រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់៖ នៅពេលប្រជាពលរដ្ឋពឹងពាក់ គ្រប់មន្ត្រីទាំងអស់មិនត្រូវយកសេវាក្រៅប្រព័ន្ធ (Video inside)

  • 1.1ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានហាមដល់មន្ត្រី នៅពេលប្រជាពលរដ្ឋពឹងពាក់ មិនត្រូវយកថវិកាក្រៅប្រព័ន្ធពីប្រជាពលរដ្ឋនោះឡើយ គ្រប់មន្ត្រីទាំងអស់គួរតែជួយពួកគាត់វិញ ដើម្បីឲ្យពួកគាត់មានលំនឹង និងទំនុកទុកចិត្តមកលើថ្នាក់ដឹកនាំ ជាពិសេសប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានខិតខំអភិវឌ្ឍន៍សង្គមជាតិ ឱ្យមានការរីកចម្រើន និងនាំមកនូវសុខសន្តិភាពរហូតមកដល់សព្វថ្ងៃនេះ។

ឯកឧត្តម ម៉ៅ ធនិន បានថ្លែងបែបនេះ នាល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុងពោធិ៍សាត់ ចំនួន៦៥រូប ដោយបានការចូលរួមពីថ្នាក់ដឹកនាំតាមមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរស្រុក ឃុំ និងប្រជាពលរដ្ឋជាច្រើននាក់ទៀត។

យោងតាមសេចក្តីសម្រេច លេខ១៧៤សសរ/គ.ជ.អ.ប របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ក្នុងប្រការ១ ត្រូវបានធ្វើសមាហរណកម្មបុគ្គលិក និងរៀបចំមុខតំណែងគ្រប់គ្រង នៅក្នុងរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុងពោធិ៍សាត់ ចំនួន៦៥រូប ឲ្យបំពេញការងារនៅក្នុង១៣ការិយាល័យ /អង្គភាព។

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត បានឲ្យដឹងថា ការដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុងពោធី៍សាត់ នាពេលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈ នៅថ្នាក់ក្រោមជាតិ សំដៅធានាដល់ការផ្ទេរសិទ្ធិ ផ្ទេរអំណាច ផ្ទេរមុខងារ និងធនធាន ឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកជិតប្រជាពលរដ្ឋ ក្នុងការទទួលខុសត្រូវ ទាំងការងារគ្រប់គ្រង ចាត់ចែង និងការប្រើប្រាស់សិទ្ធិអំណាច សម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍន៍មូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធិភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។ ឯកឧត្តម បានលើកឡើងទៀតថា ផ្អែកលើបទពិសោធន៍ និងលទ្ធផលជាវិជ្ជមាន ដែលសម្រេចបាននៅថ្នាក់ក្រោមជាតិនោះ រាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីពង្រីកដំណើរការកំណែទម្រង់វិមជ្ឈការ និងសហមជ្ឈការគ្រប់រាជធានី ខេត្ត ស្រុក ក្រុងទូទាំងប្រទេស តាមរយៈការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។

ក្នុងបរិបទនៃការអនុវត្តគោលនយោបាយនេះ មានគោលបំណងសំខាន់ចំនួន៣ រួមមាន៖ ១-ពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស, ២-លើកកម្ពស់គុណភាព និងប្រសិទ្ធិភាព នៃការផ្តល់សេវាសាធារណៈ ឆ្លើយតបទៅនឹងតម្រូវការនៅតាមមូលដ្ឋាន, ៣-ចូលរួម និងធ្វើជាម្ចាស់ របស់ប្រជាពលរដ្ឋ ក្នុងការធ្វើសេចក្តីសម្រេចពាក់ព័ន្ធទៅនឹងការគ្រប់គ្រង ដឹកនាំ និងការអភិវឌ្ឍន៍មូលដ្ឋាន។

ឯកឧត្តមបានថ្លែងទៀតថា ដើម្បីសម្រេចបានជោគជ័យនូវរាល់កិច្ចការទាំងនោះ សូមឲ្យមន្ត្រីដែលបានប្រកាសចូលកាន់មុខតំណែងទាំងអស់ ចាំបាច់ត្រូវខិតខំពង្រឹងស្មារតីសាមគ្គី ឯកភាពផ្ទៃក្នុងឱ្យបានល្អ ដោយឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធិភាពការងារ គោរពច្បាប់ គោរពគោលការណ៍ ពង្រឹងរបៀបរបបធ្វើការងារភាពជាម្ចាស់ ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍន៍មូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ក្នុងឱកាសនោះឯកឧត្តម ម៉ៅ ធនិន ក៏បានរំលឹកផងដែរថា ដោយបានការគិតគូរ និងយកចិត្តទុកដាក់ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះជីវភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ កម្មករ កម្មការិនី ជាក់ស្តែងមន្ត្រីរាជការស៊ីវិល បានទទួលអត្ថប្រយោជន៍ជាច្រើន នៃការប្រើប្រាស់ប័ណ្ណ មូលនិធិសមធម៌ និងបេឡាជាតិ របបសន្តិសុខសង្គម (ប.ស.ស) នៅពេលបងប្អូនទៅទទួលសេវាថែទាំសុខភាព នៅតាមមន្ទីរពេទ្យរដ្ឋ ឬគ្លីនិកឯកជនដែលបានចុះបញ្ជី ដោយមិនគិតថ្លៃនោះឡើយ៕

Ti Amo (ពស)

អត្ថបទទាក់ទង