(ពោធិ៍សាត់)៖ ពង្រាយមន្តកណ្ដាលហ្វូងបុព្វតាព្រឹក្សព្រៃ ផ្លូវជាតិលេខ៥៥ បានក្លាយជាសក្ដានុពលទេសចរណ៍ថ្មីនៅដែនដីនៃខេត្តពោធិ៍សាត់។ ទេសភាពទាំងនោះញ៉ាំងដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរឱ្យឈ្លក់នឹងសម្រស់ធម្មជាតិ បណ្ដែតអារម្មណ៍លើដងមហាវិថីឆ្ពោះទៅកាន់ច្រកព្រំដែនកម្ពុជា-ថៃ «ថ្មដា»។
ស្ថានភាពផ្លូវកោងបត់បែនរាងអង្ទង់អាំងរង្វេលពីជើងភ្នំដល់កំពូលភ្នំ អមដោយទេសភាពធម្មជាតិពណ៌បៃតង ព្រៃឈើ ជួរភ្នំ ទឹកជ្រោះ ស្ពានថ្មីដីចាស់ វាលស្រែដ៏ស្រស់ស្អាតគួរជាទីគយគន់ ប្រៀបបាននឹងទេពធីតាដ៏ស្រស់សោភាកំពុងឈរចាំទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅនៅអមសងខាងផ្លូវ។
ផ្លូវជាតិលេខ៥៥នេះ បានផ្ដល់អត្ថប្រយោជន៍មួយផ្នែកក្នុងវិស័យទេសចរណ៍ធម្មជាតិ ទេសចរណ៍ធ្វើដំណើរ សម្រួលដល់ការដឹកជញ្ជូនកសិផល និងផលិតផលពីក្នុងតំបន់ទៅកាន់ទីផ្សារក្នុង និងក្រៅប្រទេស។
គួរបញ្ជាក់ថា ផ្លូវជាតិលេខ៥៥ ជាផ្លូវជាតិថ្មីដ៏សំខាន់មួយលាតសន្ធឹងពីផ្លូវជាតិលេខ៥ ចេញពីទីរួមខេត្តពោធិ៍សាត់ ឆ្លងកាត់តាមស្រុកវាលវែងឆ្ពោះទៅឃុំថ្មដា ភ្ជាប់ជាមួយច្រកលេខ៥៦ ដែលជាចំណុចព្រំប្រទល់កម្ពុជា-ថៃ។ ផ្លូវនេះមានប្រវែង ១៨១,៧៨០គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ។
នៅពេលទៅដល់ស្រុកវាលវែង ទឹកដីនៃតំបន់អេកូទេសចរណ៍ រឹតតែញ៉ាំងអ្នកទេសចរណ៍យើងឱ្យរីករាយសប្បាយនឹងទស្សនីយភាពធម្មជាតិ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ។
មកដល់ច្រកថ្មដា យើងឃើញសកម្មភាពផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រជាពលរដ្ឋខ្មែរ និងថៃ ការប្រាស្រ័យទាក់ទងគ្នាដូចញាតិជិតខាង ពលរដ្ឋខ្មែរទៅលេងនៅទឹកដីខេត្តត្រាត ប្រទេសថៃ ពលរដ្ឋថៃក៏ឆ្លងមកលេងនៅខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា។ បច្ចុប្បន្ន កម្ពុជា-ថៃ បានឯកភាពគ្នាបើកដំណើរការច្រកព្រំដែន ឱ្យប្រជាពលរដ្ឋប្រទេសទាំងពីរឆ្លងកាត់ទៅមកចំនួន ៤ថ្ងៃ ក្នុងមួយសប្ដាហ៍៕
Ti Amo (ពស)