(ពោធិ៍សាត់)៖ នាថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបន្តទទួលជួបសំណេះសំណាល និងដោះស្រាយនូវរាល់បញ្ហាប្រឈម ក៏ដូចជាទុក្ខកង្វល់ ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលអញ្ជើញមកពីបណ្តាស្រុកក្រុងមួយចំនួន ទូទាំងខេត្តពោធិ៍សាត់ ដែលការធ្វើនេះទៅតាមទម្លាប់ នៅរៀងរាល់២ថ្ងៃម្តង ក្នុងមួយសប្តាហ៍។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានឲ្យដឹងថា បច្ចុប្បន្នឯកឧត្តមកំពុងបំពេញតួនាទីពីរ៖ ទី១-តួនាទីរដ្ឋបាល គឺឯកឧត្តមមានភារកិច្ចបម្រើប្រជាពលរដ្ឋ ការពារសន្តិសុខ សុវត្ថិភាព និងធានាឲ្យប្រជាពលរដ្ឋ រស់នៅក្នុងភាពសុខដុមរមនា និងការអភិវឌ្ឍ និងទី២-តួនាទីគ្រួសារ ជាសាច់ញាតិ ជាបង ជាប្អូន ជាកូន ជាក្មួយ ក្នុងសមាជិកគ្រួសារប្រជាពលរដ្ឋជាង៤៧ម៉ឺននាក់ ទូទាំងខេត្តពោធិ៍សាត់ ដែលត្រូវជួយចែករម្លែកនូវសេចក្តីសុខ និងទុក្ខលំបាកជាមួយគ្នា គ្រប់ពេលវេលា។
ឯកឧត្តមបន្ថែមថា ឯកឧត្តមមិនចង់ឃើញប្រជាពលរដ្ឋណាម្នាក់ មានភាពអយុត្តិធម៌ ឬប្រព្រឹត្តភាពសាហាវឃោរឃៅ នៅក្នុងខេត្តរបស់លោកឡើយ។ ជាទូទៅព័ត៌មានដែលផ្តល់ពីប្រជាពលរដ្ឋ នៅមូលដ្ឋាន តាមរយៈទូរស័ព្ទផ្ទាល់របស់ឯកឧត្តម គឺត្រូវបានដោះស្រាយ និងចាត់វិធានការបានទាន់ពេលវេលា។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា គ្មានរឿងអីដែលត្រូវពិបាកដោះស្រាយនោះទេ ឲ្យតែយើងមានឆន្ទៈក្នុងការដោះស្រាយ កុំឲ្យតែមានអំពើពុករលួយមោបាំង នៅពីក្រោយខ្នងយើង។
ជាមួយនឹងការចូលរួមសំណេះសំណាល និងទទួលការដោះស្រាយនាខណៈនោះ បងប្អូនពុកម៉ែប្រជាពលរដ្ឋ បានសម្តែងការសាទរយ៉ាងខ្លាំង ចំពោះវត្តមានរបស់ឯកឧត្តម មកទទួលការគ្រប់គ្រងដឹកនាំនៅក្នុងខេត្តពោធិ៍សាត់ ដែលពីមុនពុំធ្លាប់បានឃើញទាល់តែសោះ។ ក្រោមការដឹកនាំរបស់ឯកឧត្តម បានធ្វើឲ្យខេត្តពោធិ៍សាត់ មានការកែប្រែមុខមាត់គួរជាទីមោទន ប្រជាពលរដ្ឋរស់នៅដោយគ្មានភាពភ័យខ្លាច ជាពិសេសមានកម្មវិធីសប្បាយៗជាច្រើន ដូចជាកម្មវិធីបុណ្យអុំទូក អកអំបុក…រៀបចំតាមបែបបទប្រពៃណីជាតិខ្មែរ ដែលទើបតែបញ្ចប់កាលពីពេលថ្មីៗនេះ៕
Ti Amo (ពស)