រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ផ្លូវកៅស៊ូ២ខ្សែ ចំណាយថវិកាកន្លះលានដុល្លារ ជាចំណងដៃរបស់ក្រុមហ៊ុនចិន ត្រូវបានប្រគល់ជូនពលរដ្ឋស្រុកកណ្ដៀងប្រើប្រាស់ជាផ្លូវការ

  • 1.1ពាន់
  • ដោយ Admin


(ពោធិ៍សាត់)៖
ផ្លូវក្រាលកៅស៊ូ២ខ្សែ ប្រវែង៦,៥០០ម៉ែត្រ ក្នុងឃុំស្វាយលួយ ស្រុកកណ្តៀង (ខ្សែទី១ ឆ្លងកាត់ភូមិស្វាយចំបក់ ភូមិពោធិ៍ឡើង ភូមិកគោ និងភូមិសន្លុង ប្រវែង៣,៨២០ម៉ែត្រ និងខ្សែទី២ ឆ្លងកាត់ ភូមិឈើទាល ភូមិផ្ទះស្រែ និងភូមិជ្រែ ប្រវែង២,៦៨០ម៉ែត្រ) ដែលទើបស្ថាបនារួច ក្រោមជំនួយឧបត្ថម្ភរបស់ក្រុមហ៊ុន China National Heavy Machinery Corporation ប្រើប្រាស់ថវិកាសរុបប្រមាណ៥០ម៉ឺនដុល្លារ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព លោក Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩។

ពិធីនេះប្រារព្ធធ្វើនៅបរវិណវត្តសុវណ្ណមយូរា ហៅវត្តក្ងោកមាស ឬវត្តក្ងាន ស្ថិតក្នុងភូមិផ្ទះស្រែ ឃុំស្វាយលួង ស្រុកកណ្តៀង ដោយបានការអញ្ជើញជាគណៈអធិបតី ពីសំណាក់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។

ឯកឧត្តម ម៉ៅ ធនិន ក្នុងនាមអភិបាលនៃគណៈអភិបាលខេត្ត និងជំនួសមុខឲ្យប្រជាពលរដ្ឋខេត្តពោធិ៍សាត់ទាំងមូលនិយាយរួម និយាយដោយឡែកប្រជាពលរដ្ឋក្នុងស្រុកកណ្ដៀង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនចិន ដែលបានផ្ដល់ផ្លូវកៅស៊ូចំនួន០២ខ្សែប្រវែង៦,៥០០ម៉ែត្រ ចំណាយអស់ថវិកាកន្លះលានដុល្លារសហរដ្ឋអាមេរិក ជាចំណងដៃជូនដល់ប្រជាពលរដ្ឋក្នុងស្រុកកណ្ដៀងនាពេលនេះ។ ទង្វើទាំងនេះបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍វិស័យគមនាគមន៍នៅកម្ពុជា ដែលកំពុងរីកចម្រើនលើគ្រប់វិស័យក្រោមការដឹកនាំដ៍ឆ្លាតវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោហ៊ុន សែនជានាយករដ្ឋមន្ត្រីនៃកម្ពុជា។ ដើម្បីជាសម្ព័ន្ធមិត្តនឹងគ្នាឯកឧត្តមអភិបាលខេត្ត សូមឲ្យក្រុមហ៊ុនចិនបន្តជួយកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបំពេញតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋកម្ពុជា។

លោក Wang Wen Tian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងពីទំនាក់ទំនងចិនជាមួយកម្ពុជា គឺមានរយៈពេលប្រមាណ២០០០ឆ្នាំមកហើយ នេះបើតាមវត្ថុបុរាណដែលមានចារនៅក្នុងរូបចម្លាក់ដែលបានរកឃើញនៅខេត្តតាកែវកន្លងមកនេះ។ ប្រទេសកម្ពុជាមានមេដឹកនាំឆ្លាតវៃ និងមានទំនាក់ទំនងល្អជាមួយប្រទេសជិតខាង មានស្ថេរភាពនយោបាយ មានគោលនយោបាយច្រើនទាក់ទងវិនិយោគិន ប្រជាជនចិនមានសេចក្ដីស្រលាញ់ចំពោះប្រជាជនកម្ពុជា និងមានអរិយធម៌ប្រហាក់ប្រហែលគ្នាផងដែរ។ ឯកឧត្តមបានជម្រុញឲ្យកូនខ្មែរខិតខំរៀនសូត្រ និងមានអាហារូបករណ៍ទៅរៀននៅប្រទេសចិន ដើម្បីទទួលបានជំនាញផ្សេងៗសម្រាប់អនាគតរបស់ខ្លួននិងចូលរួមអភិវឌ្ឍន៍ប្រទេស។

ក្នុងឱកាសនោះក៍មានជូនលិខិតថ្លែងអំណរគុណដល់ក្រុមហ៊ុនម្ចាស់ជំនួយ ក្រុមហ៊ុនសាងសង់ និងជូនផលិតផលក្នុងស្រុកមានអំបុក ស្ករត្នោត ផ្លែដូង  ក្រឡាន ដល់គណៈអធិបតី ដើម្បីបង្កើនភាពស្និទ្ធស្នាលរវាងចិន និងកម្ពុជាផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង