រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ទឹកជ្រោះ «ឆាយប្រុយ» ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញនៅអូរសោម តែអ្នកទេសចរតិចតួចបំផុតបានស្គាល់ (Video inside)

  • 2.3ពាន់
  • ដោយ Admin
https://www.facebook.com/freshnewsasia/videos/790264657811994/

(ពោធិ៍សាត់)៖ ក្នុងដំណើររុករកកំណប់ទេសចរណ៍អាថ៌កំបាំងនាសប្តាហ៍នេះ ក្រុមការងារ «មែកសឺដេស និងកំណប់អាថ៌កំបាំង» បានពុះជ្រែកទឹកដីខេត្តពោធិ៍សាត់ និងឆ្លងឧបសគ្គជាច្រើននោះ បានទៅរកឃើញទឹកជ្រោះ «ឆាយប្រុយ» ដែលជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់បំព្រង និងទាក់ទាញមួយស្ថិតនៅតាមជ្រលងភ្នំក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រទេសកម្ពុជា សម្បូរដោយទឹកជ្រោះដ៏ស្រស់បំព្រងគួរជាទីគយគន់ ដែលតំបន់ទេសចរណ៍ទាំងនោះ សុទ្ធតែទទួលបានការចាប់អារម្មណ៍ និងទៅទស្សនាយ៉ាងច្រើនភ្ញៀវទេសចរ អភ័ព្វអីតែទឹកជ្រោះឆាយប្រុយនេះ បើទោះបីខំប្រឹងរចនាសម្រស់របស់ខ្លួនជាមួយសោភណភាពទេសភាពធម្មជាតិយ៉ាងល្អគយគន់យ៉ាងណាក្តី បែរជាមិនសូវមានអ្នកទេសចរទៅទស្សនាច្រើនដូចគេនោះឡើយ។

លោក នួន លីម មន្ត្រីទេសចរណ៍ប្រចាំតំបន់អូរសោម បានរៀបរាប់ឲ្យដឹងថា ទឹកជ្រោះឆាយប្រុយនេះ មានភ្ញៀវជាតិ-អន្តរជាតិបានមកទស្សនាម្ដងម្កាលនៅក្នុងពេលមានបុណ្យជាតិធំៗដូចជាបុណ្យចូលឆ្នាំ តែមិនសូវជាច្រើនប៉ុន្មានឡើយ។

ទឹកជ្រោះ «ឆាយប្រុយ»ទីនោះ មានទឹកថ្លាឆ្លុះហូរកាត់ផែនថ្មជាថ្នាក់ៗ ធ្លាក់ទង្គិចទៅនឹងថ្មថ្នាក់ក្រោមជម្រៅប្រហែល ៣០ម៉ែត្រ បែកផ្កាត្រែងត្រជាក់ចិត្ត លាន់ឮសំឡេងរំពងពេញព្រៃ លាយលំជាមួយសំនៀងបក្សាបក្សីលើមែកប្រឹក្សាប្រៀបបានតន្ត្រីធម្មជាតិប្រគំកណ្តាលជ្រលងភ្នំ ធ្វើឲ្យអ្នកទៅកម្សាន្តនៅនោះរសាយអស់ក្តីកង្វល់។

លោក នួន លីម បានគូសបញ្ជាក់ថា ទីនេះស្អាតពិសេសមិនចាញ់តំបន់ទេសចរណ៍ដទៃប៉ុន្មានឡើយ តែដោយសារវាស្ថិតនៅឆ្ងាយពីទីប្រជុំជនខេត្តពោធិ៍សាត់ ហើយផ្លូវធ្វើដំណើរក៏លំបាកផងនោះ ទើបធ្វើឲ្យតំបន់នេះខ្សត់ភ្ញៀវទេសចរ។ ម្យ៉ាងទៀត ក៏ដោយសារទីនេះមានទំនប់វារីអគ្គិសនីអាតៃ១ និងអាតៃ២ នៅផ្នែកខាងលើផង ទើបធ្វើឲ្យភ្ញៀវមានការព្រួយបារម្ភខ្លាចគេទម្លាក់ទឹកមកបង្កហានិភ័យនានា។ ចំពោះបញ្ហានេះ លោក នួន លីម បានសូមកុំមានការបារម្ភឲ្យសោះ ព្រោះអាជ្ញាធរអាចប្រាប់ទៅខាងអ្នកគ្រប់គ្រងវារីអគ្គិសនីមិនឲ្យបើក ទឹកទំនប់នោះទេ ហើយបើបើក ក៏បើកតែពេលយប់ដែរ។

