(ពោធិ៍សាត់)៖ គណៈប្រតិភូរដ្ឋបាលខេត្តពោធិ៍សាត់ ដឹកនាំដោយឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត រួមទាំងសហការី នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ព្រឹទ្ធាចារ្យ ប៊ូ ថង ដែលបានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ ១៤កើត ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១:២០នាទី ទៀបភ្លឺ ក្នុងជន្មាយុ៨២ឆ្នាំ ដោយជរាពាធ។
សពឯកឧត្តម ព្រឹទ្ធាចារ្យ ប៊ូ ថង ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីសាសនា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងគេហដ្ឋានលេខ១៤៧ ស្ថិតភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
ឯកឧត្តម ម៉ៅ ធនិន បានចាត់ទុកមរណភាពរបស់ឯកឧត្តម ព្រឹទ្ធាចារ្យ ប៊ូ ថង សមាជិកព្រឹទ្ធសភា គឺជាការបាត់បង់ស្វាមី បិតា ជីតា ដែលប្រកបដោយ ព្រហ្មវិហារធម៌ និងជាការបាត់បង់ ឥស្សរជនស្នេហាជាតិ ដ៏ឧត្តុងឧត្តម ដែលបានបូជាកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី និងហ៊ានបូជាជីវិត ក្នុងបុព្វហេតុតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ហើយបានចូលរួមចំណែកយ៉ាងសកម្មក្នុងការស្តារ និងអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។
ឯកឧត្តមបានថ្លែងថា «ក្នុងឱកាសប្រកបដោយសមាទុក្ខដ៏ក្រៀមក្រំបំផុតនេះ យើងខ្ញុំសូមចូលរួមចែករំលែកនូវមរណទុក្ខដោយក្តីស្រណោះ និងអាឡោះអាល័យជាមួយ លោកជំទាវ និងបុត្រា បុត្រី ព្រមទាំងបងប្អូនកូនក្មួយទាំងអស់នៃសព ដោយសេចក្តីសង្វេគជាទីបំផុត។ យើងខ្ញុំសូមឧទ្ទិសបួងសួងឲ្យដួងវិញ្ញាណក្ខន្ធឯកឧត្តម ព្រឹទ្ធាចារ្យ ប៊ូ ថង ឆាប់បានចាប់កំណើត ក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ»៕
Ti Amo (ពស)