(ពោធិ៍សាត់)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន, ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកស្រី Suwanna Gauntlett នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ «Wildlife Alliance» នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ បានរួមដំណើរលើឧទ្ធម្ភាគចក្រតែមួយ ហោះហើរពីព្រលានយន្តហោះពោធិ៍ចិនតុង រាជធានីភ្នំពេញ ឆ្ពោះទៅកាន់ ឃុំអូរសោម ស្រុកវាលវែង ដើម្បីត្រួតពិនិត្យមើលជាក់ស្តែង ជុំវិញផលប៉ះពាល់នៃការស្ថាបនាផ្លូវជាតិលេខ១០ «ពីអក្សរT ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្ពោះទៅកាន់ស្រុកថ្មបាំង ខេត្តកោះកុង ឆ្លងកាត់ឃុំក្រពើពីរ ឃុំប្រម៉ោយ និងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់» ដែលគ្រោងនឹងបើកការដ្ឋានសាងសង់ នាពេលឆាប់ៗខាងមុខ។
បើតាមឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងសាងសង់ថ្មី នូវផ្លូវជាតិលេខ១០ «ពីអក្សរT ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្ពោះទៅកាន់ស្រុកថ្មបាំង ខេត្តកោះកុង ឆ្លងកាត់ឃុំក្រពើពីរ ឃុំប្រម៉ោយ និងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់» គ្រោងនឹងចំណាយថវិកាជាង១៨០លានដុល្លារ ប្រើប្រាស់ប្រាក់កម្ចីហិរញ្ញប្បទាន ពីរាជរដ្ឋាភិបាលចិន។ ការបើកការដ្ឋានស្ថាបនាផ្លូវនេះ នឹងធ្វើកម្មវិធីរួមគ្នា ជាមួយការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៥៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តភ្ជាប់ពីផ្លូវជាតិលេខ៥ ពីចំណុចរមណីដ្ឋានលោកឧកញ៉ា ឃ្លាំង មឿង ឆ្ពោះទៅកាន់ឃុំថ្មដា ស្រុកវាលវែង ជាប់ព្រំដែន កម្ពុជា-ថៃ ដែលមានចម្ងាយជាង១៨៦គីឡូម៉េត្រ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បន្ដថា «គម្រោងសាងសង់ផ្លូវជាតិលេខ១០ មានប្រវែង១៩៣គីឡូម៉ែត្រ ជាផ្លូវប្រភេទ DBST ដែលឲ្យប្រជាពលរដ្ឋ មកពីខេត្តបាត់ដំបង និងបន្ទាយមានជ័យ ឬតាមបណ្តាខេត្តទិសពាយ័ព្យ អាចធ្វើដំណើរ និងដឹកទំនិញឆ្លងកាត់ទៅខេត្តជាប់ដែនសមុទ្រ បានយ៉ាងងាយស្រួល»។
បើទោះបីឯកឧត្តម ទេសរដ្ឋមន្ត្រី បានឲ្យដឹងពីការសម្ពោធ និងបើកការដ្ឋានជារួម នាពេលឆាប់ៗខាងមុខក៏ពិតមែន ក៏ប៉ុន្តែពេលវេលាកំណត់ជាក់ស្តែងនៅថ្ងៃណានោះ នៅមិនទាន់ច្បាស់នៅឡើង៕
Ti Amo (ពស)
fbt