(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានផ្តាំផ្ញើដល់មន្ត្រីមូលដ្ឋានទាំងអស់ ដែលមានតួនាទីរដ្ឋ ត្រូវយកទៅប្រើប្រាស់ឱ្យចំគោលដៅ ដើម្បីជាប្រយោជន៍ និងផ្តល់ភាពកក់ក្តៅ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ជាមួយគ្នានោះគប្បីបន្តការយកចិត្តទុកដាក់ក្នុងការបំពេញការងារ ទាំងផ្លូវរដ្ឋ និងទាំងផ្លូវគ្រួសារ ដោយប្រកាន់ភ្ជាប់នូវព្រហ្មវិហារធម៌ទាំង៤ មានវប្បធម៌សាមគ្គី ចែករំលែកដល់ថ្នាក់ក្រោម កុំយកទួនាទីទៅធ្វើអាជីវកម្ម បក្ខពួក គ្រួសារនិយម ដែលនាំឱ្យប៉ះពាល់ដល់អារម្មណ៍មន្ត្រីរាជការក្រោមឱវាទ និងប្រជាពលរដ្ឋ។
ឯកឧត្តម ម៉ៅ ធនិន បានផ្តាំផ្ញើបែបនេះ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកតាលោសែនជ័យ ចំនួន១៦រូប ដោយមានការចូលរួមពីថ្នាក់ដឹកនាំតាមមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរស្រុក ឃុំ និងប្រជាពលរដ្ឋជាច្រើននាក់ទៀត។
យោងតាមសេចក្តីសម្រេច លេខ១៨០សសរ/គ.ជ.អ.ប របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ក្នុងប្រការ១ ត្រូវបានធ្វើសមាហរណកម្មបុគ្គលិក និងរៀបចំមុខតំណែងគ្រប់គ្រង នៅក្នុងរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកតាលោសែនជ័យ ចំនួន១៦រូប រួមមានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ, អង្គភាពលទ្ធកម្ម, ការិយាល័យគ្រប់គ្រងធនធានមនុស្ស, ការិយាល័យផែនការ និងគាំទ្រ, ការិយាល័យលេខាធិការក្រុមប្រឹក្សា, ការិយាល័យត្រួតពិនិត្យផ្ទៃក្នុង, ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល, ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន, ការិយាល័យសង្គមកិច្ច និងសុខុមាភាពសង្គម និងការិយាល័យច្រកចេញចូលតែមួយ។
ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត បានថ្លែងថា ការដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកតាលោសែនជ័យ នាពេលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈ នៅថ្នាក់ក្រោមជាតិ សំដៅធានាដល់ការផ្ទេរសិទ្ធិ ផ្ទេរអំណាច ផ្ទេរមុខងារ និងធនធាន ឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកជិតប្រជាពលរដ្ឋ ក្នុងការទទួលខុសត្រូវ ទាំងការងារគ្រប់គ្រង ចាត់ចែង និងការប្រើប្រាស់សិទ្ធិអំណាច សម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍន៍មូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធិភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។ ឯកឧត្តម បានលើកឡើងទៀតថា ផ្អែកលើបទពិសោធន៍ និងលទ្ធផលជាវិជ្ជមាន ដែលសម្រេចបាននៅថ្នាក់ក្រោមជាតិនោះ រាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីពង្រីកដំណើរការកំណែទម្រង់វិមជ្ឈការ និងសហមជ្ឈការគ្រប់រាជធានី ខេត្ត ស្រុក ក្រុងទូទាំងប្រទេស តាមរយៈការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។
ក្នុងបរិបទនៃការអនុវត្តគោលនយោបាយនេះ មានគោលបំណងសំខាន់ចំនួន៣ រួមមាន៖ ១-ពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស, ២-លើកកម្ពស់គុណភាព និងប្រសិទ្ធិភាព នៃការផ្តល់សេវាសាធារណៈ ឆ្លើយតបទៅនឹងតម្រូវការនៅតាមមូលដ្ឋាន, ៣-ចូលរួម និងធ្វើជាម្ចាស់ របស់ប្រជាពលរដ្ឋ ក្នុងការធ្វើសេចក្តីសម្រេចពាក់ព័ន្ធទៅនឹងការគ្រប់គ្រង ដឹកនាំ និងការអភិវឌ្ឍន៍មូលដ្ឋាន។
ឯកឧត្តមបានថ្លែងទៀតថា ដើម្បីសម្រេចបានជោគជ័យនូវរាល់កិច្ចការទាំងនោះ សូមឲ្យមន្ត្រីដែលបានប្រកាសចូលកាន់មុខតំណែងទាំងអស់ ចាំបាច់ត្រូវខិតខំពង្រឹងស្មារតីសាមគ្គី ឯកភាពផ្ទៃក្នុងឱ្យបានល្អ ដោយឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធិភាពការងារ គោរពច្បាប់ គោរពគោលការណ៍ ពង្រឹងរបៀបរបបធ្វើការងារភាពជាម្ចាស់ ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍន៍មូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ក្នុងឱកាសនោះឯកឧត្តម ម៉ៅ ធនិន ក៏បានជម្រាបជូន អំពីវឌ្ឍនភាព និងការអភិវឌ្ឍស្រុកតាលោសែនជ័យ ដែលទើបនឹងបង្កើតថ្មី រួមមានរចនាសម្ព័ន្ធរូបវ័ន្ត ដែលសាងសង់ឡើងឱ្យមើលពីលើឃើញថា ក្នុងសម័យតេជោសែន ក្នុងនោះមានអគាររដ្ឋបាល មានការិយាល័យនានាជុំវិញស្រុក មានពហុកីឡាដ្ឋាន សម្រាប់ច្រតព្រះនង្គ័ល មានកន្លែងប្រណាំងគោក្របី មានប្រព័ន្ធធារាស្ត្រ សម្រាប់កម្រិតនៃការអុំទូកថ្នាក់ខេត្ត ហើយអ្វីៗគ្រប់យ៉ាងទាំងអស់នេះ គឺយើងធ្វើឡើងដើម្បីជាសុខទុក្ខពុកម៉ែប្រជាពលរដ្ឋរបស់យើង ត្រូវដឹងថាអំណាចរដ្ឋ គឺបានមកពីរាស្ត្រ ដូច្នេះគឺត្រូវបម្រើរាស្ត្រ និងបម្រើរដ្ឋ៕
Ti Amo (ពស)