រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ឯកឧត្តម ស៊ុយ សែម៖ ៤១ឆ្នាំមកនេះ ផ្ដើមពី​ជ័យជម្នះ​៧មករា កម្ពុជាបាន​នឹងកំពុងឈាន​ទៅមុខ តាម​ទិសដៅ​ដ៏ត្រឹមត្រូវ ស្របតាម​បំណងប្រាថ្នា​របស់​ប្រជាជន

  • 1.2ពាន់
  • ដោយ Admin

(ពោធិ៍សាត់)​៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តពោធិ៍សាត់ បានរំលឹកថា ក្នុងរយៈពេល៤១ឆ្នាំមកនេះ ផ្ដើមចេញពីជ័យជម្នះ៧មករា ប្រទេសកម្ពុជា​បាននឹងកំពុងឈានទៅមុខ តាមទិសដៅដ៏ត្រឹមត្រូវ ស្របទៅតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន ពីវាលពិឃាត តំបន់អសនិ្តសុខ ចម្ការមីន បានក្លាយជាតំបន់សន្តិភាព ជាតំបន់ទេសចរណ៍ ដែលមានប្រជាប្រិយក្នុងអាស៊ីអាគ្នេយ៍ ហើយទទួលបានភ្ញៀវទេសចរររាប់ លាននាក់ក្នុងមួយឆ្នាំៗ។

ការលើកឡើងរបស់ឯកឧត្តម ស៊ុយ សែម ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញប្រារព្ធមីទ្ទីង រំលឹកខួបអនុស្សាវរីយ៍ លើកទី៤១ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ - ៧ មករា ២០២០) នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលវប្បធម៌កោះសំពៅមាស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយបានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត តំណាងរាស្ត្រ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីរាជការ យុវជន ប្រជាពលរដ្ឋ និងសិស្សានុសិស្ស សរុបប្រមាណ៨៥០នាក់។

ឯកឧត្តម ស៊ុយ សែម បានថ្លែងថា ទិវាជ័យជម្នះ ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ គឺជាសច្ចភាព នៃជ័យជម្នះរបស់កងទ័ពតស៊ូ ក្រោមការដឹកនាំដោយសម្ដេច ជា ស៊ីម សម្ដេច​តេជោ ហ៊ុន សែន និងសម្ដេចពញាចក្រី ហេង សំរិន ក្នុងការរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដឹកនាំរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដែលបាន​សម្លាប់ជាតិសាសន៍ឯង យ៉ាងរង្គាលព្រៃផ្សៃបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តពិភពលោក។ ៧ មករា គឺជាកំណើតទី២ នៃពលរដ្ឋខ្មែរ និងជាដើមកំណើតនៃសន្តិភាពពិតប្រាកដ សម្រាប់កម្ពុជាទាំងមូល។ ដូច្នេះបងប្អូនជនរួមជាតិ ត្រូវអរគុណសន្តិភាព ចូលរួមថែរក្សា ការពារសន្តិភាព សម្រាប់ប្រទេសជាតិយើងទាំងអស់គ្នា។

យើងដឹងហើយថា បច្ចុប្បន្នគណបក្សប្រឆាំង ដឹកនាំដោយលោក សម រង្សី បានអំពាវនាវដល់សហភាពអ៊ឺរ៉ុប ឲ្យផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ លើកលែងតែអាវុធ មកលើកម្ពុជា តែទោះ​គ្មាន(EBA) ក៏​កម្ពុជានៅតែមាន​សមត្ថភាព​បង់ពន្ធ ហើយ​នៅតែ​បន្ត​រកស៊ី និង​នាំ​ទំនិញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​ដដែល​។ ក៏ប៉ុន្តែបើ​បាត់បង់EBAមែន វាហាក់បីដូចជា​បាត់បង់​អ្វីៗ ដែល​សហភាព​អឺរ៉ុប​ធ្លាប់ជួយ​កម្ពុជា​។ ទន្ទឹមនឹងនោះ​ កម្ពុជានៅតែមានប្រាក់បៀវត្សសម្រាប់បើកឲ្យមន្ត្រីរាជការដដែល ហើយផ្ទុយទៅវិញ ការដកEBA គឺដូចជា​ការរួមចំណែក ​ស​ម្លា​ប់​ក្រុម​អ្នកប្រឆាំងនោះផងដែរ។

ក្នុងនាមក្រុមការងារ និងក្នុងនាមថ្នាក់ដឹកនាំខេត្ត ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមរក្សានូវប្រពៃណី សាមគ្គីភាព ឯកភាពជា ក្រោមដំបូលនៃសុខសន្តិភាព និងសូមឲ្យបងប្អូនប្រជាកសិករ ខិតខំដាំបន្លែដែលគ្មានជាតិគីមី ដើម្បីផ្គត់ផ្គង់ដល់ទីផ្សារក្នុងខេត្ត និងក្រៅខេត្ត។ ជាមួយគ្នានោះ បងប្អូនជាអាជីវករ ដែលទើបនឹងផ្លាស់ប្តូរទីតាំងលក់ដូរថ្មី ក្នុងផ្សារភួពុយ ត្រូវប្រមូលគ្នាចូលរួមលក់ដូរឲ្យបានព្រមៗគ្នា ព្រោះថាលោកកញ៉ា ភួ ពុយ បានសម្រេចផ្តល់ទីតាំងឲ្យបងប្អូនលក់ដូរ ដោយឥតគិតថ្លៃ ចន្លោះពី៣ទៅ៥ឆ្នាំឯណោះ៕

Ti Amo (ពស)

អត្ថបទទាក់ទង