រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

សម្តេច ស ខេង​៖ ត្រូវ​ប្រើ​មន្ត្រី​ឲ្យ​អស់​លទ្ធភាព បើ​ទំនេរ​ចោល គឺ​ខាតបង់​ថវិកាជាតិ

  • 1.6ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ នា​ពិធី​សម្ពោធ និង​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ ការិយាល័យ​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ រាជធានី​-​ខេត្ត នៅ​រដ្ឋបាល​ខេត្តពោធិ៍សាត់ ព្រឹក​ថ្ងៃទី​២២ ខែមករា ឆ្នាំ២០២០ សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​លើកឡើងថា រដ្ឋ​ត្រូវ​ប្រើ​មន្ត្រី​ឲ្យ​អស់​លទ្ធភាព ដើម្បី​បម្រើសេវា​កម្ម​ជូន​ប្រជាពលរដ្ឋ ព្រោះ​បើ​មន្ត្រី​ទំនេរ​ចោល ជាការ​ខាតបង់​ថវិកាជាតិ​។​

«​អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្ដែង​នៃ​មូលដ្ឋាន ពោលគឺ​បើ​មិនទាន់មាន​តម្រូវការ​ស្នើសុំ​សេវា​ច្រើន រដ្ឋ​មិនទាន់​បង្កើត​ច្រកចេញ​តែមួយ​ឡើយ គឺ​មិនអាច​បង្កើត​ហើយ​យក​មន្ត្រី​ទៅ​ចាំ​បំពេញការងារ​ដោយ​ទំនេរ​ចោល​នោះទេ ព្រោះ​វា​គឺជា​ការខាតបង់​ថវិកាជាតិ ដែល​ថវិកា​នេះ​ក៏ដូចជា​ថវិកា​ពលរដ្ឋ​ដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្តេច ស ខេង ដោយ​ស្នើ​ឲ្យ​មន្ត្រី​ជំនាញ​ទាំងអស់​ប្រមូល​ផ្តុំគ្នា​ធ្វើការ​ដើម្បី​បម្រើសេវា​រដ្ឋបាល​សាធារណៈ​សម្រាប់​ប្រជាពលរដ្ឋ​។​

​សម្តេច​ឧបនាយករដ្ឋមន្ត្រី បានស្នើ​ឲ្យ​ព​ន្លឿ​ន​ការងារ​សមាហរណកម្ម​ការិយាល័យ​នៃ​អង្គភាព​ជំនាញ ក៏ដូចជា​ការផ្ទេរ​បុគ្គ​លិ​ក ចូលក្នុង​រចនាសម្ព័ន្ធ ច្រកចេញចូល​តែមួយ ក៏ដូចជា​ការិយាល័យ​ប្រជាពលរដ្ឋ ដោយ​មិន​ឲ្យ​មន្ត្រី​ទាំងនោះ បាត់បង់​ប្រយោជន៍​រប​ស់​ខ្លួន​រហូតដល់​ចូលនិវត្តន៍​។ សម្តេច​បានលើកឡើង​ពី​ផលវិបាក​នៃ​ការធ្វើការងារ​បែកខ្ញែក​គ្នា ដោយមាន​ការិយាល័យ​ច្រើន ប៉ុន្តែ​មិនសូវមាន​មនុស្ស​ធ្វើការ​។​

«​ការិយាល័យ​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​ដែល​សម្ពោធ​នា​ថ្ងៃនេះ គឺជា​សមិទ្ធផល​ថ្មី​មួយទៀត​នៃ​គោលនយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ ដែល​រាជរដ្ឋាភិបាល​ដាក់ចេញ​ដើម្បី​បង្ករលក្ខណៈ​ងាយស្រួល និង​ឆ្លើយតប​តាម​សំណូមពរ ពេលវេលា ព្រមទាំង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្តេច ស ខេង នា​ពិធី​នៅ​ពោធិ៍សាត់​៕

Ti Amo (ពស)

អត្ថបទទាក់ទង