រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ សំណេះសំណាល និងចែកអាវឯកសណ្ឋានក្រុមគ្រួសារម៉ូតូឌុបក្រុងពោធិ៍សាត់ ចំនួន៨៩៩នាក់

  • 696
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាមេគ្រួសារម៉ូតូឌុបក្រុងពោធិ៍សាត់ នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានជួបសំណេះសំណាល និងចែកអាវឯកសណ្ឋានក្រុមគ្រួសារម៉ូតូឌុប ទាំង៧សង្កាត់ ក្នុងក្រុងពោធិ៍សាត់ ចំនួន៨៩៩នាក់ ស្រី១៧នាក់ ក្នុងនោះម៉ូតូកង់បី ចំនួន៦៩នាក់ ស្រី០១នាក់ និងបងប្អូនរត់រ៉ឺម៉ក ចំនួន៣៨នាក់។

ពិធីនេះធ្វើឡើងប្រកបដោយភាពស្និតស្នាល និងកក់ក្តៅក្រៃលែង នៅបរិវេណពហុកីឡាដ្ឋានខេត្តពោធិ៍សាត់ ចន្លោះពេលនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសពះព្រះខែ អកអំបុក ដែលនឹងខិតជិតមកដល់នាពេលឆាប់ៗខាងមុខ។

ឯកឧត្តម ម៉ៅ ធនិន បានថ្លែងថា ការជួបគ្នានាពេលនេះ គឺជាលើកទី៧ហើយ ចាប់តាំងពីលោកបានមកកាន់តួនាទី ក្នុងយន្តការដឹកនាំខេត្តជាងប្រាំឆ្នាំមក។ ឯកឧត្តមបានលើកឡើងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវនឹងប៉ិនប្រសព្វ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញផ្ទៃប្រទេស ហើយជានិច្ចជាកាលសម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។

ឯកឧត្តមបានបញ្ជាក់ថា ក្នុងនាមអភិបាលខេត្ត និងក្នុងនាមជាប្រធានក្រុមគ្រួសារម៉ូតូឌុបក្រុងពោធិ៍សាត់ ឯកឧត្តមតែងតែរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋទាំង៤៧ម៉ឺននាក់ ក្នុងខេត្តពោធិ៍សាត់ ហើយចាត់ទុក្ខថាជាសាច់ជាឈាម និងជាគ្រួសារតែមួយ ពេលជួបការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ឬជួបប្រទះនូវជំងឺដង្កាត់ផ្សេងៗ ដែលជាបញ្ហាប្រឈមដោះស្រាយមិនបាន ឯកឧត្តមនឹងធ្វើការដោះស្រាយជូនដោយផ្ទាល់ និងទាន់ពេលវេលា។

ឯកឧត្តមបានបន្ថែមថា ភ្ញៀវទេសចរមកលេងខេត្តពោធិ៍សាត់ ភាគច្រើនចង់ប្រើប្រាស់មធ្យោបាយម៉ូតូ ហើយនៅពេលខាងមុខ ឯកឧត្តមនឹងរៀបចំចងជាក្រុមតូចៗ ដោយមានមេក្រុមច្បាស់លាស់ ដើម្បីដឹកជញ្ជូនភ្ញៀវទេសចរណ៍ ទៅកាន់តំបន់ទេសចរណ៍ទាំង៣៨កន្លែង ទូទាំងខេត្ត។ ចំពោះគ្រួសារម៉ូតូឌុបយើងក៏ត្រូវបង្កើនចំណេះដឹង និងស្វែងយល់ព័ត៌មានបន្ថែម អំពីសក្តានុពល ដែលមាននៅក្នុងខេត្តផងដែរ។ ជាមួយគ្នានោះ ឯកឧត្តមសូមឲ្យបងប្អូនអ្នករត់ម៉ូតូឌុបទាំងអស់ ត្រូវចេះស្រលាញ់រាប់អានគ្នា ដូចក្រុមគ្រួសារតែមួយ អ្នកណាមានបញ្ហាត្រូវជួយគ្នាទៅវិញទៅមក មានការយោគយល់អធ្យាស្រ័យគ្នា ពិសេសត្រូវធ្វើជាបណ្ដាញដ៏ល្អក្ដាប់មុខសញ្ញាចោរកម្ម គ្រឿងញៀន បទល្មើស និងហេតុការណ៍ផ្សេងៗ រាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់ ដើម្បីចាត់វិធានការណ៍ឲ្យទាន់ពេលវេលា ជាពិសេសត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

ក្នុងឱកាសនោះ ឯកឧត្តមក៏បានចែកជូនវត្ថុកំដរដៃ ដល់សមាជិកសមាជិកាក្រុមគ្រួសារម៉ូតូឌុប និងអ្នកចូលរួមជាង១ពាន់នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ១០គីឡូក្រាម និងសារុង១ ដែលសម្ភារៈទាំងអស់នេះបានមកពីការរចូលរួមចំណែក ពីសំណាក់ឯកឧត្តម ម៉ៅ ធនិន និងឯកឧត្តម កែវ រតនៈ៕

Ti Amo (ពស)

អត្ថបទទាក់ទង