រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ភាគីថៃ ចូលរួមពន្លឿនតភ្ជាប់ច្រកផ្លូវ៥៥ ដើម្បីសម្រួលដល់ការធ្វើចរាចរ និងដឹកជញ្ជូន របស់ពលរដ្ឋប្រទេសទាំង២, និងសន្យាពន្លឿនតម្លើងច្រកផ្លូវ៥៥ (ច្រកថ្មដា) ទៅជាច្រកអន្តរជាតិ

  • 753
  • ដោយ Admin


(ពោធិ៍សាត់)៖ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានអនុញ្ញាតឲ្យប្រតិភូខេត្តត្រាត ប្រទេសថៃ ដឹកនាំដោយឯកឧត្តម ភិឈាន លិមវ៉ាំងយូ អភិបាលថ្មី ខេត្តត្រាត ចូលជួបពិភាក្សាការងារ ដើម្បីស្វែងរកបញ្ហាមួយចំនួន ទាក់ទងទៅនឹងការបើកច្រកព្រំដែនកម្ពុជា-ថៃ រវាងខេត្តពោធិ៍សាត់ និងខេត្តត្រាត (ច្រកថ្មដា និងច្រកថាសេន)។

កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយបានការចូលរួមពី ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង០៣ មន្ទីរជំនាញពាក់ព័ន្ធ អភិបាលស្រុកវាលវែង និងភាគីថៃជាច្រើននាក់។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានជម្រាបជូនថា ខេត្តពោធិ៍សាត់ ជាខេត្តមួយក្នុងចំណោមខេត្តទាំង២៥ខេត្ត/ក្រុង មានចម្ងាយពីទីរួមខេត្ត ទៅរាជធានីភ្នំពេញ និងពីទីរួមខេត្ត ទៅច្រកព្រំដែន៥៥ ជិត២០០គីឡូម៉ែត្រ។ ខេត្តពោធិ៍សាត់មាន០៧ក្រុង/ស្រុក មាន៤៩ឃុំ/សង្កាត់ និងមាន៥១១ភូមិ, មានផ្ទៃដីសរុប១២,៦៩២គីឡូម៉ែតការ៉េ ក្នុងនោះផ្ទៃដីកសិកម្ម១២ម៉ឺនហិកតា និងមានតំបន់ទេសចរណ៍ធម្មជាតិចំនួន៣៨កន្លែង។ ខេត្តពោធិ៍សាត់ មានច្រកព្រំដែនមួយ ឈ្មោះថាច្រកផ្លូវលេខ៥៥ ឬ(ច្រកថ្មដា) ទល់មុខច្រកថាសេន ខេត្តត្រាត ប្រទេសថៃ ដែលកន្លងមកនេះប្រជាពលរដ្ឋខេត្តទាំងពីរ មានទំនាក់ទំនងល្អ ក្នុងការចេញចូលដោះដូរទំនិញគ្នាទៅវិញទៅមក។ កន្លងមកនេះរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋភិបាលថៃ បានសហការគ្នា ដើម្បីតម្លើងបើកច្រកតំបន់នេះ ជាច្រកអន្តរជាតិ ព្រមទាំងបានស្ថាបនាផ្លូវជាតិលេខ៥៥ រួចរាល់ជាស្ថាពរផងដែរ។ ឯកឧត្តមអភិបាលខេត្ត ម៉ៅ ធនិន បានបញ្ជាក់ថា ច្រកថ្មដា ក្នុងមួយសប្ដាហ៍ ទាំងថៃ និងកម្ពុជា បានសម្រេចបើកឲ្យប្រជាពលរដ្ឋចេញចូលតែ០៣ថ្ងៃ ក្នុងមួយសប្តាហ៍ គឺថ្ងៃចន្ទ ថ្ងៃពុធ និងថ្ងៃសៅរ៏ តែមិនអាចបំពេញសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋទាំងសង្ខាងបានឡើយ។

ឯកឧត្តមបានស្នើឲ្យភាគីថៃ សម្រួលបើកច្រកព្រំដែននេះ ឲ្យបានមួយសប្ដាហ៍ ០៥ថ្ងៃ គឺថ្ងៃចន្ទ ថ្ងៃពុធ ថ្ងៃព្រហស្បត្តិ៍ ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដើម្បីឲ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ពិសេសមន្ត្រីរាជការដែលមានពេលឈប់សម្រាកតែថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិ បានទៅលេងកំសាន្ដតំបន់ទេសចរណ៍នានា ក្នុងខេត្តត្រាត និងខេត្តពោធិ៍សាត់។ ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ សង្ឃឹមថាភាគីថៃ ខេត្តត្រាត នៅតែបន្តកិច្ចសហប្រតិបត្តិការល្អទៅលើការងារព្រំដែនដូចជា ផ្នែកកសិកម្ម សិប្បកម្ម និងការដោះដូរទំនិញ និងសម្រួលឲ្យមានអ្នកវិនិយោគចូលមកដាក់ការវិនិយោគឲ្យបានច្រើន ព្រមទាំងជួយពន្លឿននីតិវិធី នៃការបើកច្រកព្រំដែនខេត្តទាំងពីរនេះ ឲ្យបានឆាប់រហ័ស។

ឯកឧត្តម ភិឈាន លិមវ៉ាំងយូ អភិបាលថ្មី ខេត្តត្រាត បានថ្លែងកោតសរសើរអំពីសក្តានុពលក្នុងខេត្តពោធិ៍សាត់ និងការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្ត ដែលក្នុងរយៈពេលប៉ុន្មានឆ្នាំនេះមានការរីកចម្រើនខុសប្លែកគួរឲ្យកត់សម្គាល់។ ឯកឧត្តមអភិបាលខេត្តត្រាតបានថ្លែងថា ពីមុនពលករកម្ពុជា ទៅធ្វើការនៅប្រទេសថៃមានកម្រិតមធ្យម តែឥឡូវនេះបានវិលមកធ្វើការនៅប្រទេសកម្ពុជាវិញជាបណ្ដើរៗ ដោយសារប្រទេសកម្ពុជាមានសុខសន្តិភាព និងមានរោងចក្រ សហគ្រាស ក្រុមហ៊ុន យ៉ាងច្រើនពោរពាស។​ ឯកឧត្តមអភិបាលខេត្តត្រាត បន្ថែមថា ខាងភាគីថៃមានគម្រោងដាក់ថវិកាជាង៥០លានបាត ក្នុងការកសាងផ្លូវគមនាគមន៍ តភ្ជាប់គ្នាពីច្រកថាសេន ប្រទេសថៃ ទៅច្រក៥៥ (ច្រកថ្មដា) ប្រទេសកម្ពុជា ដែលនឹងចាប់ផ្ដើមសាងសង់ ក្នុងអំឡុងពេលឆាប់ៗខាងមុខ បន្ទាប់ពីសភាថៃអនុម័ត៣ខែក្រោយ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តត្រាត ក៏បានទទួលយកនូវសំណើរបស់ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ ដើម្បីទៅពិភាក្សាគ្នា រកដំណោះស្រាយ ក្នុងការពន្លឿនបើកច្រក៥៦ ក៏ដូចជាសម្រួលដល់ការចរាចរចេញចូល របស់ប្រជាពលរដ្ឋប្រទេសទាំងពីរ ឲ្យបានឆាប់រហ័ស៕

Ti Amo (ពស)

អត្ថបទទាក់ទង