(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកស្ទឹងពោធិ៍សាត់ ចាប់ពីចំណុចមុខសាលាខេត្ត ដល់ភូមិស្ទឹងតូច សង្កាត់រលាប ក្រុងពោធិ៍សាត់ ដែលបច្ចុប្បន្នទឹកកំពុងហក់ឡើងដល់កម្រិតប្រកាសអាសន្ន ហើយដែលអាចនឹងស្រកចុះជាបន្តបន្ទាប់ ក្នុងរយៈពេលចន្លោះពី ៥ទៅ៨ម៉ោងក្រោយ។
ក្នុងឱកាសនៃការអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនេះផងដែរ ឯកឧត្តម ម៉ៅ ធនិន បានថ្លែងថា ក្នុងនាមអាជ្ញាធរខេត្ត យើងបានត្រៀមរួចជាស្រេច នូវវិធានការសរុប មធ្យោបាយសរុប ដើម្បីឆ្លើយតបបានទាន់ពេលវេលា ក្នុងករណីមានគ្រោះមហន្តរាយកើតឡើងធ្ងន់ធ្ងរ ប៉ះពាល់ដល់ជីវភាពរស់នៅ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់ដែលកំពុងជន់ឡើងខ្លាំងនេះ សូមស្វែងរកទីទួលមានសុវត្ថិភាព ពិសេសប្រុងប្រយ័ត្នចំពោះកុមារតូចៗ និងរក្សាអនាម័យឱ្យបានត្រឹមត្រូវ។ ជាងនេះទៅទៀតអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់តាមដាន ក្តាប់ព័ត៌មានអំពីសភាពការណ៍គ្រោះធម្មជាតិ ស្ថានភាពរបស់ប្រជាពលរដ្ឋ ត្រៀមមធ្យោបាយអន្តរាគមន៍បានទាន់ពេលវេលា។
សូមជម្រាបថា តាមការជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៧-២៣ ខែកញ្ញា ឆ្នាំ២០១៩ ប្រព័ន្ធសម្ពាធទាប(ITCZ) បានអូសបន្លាយលាតសន្ធឹង ពីលើព្រះរាជាណាចក្រកម្ពុជា ខណៈដែលបច្ចុប្បន្នធ្វើឲ្យបណ្តាខេត្តទាំង១១ ក្នុងនោះមានខេត្តពោធិ៍សាត់យើងផងដែរ កំពុងយាយីពីជំនន់ទឹកភ្លៀង។ បន្ទាប់ពីបានធ្វើការសង្កេតតាមដាន លើស្ថានភាពអាកាសធាតុ រួចមកមន្ទីរធនធានទឹកខេត្ត បានប្រកាសឲ្យដឹងផងដែរថា មានភ្លៀងធ្លាក់ពីតំបន់ជួរភ្នំក្រវាញ ស្ទឹងអារ៉ៃ ស្ទឹងព្រៃខ្លុង និងស្ទឹងធំ មានកម្រិតខ្ពស់មកលើដងស្ទឹងពោធិ៍សាត់។ ឥទ្ធិពលនៃស្ទឹងខាងលើនេះ និងធ្វើឲ្យទឹកស្ទឹងពោធិ៍សាត់ មានសន្ទុះកើនឡើងជាបន្តបន្ទាប់ និងអាចបង្កឲ្យមានទឹកជំនន់ នៅក្នុងខេត្តពោធិ៍សាត់ ចាប់ពីម៉ោង៤ទៀបភ្លឺ ក្នុងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ហើយដែលអាចនឹងស្រកចុះជាបន្តបន្ទាប់ ក្នុងរយៈពេលប្រមាណ ៥ទៅ៨ម៉ោងក្រោយ ពីព្រោះស្ថានភាពទឹកនៅស្រុកភ្នំក្រវាញ មានលំនឹង និងកំពុងស្រកចុះជាបន្តបន្ទាប់៕
Ti Amo (ពស)