(ពោធិ៍សាត់)៖ លោកជំទាវ មាន សំអាន សមាជិកអចិន្ត្រៃយ៍ព្រឹទ្ធសភា និងជាអនុប្រធានគណៈកម្មាធិការកណ្ដាល សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត, លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍, លោកជំទាវ ឯម ប៉ុណ្ណា សមាជិការដ្ឋសភា និងជាសមាជិកាប្រតិបត្តិថ្នាក់កណ្ដាលសមាគមនារីកម្ពុជា និងលោកស្រី ច័ន្ទ ភារី ប្រធានក្រុមហ៊ុនរេវឡនប្រចាំប្រទេសកម្ពុជា នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ បានដឹកនាំវេទិកាយុវតីឆ្ពោះទៅកាន់ភាពជាអ្នកដឹកនាំ ជូនសិស្សនារីមកពីវិទ្យាល័យពោធិ៍សាត់ ប្រមាណ២០០នាក់ ដែលរៀបចំដោយ សាខាសមាគមនារីខេត្ត នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ ប៊ុន រ៉ានី ហ៊ុនសែន ពោធិ៍សាត់។
វេទិកានេះមានគោលបំណង ផ្សព្វផ្សាយនូវចំណេះដឹងមួយចំនួនដល់ក្មួយៗយុវតីថ្នាក់ទី១២ ដើម្បីធ្វើជាមូលដ្ឋានក្នុងការពិចារណា ក្រោយពីបញ្ចប់ការសិក្សានៅវិទ្យាល័យពោធិ៍សាត់ ឈានឆ្ពោះទៅរកភាពជាអ្នកដឹកនាំដោយជោគជ័យនាពេលអនាគត បន្តវេនពីអ៊ុំៗ និងមីងៗ ដែលជាថ្នាក់ដឹកនាំនាពេលបច្ចុប្បន្ន។ កន្លងមកសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានរៀបចំវេទិការួចម្ដងមកហើយ ស្ដីពីការបង្កើនភាពជោគជ័យសម្រាប់ស្រ្តី ក្នុងភាពជាអ្នកដឹកនាំនិងការប្រកបអាជីវកម្ម ដែលមានអ្នកចូលរួមចំនួន៨៥នាក់មកពីមូលដ្ឋាន ដែលជាក្រុមអាជីវកម្ម។ វេទិកាទាំងពីរលើកនេះសុទ្ធតែមានសារៈសំខាន់ និងចាំបាច់បំផុតសម្រាប់ស្ត្រី ដើម្បីឈានឆ្ពោះទៅរកភាពជោគជ័យ ក្នុងការដឹកនាំ និងធ្វើសេចក្ដីសម្រេចចិត្ត។
យុវតីជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យពោធិ៍សាត់ បានស្ដាប់នូវការទូន្មានប្រៀនប្រដៅ ការផ្ដល់ជាគំនិត ចំណេះដឹង និងបទពិសោធន៍ល្អៗ ពីវាគ្មិនថ្នាក់ដឹកនាំ ព្រមទាំងមានការលើកជាសំណួរ ចម្លើយ និងការប្ដេជ្ញាចិត្តផងដែរ។
លោកជំទាវ មាន សំអាន មានប្រសាសន៍ថា វេទិកានេះ គឺជាការស្វែងរកក្មួយៗជាក្មេងស្រី ចូលរួមឲ្យបានកាន់តែច្រើន ក្នុងឆាកនយោបាយ ដែលមានការគាំទ្រពីសំណាក់មីងៗ និងអ៊ុំៗ។ មីងៗ អ៊ុំៗ និងលោកគ្រូអ្នកគ្រូ ចង់បណ្ដុះគំនិតដល់ក្មួយៗទាំងអស់ ត្រូវមានក្ដីស្រម័យមួយពិតប្រាកដ គឺចង់ក្លាយជាអ្នកដឹកនាំដូចបុរសដែរ។ ដូច្នេះទាមទារឲ្យក្មួយៗត្រូវតែមានសេចក្ដីក្លាហាន ហ៊ានតស៊ូពុះពាររាល់ការលំបាក ដើម្បីធ្វើឲ្យក្ដីស្រម័យរបស់ខ្លួនក្លាយជាការពិត។ លោកជំទាវបានស្នើឲ្យក្មួយៗត្រូវសិក្សារៀនសូត្រ និងដើរតាមគំរូវីរៈភាពអ្នកនយោបាយជាស្ត្រីរបស់យើង ដែលជាមនុស្សចាស់ អំពីបទពិសោធន៍ជីវិតនយោបាយផ្ទាល់ខ្លួនជាច្រើនឆ្នាំកន្លងមកហើយ។ លោកជំទាវបានលើកឡើងថា បច្ចុប្បន្នស្ត្រីត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់ស្ថានភាពស្ត្រីក្នុងវិស័យនយោបាយ។ ស្ត្រីជាច្រើនបានក្លាយជាអ្នកដឹកនាំនៅគ្រប់កម្រិត ចាប់ពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន ហើយពីមួយឆ្នាំទៅមួយឆ្នាំ បរិមាណស្ត្រីក្នុងភាពជាអ្នកដឹកនាំកាន់តែមានចំនួនកើនឡើងជាលំដាប់ ដែលស្របទៅនឹងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល បានចាត់ទុកស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។ ទោះបីចំនួនស្ត្រីក្នុងជួរថ្នាក់ដឹកនាំកើនឡើងក៍ដោយ ប៉ុន្តែចំនួននោះនៅពុំទាន់សមស្របទៅនឹងសំណូមពរនិងតម្រូវការចាំបាច់របស់យើងនៅឡើយទេ។ ក្រោយពីទទួលបានចំណេះដឹង គំនិត និងបទពិសោធន៍ល្អៗ សូមក្មួយៗយកទៅប្រើប្រាស់គិតពិចារណារឲ្យបានល្អិតល្អន់ ដើម្បីកែលម្អរ និងបង្កើនគំនិតថ្មីរបស់ខ្លួន ព្រមទាំងផ្សព្វផ្សាយបន្ត ដល់មិត្តភ័ក្កិ រួមចំណែកក្នុងការលើកកម្ពស់ស្ថានភាពស្ត្រីក្នុងវិស័យនយោបាយ ឲ្យកាន់តែទូលំទូលាយបន្ថែមទៀត៕
Ti Amo (ពស)