៀនសូត្រតទៅទៀត ដើម្បីសម្រេចបាននូវក្តីស្រមៃរបស់ខ្លួននាពេលអនាគត និងបានមករួមចំណែកអភិវឌ្ឍន៍ខេត្តរបស់យើង ឱ្យកាន់តែរីកចម្រើន ក្រោមដំបូលសន្តិភាពដ៏រឹងមាំនេះ៕

Ti Amo (ពស)

អត្ថបទទាក់ទង