រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ថ្ងៃនេះ គឺជាខួប២ឆ្នាំ ដែលខេត្តពោធិ៍សាត់ ទទួលបានពានរង្វាន់ និងវិញ្ញាបនបត្រ ផ្នែកសូចនាករទឹកស្អាន ទីក្រុងអាស៊ាន នៅប្រទេសព្រុយណេ (Video inside)

  • 864
  • ដោយ Admin
https://youtu.be/HF6i0MZEhXc

(ពោធិ៍សាត់)៖ កន្លងទៅ២ឆ្នាំហើយ! ក្រឡេកមកវិញកាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំប្រតិភូ ទៅចូលរួមទទួលពានរង្វាន់ និងវិញ្ញាបនបត្រផ្នែកសូចនាករទឹកស្អាត ទីក្រុងអាស៊ាន ឆ្នាំ២០១៧ នៅទីក្រុង Bandar Seri Begawan នៃប្រទេសប្រុយណេ ហើយត្រូវបានធ្វើពិធីដង្ហែអបអរសាទរយ៉ាងឱឡារឹក កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ដោយមានប្រជាពលរដ្ឋចូលរួមរហូតទៅដល់ជាង២ពាន់នាក់។

នេះគឺជាមោទនភាពខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជា ជាពិសេសខេត្តពោធិ៍សាត់ និងប្រជាពលរដ្ឋទូទាំងខេត្ត។ ដោយសារខេត្តនេះ មានធនធានធម្មជាតិ និងសក្តានុពលជាច្រើន ជាពិសេសទំនប់ធារាសាស្ត្រខ្នាតយក្ស២កន្លែង គឺទំនប់ទី៣ និងទី៥ នៅស្រុកភ្នំក្រវាញ គួបផ្សំទឹកស្ទឹងពោធិ៍សាត់ ដែលហូរចេញពីជួរភ្នំក្រវាញ មិនចេះរីងស្ងួត (ស្ទឹងរស់) ឆ្លងកាត់ទំនប់ដំណាក់អំពិល ទំនប់ចារឹក និងមានប្រព័ន្ធធារាស្ត្រខ្វាត់ខ្វែង ប្រឡាយមេ ប្រឡាយរង រហូតហូរទៅដល់បឹងទន្លេសាប សម្រាប់បម្រើសេចក្តីត្រូវការប្រជាពលរដ្ឋ និងប្រើប្រាស់ទៅលើដំណាំកសិកម្ម ឧស្សាហកម្ម សិប្បកម្ម និងសត្វពាហនៈ គ្រប់រដូវកាល។

សូមបញ្ជាក់ថា នៅប្រទេសកម្ពុជា មានទីក្រុងចំនួន២តែប៉ុណ្ណោះ ដែលបានចាត់ចូលជាទីក្រុង គម្រូអាស៊ាន គឺ«ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ និងក្រុងកែប ខេត្តកែប» បានចូលខ្លួនប្រគួតប្រជែងដណ្តើម ពានរង្វាន់និរន្តរភាពបរិស្ថានទីក្រុង ឆ្នាំ២០១៧ ដែលតែងតែធ្វើឡើងក្នុងរយៈពេល៤ឆ្នាំម្តង។ ការប្រឡងប្រណាំងពានរង្វាន់និរន្តរភាពទីក្រុងអាស៊ាន និងវិញ្ញាបនបត្រទទួលស្គាល់ទឹកស្អាត ដីស្អាត និងខ្យល់ស្អាត ក្នុងឆ្នាំ២០១៧កន្លងទៅ បានកំណត់យកទីក្រុងកែប ខេត្តកែប សម្រាប់ពានរង្វាន់និរន្តរភាពបរិស្ថាន ទីក្រុងអាស៊ាន, ទីក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ សម្រាប់សូចនាករទឹកស្អាត, ទីក្រុងព្រះសីហនុ សម្រាប់សូចនាករខ្យល់ស្អាត និងទីក្រុងសៀមរៀប ខេត្តសៀមរាប សម្រាប់សូចនាករដីស្អាត។ កាលពីថ្ងៃទី២៦-២៨ ខែមេសា ឆ្នាំ២០១៧កន្លទៅ ក្នុងកិច្ចប្រជុំសមាជិកអាស៊ាន នៅខេត្តសៀមរាប គណៈកម្មាធិការវាយតម្លៃចលនាប្រឡងប្រណាំង បានកំណត់យកទីក្រុងចំនួន១០ នៃសមាជិកអាស៊ាន ក្នុងនោះប្រទេសកម្ពុជា ទីក្រុងកែប បានទទួលពានរង្វាន់និរន្តរភាពបរិស្ថាន និងទីក្រុងតូចធំចំនួន១០ទៀត ក្នុងនោះប្រទេសកម្ពុជា ទីក្រុងពោធិ៍សាត់ ទទួលបានពាន់រង្វាន់ និងវិញ្ញាបនបត្រ លើផ្នែកសូចនាករទឹកស្អាតអាស៊ាន។ ហើយត្រូវបានឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប ដឹកនាំប្រតិភូទៅទទួលផ្ទាល់ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី បរិស្ថានអាស៊ាន នៅទីក្រុង Bandar Seri Begawan នៃប្រទេសប្រុយណេ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ដោយគិតមកដល់ពេលនេះ មានរយៈពេល២ឆ្នាំទៅហើយ។

ចំពោះកាដូដែលទទួលបានថ្មីៗនេះ គឺមន្ទីរពេទ្យបង្អែកបាកាន បានទទួលពានរង្វាន់ជ័យលាភីលេខ១ នៃការផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាល និងមន្ទីរពេទ្យបង្អែកពោធិ៍សាត់ បានទទួលពានរង្វាន់ ជ័យលាភីលេខ៧ នៃការផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣គំរូ ហើយត្រូវបានធ្វើពិធីដង្ហែយ៉ាងឱឡារឹកដូចគ្នា កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩កន្លងទៅ៕

Ti Amo (ពស)

https://www.facebook.com/freshnewsasia/videos/3464485166898680/

អត្ថបទទាក់ទង