(ពោធិ៍សាត់)៖ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអនុញ្ញាតឲ្យគណៈប្រតិភូ ដឹកនាំដោយ លោក Chengjian Chen អគ្គនាយកក្រុមហ៊ុនជីនអេឡិចត្រិច (CHINT ELECTRIC CO.,LTD) ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ នៃសាធារណៈរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ទាក់ទងនឹងការចង់មកវិនិយោគរោងចក្រផលិតគ្រឿងបរិក្ខាអគ្គិសនី ដូចជាត្រង់ស្វូ និងគ្រឿងឧបករណ៍ផ្សេងៗទៀត ក្នុងទឹកដីនៃខេត្តពោធិ៍សាត់។
ក្នុងជំនួបខាងលើ ត្រូវបានធ្វើឡើងនៅសាលបន្ទប់រងចាំសាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួម ពីអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត និងមន្ទីរដែលមានការពាក់ព័ន្ធផ្សេងទៀត។
បន្ទាប់ពីជម្រាបជូនពីសក្តានុពលរបស់ខេត្តពោធិ៍សាត់ មានវិស័យសេដ្ឋកិច្ចដ៏សំខាន់ៗ រួចមក ឯកឧត្តម ម៉ៅ ធនិន ជួសមុខឲ្យប្រជាពលរដ្ឋទូទាំងខេត្ត ឯកឧត្តមបានស្វាគមន៍យ៉ាងកក់ក្តៅ និងធ្វើការអំពាវនាវដល់វិនិយោគិនចិន ចូលមកបណ្តាក់ទុនថែមទៀត នៅក្នុងទឹកដីនៃខេត្តពោធិ៍សាត់ ព្រមទាំងបានសន្យាផ្តល់ជូនការសម្របសម្រួលពិសេស ចំពោះគម្រោងវិនិយោគនានា។
លោក Chengjian Chen បានបង្ហាញអារម្មណ៍កក់ក្តៅ និងសូមថ្លែងអំណរគុណចំពោះ ឯកឧត្តមអភិបាលខេត្ត ដែលបានចែករំលែកព័ត៌មានសំខាន់ៗ ទាក់ទងវឌ្ឍនភាព ទំនាក់ទំនងកម្ពុជា-ចិន ព្រមទាំងសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅខេត្តពោធិ៍សាត់។ លោកប្រធានក្រុមហ៊ុន បានឲ្យដឹងផងដែរថា នៅក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយវិនិយោគិនចិន កាលពីពេលថ្មីៗនេះ ក្នុងនាមក្រុមហ៊ុនជីនអេឡិចត្រិច លោកពិតជាមានទំនុកចិត្ត ចង់មកវិនិយោគនៅក្នុងប្រទេសកម្ពជា ជាពិសេសខេត្តពោធិ៍សាត់ផ្ទាល់តែម្តង។ លោកក៏បានសន្យាជួយជំរុញវិនិយោគិនពីទីក្រុងសៀងហៃ ឱ្យចូលមកស្វែងយល់អំពីសក្តានុពលនៅក្នុងខេត្តនេះឲ្យកាន់តែច្រើន។ ហើយប្រសិនបើមានតម្រូវការបន្ថែមទៀតនៅពេលខាងមុខ លោកនឹងបន្តពង្រីកវិសាលភាពវិយោគបន្ថែមទៀតលើបរិក្ខាអគ្គិសនីផ្សេងៗទៀត ដូចជា បន្ទះសូឡា នាឡិកាស្ទង់អគ្គិសនីជាដើម។
ជាមួយគ្នានោះ លោក Chengjian Chen ក៏បានគោរពអញ្ជើញប្រតិភូថ្នាក់ដឹកនាំខេត្ត ទៅចូលរួមទស្សនៈកិច្ច និងចូលរួមតាំងពិព័រណ៌ ផលិតផលនាំចេញ-នាំចូល នៅទីក្រុងសៀងហៃ នៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលនឹងត្រូវធ្វើឡើងនាអំឡុងខែវិច្ឆិកាខាងមុខ ក្រោមវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រមុខថ្នាក់ដឹកនាំចិន៕
Ti Amo (ពស)