(ពោធិ៍សាត់)៖ ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ បានអញ្ជើញជួបសំណេះសំណាល បំពាក់គ្រឿងឥស្សរិយយសការងារ ជូនបុគ្គលិកអប់រំ និងប្រគល់លិខិតថ្លែងអំណរគុណ ជូនគរុសិស្ស ក្នុងខេត្តពោធិ៍សាត់ នៅប័ណ្ណាល័យសាមគ្គីវិទ្យាល័យពោធិ៍សាត់។
ពិធីនេះបានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី និងបុគ្គលិកអប់រំយ៉ាងច្រើនកុះករ។
បន្ទាប់ពីលោក លី សុគន្ធី ប្រធានមន្ទីរអប់រំខេត្ត បានអានរបាយការណ៍សង្ខេបរួចមក ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត និងឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានថ្លែងនូវការកោតសរសើរ ដល់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូទូទាំងទូទាំងខេត្ត ដែលបានខិតខំប្រឹងប្រែង និងផ្ទេរចំណេះដឹង បង្រៀនដល់កូនចៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលមិនគិតពីការខ្វះខាតអ្វីឡើយ ក្នុងគោលបំណងធ្វើយ៉ាងណាឲ្យកុមារពេញវ័យ សិក្សាទទួលបានសេវាអប់រំ យ៉ាងហោចណាស់ត្រឹមថ្នាក់ទី៩។ ជាការពិតណាស់លោកគ្រូ អ្នកគ្រូ គឺជាគ្រួសារគម្រូ ជាពុម្ភ និងជាថ្នាលបណ្តុះបណ្តាលនូវធនធានមនុស្ស ប្រកបដោយគុណភាព និងប្រសិទ្ធភាព សម្រាប់ការស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន។ ឯកឧត្តមបានលើកឡើងទៀតថា ក្រោមការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យសង្គមជាតិយើងទទួលបានសុខសន្តិភាព ស្ថេរភាពលើផ្ទៃប្រទេស និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។
ថ្នាក់ដឹកនាំទាំង២ សូមឲ្យសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ពិសេសថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ គប្បីយកចិត្តទុកដាក់ ក្នុងការបំពេញការងារ មានព្រហ្មវិហារធម៌ទាំង៤ នៅក្នុងខ្លួន មានវប្បធម៌សាមគ្គី វប្បធម៌ចែករំលែកដល់ថ្នាក់ក្រោម។ ថ្នាក់ដឹកនាំទាំងទ្វេរ បានបន្ថែមទៀតថា កុំយកតួនាទីខ្លួនទៅធ្វើអាជីវកម្ម កុំមានបក្សពួក គ្រួសារនិយម ដែលនាំឲ្យប៉ះពាល់ដល់មន្ត្រីក្រោមឱវាទ ត្រូវគ្រប់គ្រងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ មានឧត្តមកិត្តិក្នុងការទទួលខុសត្រូវ ដូចអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺធ្វើយ៉ាងណាឲ្យបាន ឲ្យលឿន និងមានតម្លាភាព ពិសេសផ្តោតទៅលើសេវាវិស័យអប់រំ គ្រប់កំរិតទូទាំងស្រុក ក៏ដូចជាទូទាំងខេត្ត។
សូមបញ្ជាក់ថា ខេត្តពោធិ៍សាត់គ្រូបង្រៀនមធ្យមសិក្សាទុតិយភូមិ មានចំនួន៣៤០នាក់, គ្រូមធ្យមសិក្សាបឋមភូមិ១៧៤៦នាក់ និងគ្រូបឋម១៧៧១នាក់។ គ្រឹះស្ថានសិក្សាវិទ្យាល័យ១៥ អនុវិទ្យាល័យ៤៤ បឋម៣០៥ មត្តេយ្យ១៨ ថ្នាក់មត្តេយ្យក្នុបឋម១៥៥។ ជាមួយគ្នានោះថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំ ត្រូវបំពាក់គ្រឿងឥស្សរិយសមុនីសារាភណ្ឌថ្នាក់ធិបឌិន១រូប, ថ្នាក់សេនា៤រូប, ថ្នាក់អស្សឬទ្ធិ៣រូប, មេដាយមាសការងារ៧៧រូប, ប្រាក់១១៣រូប និងមេដាយសំរឹទ្ធ១៨៧រូប ជូនទង់ជ័យលាភីលេខ១ ចំនួន៥អង្គភាព, លេខ២ ចំនួន៥អង្គភាព, ប័ណ្ណសរសើរ ចំនួន៩អង្គភាព, ប័ណ្ណសរសើរជូនបុគ្គលិក ដែលចូលនិវត្តន៍ ចំនួន៣៣នាក់ និងប័ណ្ណសរសើរជូនគរុសិស្ស ចំនួន៤៩នាក់ ដែលបានចូលរួមជាសមាជិកគណៈកម្មការអប្បមាទប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩៕
Ti Amo (ពស)