(ពោធិ៍សាត់)៖ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង ១:២០នាទីយប់ ជាវេលាដែលសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បានយាងសោយទិវង្គត។ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ជាខួប៧ឆ្នាំ នៃការសោយទិវង្គតរបស់ព្រះអង្គ និងជាថ្ងៃដែលកូនខ្មែរ សោកសៅ និងសោកសង្រេងបំផុត។
រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី១៥ ខែតុលា ជាថ្ងៃបុណ្យជាតិ និងជាថ្ងៃកាន់មរណទុក្ខរបស់ប្រជាពលរដ្ឋខ្មែរទាំងមូល ដើម្បីជាការតបស្នងចំពោះព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ។
នៅឆ្នាំ២០១៩នេះ គ្រប់ក្រសួង ស្ថាប័នរដ្ឋនៅទូទាំងប្រទេសកម្ពុជា ត្រូវបានដាក់តាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះបរមរតនកោដ្ឋ និងតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ទង់ក្អែប បដា ពាក្យស្លោក ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធទ្រង់។
ដោយឡែកសម្រាប់ខេត្តពោធិ៍សាត់ ក៏បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប៧ឆ្នាំ នៅបរិវេណសាលាខេត្ត ក្រោមវត្តមាន ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគនៈអភិបាលខេត្តផងដែរ។
សូមបញ្ជាក់ថា សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បានយាងសោយទិវង្គត នៅទីក្រុងប៉េកាំង ប្រទេសចិន ដោយព្រះជរាពាធ ក្នុងជន្មាយុ ៩០ព្រះវស្សា។ ព្រះសពរបស់អតីតព្រះមហាក្សត្រ ត្រូវបានដឹកតាមជើងយន្តហោះពិសេសពីប្រទេសចិនមកកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ នៅវេលាម៉ោង៣រសៀល។
ការយាងសោយទិវង្គតរបស់ព្រះអង្គ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរ បានបង្ហាញក្ដីវិយោគស្រណោះស្រណោកពន់ពេកក្រៃ ចំពោះការបាត់បង់អង្គព្រះមហាក្សត្រ ដែលបានបន្សល់នូវស្នាព្រះហស្ថ ដ៏ច្រើនសម្រាប់ជាតិកម្ពុជា។ ស្នាព្រះហស្ថធំៗដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរ នៅតែចងចាំជាប់មិនអាចបំភ្លេចបាននោះ គឺការយាងបំពេញព្រះរាជបូជនីយកិច្ច យ៉ាងអង់អាចក្លាហានក្នុងការទាមទារ និងដណ្តើមសិទ្ធិសេរីភាព ជូនប្រជាពលរដ្ឋខ្មែរពីនឹមអនាគមបារាំងរហូតទទួលបានជោគជ័យនៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣។
តាមរយៈឯកសាររបស់ព្រះអង្គ បានបង្ហាញថា ក្រោយការទាមទារឯករាជ្យពីបារាំងបានជោគជ័យហើយនោះ ការបំពេញព្រះរាជកិច្ចដឹកនាំប្រទេស ក្នុងសម័យសង្គមរាស្ដ្រនិយម (១៩៥៣-១៩៧០) បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរកោតសរសើ ស្ញប់ស្ញែង និងចងចាំមិនភ្លេចបានចំពោះវីរភាព និងការរីកចម្រើនរបស់ជាតិកម្ពុជាក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះអង្គ។
ក្រោមការដឹកនាំរបស់ព្រះមហាវីរក្សត្រព្រះបាទ នរោត្តម សីហនុ ជាព្រះប្រមុខរដ្ឋរបបសង្គមរាស្ត្រនិយម កម្ពុជាមានមុខមាត់នៅលើឆាកអន្តរជាតិ ដោយសារមានការរីកចម្រើនលើគ្រប់វិស័យ។ ព្រះបរមរតនកោដ្ឋ ត្រូវបានប្រជារាស្ត្រខ្មែរទាំងនគរចាត់ទុកជាមហាវីរក្សត្រមួយអង្គដែលបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណពេញមួយព្រះជន្មរបស់ព្រះអង្គ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជារាស្ត្របស់ព្រះអង្គ។
សមិទ្ធផលធំៗរបស់ព្រះអង្គគឺជាគំរូវីរភាពដ៏អង់អាចក្លាហាន ក្នុងការទាមទារឯករាជ្យពីបារាំង និងស្នាព្រះហស្ថដឹកនាំកសាងសង្គមកម្ពុជា ក្នុងសម័យសង្គមរាស្ត្រនិយមឱ្យល្បីរន្ទឺនៅអាស៊ី និងការកសាងនូវភាពល្បីល្បាញ ដែលជាការចងចាំគ្មានថ្ងៃបំភ្លេច ដូចពាក្យសុភាសិតខ្មែរមួយឃ្លា បានពោលថា «ទូកទៅ កំពង់នៅ» យ៉ាងដូច្នោះដែរ៕
Ti Amo (ពស)