ទឹកជ្រោះឆាយប្រុយមានចម្ងាយប្រមាណ ២២គីឡូម៉ែត្រ ពីទីប្រជុំជនឃុំអូរសោម ស្ថិតតាមផ្លូវឆ្ពោះទៅខេត្តកោះកុង ហើយអ្នកដែលធ្វើដំណើរទៅខេត្តកោះកុង ខេត្តកំពត ខេត្តព្រះសីហនុ ដែលឆ្លងកាត់ទីនេះ ក៏អាចចូលមកលេងកម្សាន្តនៅទីបានផងដែរ។

លោក នួន លីម បានបង្ហាញជំនឿចិត្តថា ប្រសិនបើរដ្ឋបាលខេត្តពោធិ៍សាត់ ក៏ដូចជាភាគីពាក់ព័ន្ធទាំងផ្នែករដ្ឋ និងឯកជន ពន្លឿនការសាងសង់ និងជួសជុលផ្លូវពីទីរួមស្រុកវាលវែងភ្ជាប់ទៅខេត្តកោះកុង ឲ្យងាយស្រួលធ្វើដំណើរប្រាកដជាមានទេសចរជាតិ-អន្តរជាតិទៅទស្សនានៅអូរសោម និងទឹកជ្រោះឆាយប្រុយកាន់តែច្រើន។

ក្រៅពីទឹកជ្រោះឆាយប្រុយ ដូចមានរៀបរាប់ខាងលើ តំបន់អូរសោម ក៏នៅលាក់បង្កប់តំបន់ទេសចរណ៍ជាច្រើនទៀត ក្នុងនោះមានដូចជា ជម្រកសត្វក្រពើភ្នំ ចម្ការម្រេច បឺរ ល្ហុង ម្នាស់ ត្រាវ ធុរ៉េន ក្រូចពោធិ៍សាត់ និងដំណាំជាច្រើនមុខទៀត មានប្រភេទព្រៃឈើប្លែកៗ ទឹកជ្រោះ ភូមិបងប្អូនជនជាតិភាគតិច ដងស្ទឹងតាតៃ ព្រមទាំងតំបន់អេកូទេសចរណ៍ដ៏សម្បូរបែបជាច្រើនទៀត។

សូមបញ្ជាក់ថា ក្រុមការងារ «មែកសឺដេស និងកំណប់អាថ៌កំបាំង» បានបញ្ចប់បេសកកម្មចុះរុករកតំបន់ទេសចរណ៍ និងផលិតផលទេសចរណ៍មួយចំនួនដែលកប់កំបាំងក្នុងខេត្តពោធិ៍សាត់ហើយ នាល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧។ កម្មវិធីនេះផ្តួចផ្តើមឡើងដោយក្រុមហ៊ុនស្តារអូតូ ខេមបូឌា សហការជាមួយអង្គភាពព័ត៌មានដ៏ល្បីនៅកម្ពុជា Fresh News និង Thmey Thmey ក្នុងគោលបំណងចុះស្វែងរកតំបន់ទេសចរណ៍ និងផលិតផលទេសចរណ៍ ក៏ដូចជាកំណប់អាថ៌កំបាំងជាច្រើននៅគ្រប់ខេត្តទាំងអស់នៃប្រទេសកម្ពុជា ដើម្បីបង្ហាញជូនទស្សនិកជនអញ្ជើញទស្សនា និងស្គាល់ពីតំបន់ទេសចរណ៍ទាំងនោះ៕

Khem Chamroeun (ពស)

អត្ថបទទាក់ទង