រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ គ្រោងបង្កើតផ្សាររាត្រី «ផ្សារវប្បធម៌» នៅត្រើយខាងកើតស្ទឹងពោធិ៍សាត់ ទល់មុខវេទិកាអុំទូក

  • 2.7ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៨​ ខែតុលា ឆ្នាំ២០១៩ បានលើកឡើងថា ដើម្បីកែលម្អមុខមាត់ខេត្តពោធិ៍សាត់ ឲ្យកាន់តែមានលក្ខណៈទាក់ទាញ និងល្អប្រសើរបានមួយកម្រិតថែមទៀតនោះ ឯកឧត្តមគ្រោងនឹងបង្កើតផ្សាររាត្រីថ្មីមួយ ដែលមានឈ្មោះថា «ផ្សារវប្បធម៌» នៅត្រើយខាងកើតស្ទឹងពោធិ៍សាត់ ទល់មុខវេទិកាអុំទូក។ ផ្សាររាត្រីនេះ មិនត្រឹមតែជាកន្លែងទិញលក់ទំនិញ ឬរបស់របរអនុស្សាវរីយ៍ប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបង្ហាញយ៉ាងច្បាស់ នូវផ្នត់គំនិត និងវប្បធម៌ជាតិរបស់យើងផងដែរ។

ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងឱកាសចុះពិនិត្យទីតាំងដោះស្រាយផលប៉ះពាល់ ជូនប្រជាពលរដ្ឋរស់នៅរ៉បមាត់ស្ទឹង ការរៀបចំសម្អាតបរិស្ថាន និងការតបណ្តាញភ្លើងព័ណ៌ ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងដើម្បីអបអរសាទរ ក្នុងព្រឹត្តការណ៍អុំទូក «ង» ខ្នាតអន្តរជាតិ ជាលើកទី២ នៅខេត្តពោធិ៍សាត់ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ឆាប់ៗខាងមុខនេះ។

ឯកឧត្តម ម៉ៅ ធនិន បានបន្ថែមថា ឯកឧត្តមរួមជាមួយសហការី នឹងចូលរួមសហការលើកស្ទួយកែលំអរក្រុងពោធិ៍សាត់ ឲ្យបានស្អាតទាំងអស់គ្នា ដើម្បីឈានទៅប្រកួតប្រជែងទីក្រុងស្អាត ជាមួយខេត្តក្រុងដទៃទៀត។ ឯកឧត្តមអភិបាលខេត្ត ក៏បានឆ្លៀតឱកាសអំពាវនាវ ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមឲ្យបានច្រើនកុះករ ក្នុងព្រឹត្តការណ៍អុំទូក «ង» ខ្នាតអន្តរជាតិ ជាលើកទី២ នៅខេត្តពោធិ៍សាត់ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីបង្កើនភាពសប្បាយនៅក្នុងខេត្តរបស់យើង ឲ្យកាន់តែអធឹកអធមជាងឆ្នាំកន្លងទៅ។ ដោយឡែកនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ សូមប្រជាពលរដ្ឋ ចូលរួមហូបអំបុកសន្ដិភាពជាតិ ក្រោមពាក្យស្លោកថា «អំបុកខ្មែរថែជាតិ សាសនា និងព្រះមហាក្សត្រ»ទាំងអស់គ្នា។

ជាមួយនឹងសុខសន្តិភាព និងសមិទ្ធផលជាច្រើន ដែលលេចរូបរាងឡើងជាបន្តបន្ទាប់ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, ថ្មីៗនេះរដ្ឋបាលខេត្ត ក៏បានចាប់ដំណើរការ Wi-Fiសារធារណៈ ជូនប្រជាពលរដ្ឋប្រើប្រាស់ ដោយឥតគិតថ្លៃ នៅរ៉បសួនច្បារមាត់ស្ទឹង ទល់មុខសាលាខេត្តពោធិ៍សាត់។ ឧបករណ៍បច្ចេកទេសប្រព័ន្ធ WiFiសាធារណៈនេះ មានល្បឿន Download រហូតទៅដល់ 90Mbps និងល្បឿន Upload រហូតទៅដល់ 90Mbps (ក្នុងមួយវិនាទី) ហើយត្រូវបានដំឡើងរួចរាល់ជាស្ថាពរ ដោយក្រុមជំនាញរបស់ក្រុមហ៊ុនMetfone សហការជាមួយមន្ត្រីព័ត៌មានរដ្ឋបាលខេត្ត នឹងបានដាក់ឲ្យប្រើប្រាស់ ដោយឥតគិតថ្លៃ នៅល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ម្សិលមិញនេះ មានឈ្មោះ៖ «@Metfone_Free_Wifi»៕

Ti Amo (ពស)

អត្ថបទទាក់ទង