(ពោធិ៍សាត់)៖ ក្នុងអង្គមិទ្ទិញខួបលើកទី២១ នៃទិវាជាតិយល់ដឹងអំពីមីនថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា សន្តិភាពពិតជាមានសារៈសំខាន់ណាស់ ដែលបានធ្វើឲ្យការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម អាចប្រតិបត្តិការនៅគ្រប់តំបន់ទាំងប្រទេសកម្ពុជា ដើម្បីជួយផ្តល់ដីប្រកបដោយសុវត្ថិភាព និងជួយសង្រ្គោះជីវិតមនុស្ស។
អង្គមិទ្ទិញនេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័ន អាជ្ញាធរខេត្តពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករសកម្មភាពមីនជាតិ-អន្តរជាតិ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធដទៃទៀត។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានពាំនាំនូវការសាកសួរសុខទុក្ខយ៉ាងកក់ក្តៅ និងនឹករលឹកជាទីបំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន ជូនបងប្អូនប្រជាពលរដ្ឋ និងអង្គមិទ្ទីញទាំងមូល ព្រមទាំងបានក្រើនរំលឹកបន្ថែមទៀតនូវការយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា សម្តេចតេជោនាយករដ្ឋមន្រ្តី តែងតែមានអារម្មណ៍សោកស្តាយ និងក្តុកក្តួលយ៉ាងក្រៀមក្រំ នៅពេលដែលលឺថា មានកូនក្មួយ និងចៅៗរបស់សម្តេច ជួបគ្រោះថ្នាក់ដោយមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដល់ស្លាប់ របួស និងពិការ ជាដើម។
ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះបងប្អូនប្រជាពលរដ្ឋស្រុកវាលវែងទាំងមូល ដែលបានចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែរក្សា និងគាំពារដល់សន្តិភាពជូនដល់ប្រទេសជាតិ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ដើម្បីបញ្ចប់សង្រ្គាមនៅចុងឆ្នាំ១៩៩៨ នៅទូទាំងប្រទេសកម្ពុជា។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី បានអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ និងវិស័យឯកជននានា សូមបន្តជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារ និងថវិកា ដើម្បីបន្តនិរន្តរភាព ក្នុងការអនុវត្តសកម្មភាពអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្របំផុតជូន ចំពោះប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ បណ្តាអង្គការជាតិ-អន្តរជាតិ និងប្រតិបត្តិករសកម្មភាពមីនទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាពបោសសម្អាតមីន និងអប់រំយល់ដឹងអំពីមីន ដើម្បីសង្រ្គោះជីវិត កាត់បន្ថយគ្រោះថ្នាក់ ផ្តល់នូវសុវត្ថិភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ជាមួយនឹងអង្គមិទ្ទិញនេះ ក្រោមកិច្ចសហការរវាងអាជ្ញាធរមីន និងអង្គការ UNICEF ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ និង លោកស្រី Cristian Munduate អ្នកតំណាងអង្គការ UNICEF ប្រចាំនៅកម្ពុជា រួមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានចូលរួមតំឡើងផ្ទាំងប៉ាណូ ដើម្បីផ្តល់សារអប់រំការយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន ដែលមានខ្លឹមសារថា “កុំចូលតំបន់គ្រោះថ្នាក់” សកម្មភាពទាំងនេះហើយ ដែលបណ្តាលអោយមានគ្រោះថ្នាក់ច្រើនជាងគេ នាពេលបច្ចុប្បន្ន។
សូមបញ្ជាក់ នៅក្នុងឆ្នាំ២០១៩ ផ្ទៃដីប្រមាណ ១៣០គីឡូម៉ែត្រក្រឡា ត្រូវបានរំដោះ ព្រមទាំងរកឃើញ និងកំទេចចោលមីនប្រឆាំងមនុស្សចំនួន ១៥.៨០៨ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ៣៤២គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៥៥.៣០៦ គ្រាប់។
អត្រាជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម មានចំនួន ៧៧នាក់ ក្នុងនោះរងគ្រោះថ្នាក់ដោយសារមីន ២៣នាក់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ៥៤នាក់ ដែលបណ្តាលឲ្យស្លាប់ ១២ នាក់។
ដោយឡែក ដើមឆ្នាំ២០២០ ចាប់ពីខែមករា ដល់ត្រឹមថ្ងៃទី២៤ ខែកុម្ភៈនេះ មានជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ៥នាក់ ក្នុងនោះស្លាប់ ២នាក់ តួលេខនេះ បង្ហាញថាបានថយចុះ ៧៧ភាគរយ បើប្រៀបធៀបជាមួយនឹងរយៈពេលដូចគ្នាពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០១៩ ដែលមានជនរងគ្រោះរហូតដល់ ២២នាក់៕