(ពោធិ៍សាត់)៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ដោះស្រាយ និងចាត់វិធានការយ៉ាងក្តៅគគុក ចំពោះជនខិលខូចមួយចំនួន ដែលជាប់ពាក់ព័ន្ធនឹងការកាប់ទន្ទ្រានដីសហគមន៍ តំបន់ការពារធម្មជាតិស្ទឹងថ្មី ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយបានការចូលរួមពីឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អាជ្ញាធរស្រុក ឃុំ ប្រធានសហគមន៍ តំណាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) និងជំនាញរបស់ក្រសួងបរិស្ថានជាច្រើនផ្សេងទៀត។
នាឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានលេីកទឹកចិត្តឱ្យមន្រ្តីពាក់ព័ន្ធ និងដៃគូចូលរួមរអភិវឌ្ឍន៍តំបន់សហគមន៍នេះ ដើម្បីលើកកម្ពស់ជីវភាពប្រជាសហគមន៍ តាមរយៈការធ្វើផ្លូវថ្នល់ ទឹកស្អាត ផ្តល់នូវចំណេះដឹងលើការចិញ្ចឹមសត្វ ដើម្បីប្រជាសហគមន៍អាចដោះស្រាយជីវភាព រស់នៅបានធូរធារ។ ក្រៅពីនេះក្រសួងបរិស្ថាននឹងចូលរួមសហការជាមួយក្រសួងសុខាភិបាល លុបបំបាត់នូវជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺអេដស៍ ក៏ដូចជាជួយលើវាក់សាំងបង្ការរោគជំងឺមួយចំនួន តាមសហគមន៍ផងដែរ។
ក្នុងកិច្ចប្រជុំក៏មានការលើកឡើង ជុំវិញបញ្ហាជនល្មើសបានទន្រ្ទានឈូសឆាយដីតំបន់សហគមន៍ មកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន ដែលនឹងត្រូវចាត់វិធានការផ្លូវច្បាប់នាថ្ងៃខាងមុខ។
សូមបញ្ជាក់ថា ដែនជម្រកសត្វព្រៃភ្នំសំកុស មានផ្ទៃក្រឡា៣សែនហិកតា លាតសន្ធឹងនៅក្នុងខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកោះកុង ដែលចេញដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣៕
Ti Amo (ពស)