រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

សាលាមត្តេយ្យសហគមន៍៤ នៅខេត្តពោធិ៍សាត់ និង៣ផ្សេងទៀត នៅខេត្តកំពង់ឆ្នាំង ត្រូវបានសម្ពោធជារួម ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងអប់រំ (Video inside)

  • 1.3ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តមបណ្ឌិត ហង់ ជួណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមម៉ៅ ធនិន អភិបាលនៃគណៈ អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជារួម ដាក់ឲ្យប្រើប្រាស់ផ្លូវការ នូវអគារមត្តេយ្យសិក្សាសហគមន៍៤ នៅក្នុងខេត្តពោធិ៍សាត់ និង៣នៅខេត្តកំពង់ឆ្នាំង ជាអំណោយរបស់អង្គការ (Save the Chidren) ប្រចាំប្រទេសកម្ពុជា  ដែលបានប្រារព្ធធ្វើនៅក្នុងសាលាបឋមសិក្សាស្តុកឃ្លោក  ស្ថិតក្នុងភូមិស្តុកឃ្លោក ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោក លី សុគន្ធី ប្រធានមន្ទីរ អប់រំយុវជន និងកីឡា ខេត្តពោធិ៍សាត់ អគារមត្តេយ្យសហគមន៍ និងសមិទ្ធិផលផ្សេងៗទៀតជា អំណោយរបស់ អង្គការ Save the Chidren ប្រចាំប្រទេសកម្ពុជា  ដែលបានធ្វើពិធីសម្ពោធជានិម្មិតរូបដាក់ឲ្យប្រើប្រាស់ជារួមនាពេលនេះ មានអគារមត្តេយ្យសិក្សាសហគមន៍ស្តុកឃ្លោក រាំងទិល កំពង់ឃ្នាស និងអន្លង់រាំងក្នុងខេត្តពោធិ៍សាត់ និងមត្តេយ្យសិក្សាសហគមន៍ កំពង់ក្តារ តាមល់លើ និងដូនវៀត ក្នុងខេត្តកំពង់ឆ្នាំង ដោយចំណាយអស់ថវិកា ៤៥៤.០៦១ដុល្លារអាមេរិក។ សំណង់អគារនេះគឺជាគម្រោង គាំពានិងអភិវឌ្ឍន៍អប់រំកុមារតូចស្ថិតក្នុងតំបន់លិចទឹក និងបណ្តែតទឹក ចាប់ផ្តើមអនុវត្តតាំងពីឆ្នាំ២០១៦ និងបញ្ចប់ឆ្នាំ២០១៩ សាងសង់ទៅតាមស្តង់ដា និងលក្ខ័ណ្ឌមួយចំនួនដូចជា កុមារមេត្រី សុវត្ថិភាព អនាម័យទឹកស្អាត បរិស្ថានល្អ កាត់បន្ថយ ពីហានិភ័យ នានា ដែលកើតឡើងដោយគ្រោះធម្មជាតិ និងនិរន្តភាពនៃការប្រើប្រាស់អគារ។ អគាមត្តេយ្យសិក្សា សហគមន៍នេះសម្រាប់កុមារ ដែលមានអាយុ ពី០ដល់ក្រោម៦ឆ្នាំ ដែលមានផ្ទៃក្រឡា បណ្តោយ១៨ម៉ែត្រ និងទទឹង៧ម៉ែត្រ ចែកចេញជាថ្នាក់រៀនតំបន់ក្មេងលេង និងបន្ទប់ទឹក។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន បានថ្លែងអំណរគុណ ចំពោះអង្គការ Save the Chidren ប្រចាំប្រទេសកម្ពុជា ដែលបានជួយកសាងអគារមត្តេយ្យ សិក្សាសហគមន៍ នៅក្នុងខេត្តពោធិ៍សាត់និងខេត្តកំពង់ឆ្នាំងនេះឡើង ដើម្បីបំពេញតម្រូវការរបស់សិស្ស ដែលកំពុងមានកំណើនជារៀងរាល់ឆ្នាំ។ ការចូលរួមអភិវឌ្ឍន៍លើវិស័យអប់រំនៅកម្ពុជា ពិតជាមានសារៈសំខាន់ណាស់ ដែលពេលនេះបាននឹងកំពុងកែទម្រង់ ជាច្រើនក្នុងគោលបំណងឲ្យកុមារគ្រប់ៗរូប បានចូលរៀនធានាការអប់រំប្រកបដោយគុណភាព បរិយាប័ន្ន សមធម៌ និងបង្កើតកាលានុវត្តភាព សិក្សាពេញមួយជីវិត។ ដូចនេះសូមឲ្យក្មួយៗដែលជាទំពាំងស្នងឬស្សី និងជាអ្នកបន្តវេណទៅថ្ងៃអនាគតនោះ គប្បីខិតខំសិក្សារៀនសូត្រ មានវិន័យសីលធម៌ល្អ និងចូលរួមថែរក្សាការពារ សមិទ្ធិផលបានយូរអង្វែង ជាក្តីសង្ឃឹមរបស់ម្ចាស់ជំនួយក៏ដូចអាជ្ញាធរខេត្ត ពិសេសមាតាបិតា និងអាណាព្យាបាលរបស់ក្មួយៗនោះតែម្តង។

ស្របពេលនោះដែរឯកឧត្តមបណ្ឌិត ក៏បានសម្តែងនូវការនឹករលឹកដល់ប្រជាពលរដ្ឋនៅក្នុងឃុំអូតាប៉ោង ក៏ដូចទូទាំងខេត្ត ដែលកន្លងមក ខិតខំអភិវឌ្ឍន៍មូលដ្ឋាន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃកម្ពុជា បាននាំមកនូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឃន៍លើគ្រប់វិស័យ។ ហេតុនេះក្នុងនាម ថ្នាក់ដឹកនាំក្រសួង សូមឲ្យបុគ្គលិកអប់រំទាំងអស់ បន្តការខិតខំបង្រៀនសិស្ស ស្របតាម ចតុស្តម្ភទាំង៤ នៃការអប់រំ គឺរៀនដើម្បីមានចំណេះដឹង រៀនដើម្បីមានចំណេះធ្វើ រៀនដើម្បីក្លាយជាពលរដ្ឋល្អ និងរៀនដើម្បីចេះរស់នៅជាមួយគ្នា។ ចំពោះបងប្អូនប្រជាពលរដ្ឋត្រូវតែជម្រុញ កូនចៅមកចូលរៀនឲ្យបាន គ្រប់ៗ គ្នា និងចូលរួមរក្សាការពារ នូវសមិទ្ធិផលទាំងអស់នេះ ឲ្យបានគង់វង្សយូរអង្វែង ប្រយោជន៍ដល់កូនចៅយើងជំនាន់ក្រោយៗទៀត៕

Ti Amo (ពស)

អត្ថបទទាក់ទង