រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ នាំយករថយន្តពិសោធន៍ចល័ត២គ្រឿង ពិនិត្យទំនិញម្ហូបអាហារ និងស្ថានីយ៍/ដេប៉ូ ប្រេងឥន្ធនៈ ក្នុងស្រុកក្រគរ, រកឃើញស្ករត្នោត មានសារធាតុគីមី និងស្ថានីយ៍/ដេប៉ូ ០៣កន្លែង លក់មិនគ្រប់បរិមាណ និងគុណភាព

  • 1.8ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ រួមជាមួយរថយន្តពិសោធន៍ចល័តទាំងពីរ នៃអគ្គនាយកដ្ឋានកាំកុងត្រូល មន្ត្រីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានសហការចុះត្រួតពិនិត្យទំនិញម្ហូបអាហារ រកឃើញសារធាតុគីមី ក្នុងស្ករត្នោត នៅផ្សារសាមគ្គីក្រគរ និងស្ថានីយ៍/ដេប៉ូ ប្រេងឥន្ធនៈ ០៣កន្លែង មិនគ្រប់បរិមាណ និងគុណភាព ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងថា ជាញឹកញ៉ាប់ មន្ត្រីជំនាញបានចុះបំពេញភារកិច្ច ត្រួតពិនិត្យបរិមាណ និងគុណភាព ស្ថានីយ៍/ដេប៉ូ ប្រេងឥន្ធនៈ និងអង្កេតទំនិញ ដែលដាក់តាំងលក់ ធ្វើចរាចរ តាមតូបលក់ដូរ ទីផ្សារធំ-តូច ក្នុងខេត្តពោធិ៍សាត់ ជាពិសេសផលិតផលម្ហូបអាហារ ក្នុងគោលបំណងរាំងខ្ទប់ ហាមឃាត់ ការធ្វើចរាចរទំនិញ ពុំមានសុវត្ថិភាព ខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញក្លែងបន្លំជាដើម។

លោកបានបន្តថា បើទោះបីជាមន្ត្រីជំនាញកាំកុងត្រូល បានបំពេញភារកិច្ចរបស់ខ្លួន ក្នុងការចុះពិនិត្យទំនិញតាមទីផ្សារ ត្រឹមតែរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែធ្វើឱ្យប្រជាពលរដ្ឋមានការកក់ក្តៅ មានទំនុកទុកចិត្តបានមួយចំណែកផងដែរ។

លោកប្រធានសាខាកាំកុងត្រូល បានបន្តទៀតថា ដើម្បីដោះស្រាយបញ្ហា ឬបាតុភាពជាយថាហេតុណាមួយ របស់ប្រជាពលរដ្ឋ ព្រមទាំងផ្តល់ការអប់រំ លើកកម្ពស់ការយល់ដឹង ជូនអ្នកប្រើប្រាស់ អាជីវករ អ្នកលក់ដូរ អំពីបញ្ហាគុណភាព សុវត្ថិភាពផលិតផលទំនិញ ពិសេសផលិតផលម្ហូបអាហារ មន្ត្រីជំនាញបានប្រើប្រាស់ ឧបករណ៍សម្ភារៈពិសោធន៍ វិភាគបឋម រង្វាស់រង្វាល់ និងឧបករណ៍បច្ចេកទេសចាំបាច់នានា ព្រមទាំងចែកផ្ទាំងរូបភាព និងខិតប័ណ្ណឃោសនាអប់រំ ធានាធ្វើយ៉ាងណា ផ្តល់ភាពសុក្រិត តម្លាភាព យុត្តិធម៌ សម្រាប់ជាប្រយោជន៍ដល់គ្រប់ភាគីពាក់ព័ន្ធ។

នៅក្នុងឱកាសចុះទៅពិនិត្យទីតាំងខាងលើ មន្រ្តីជំនាញកាំកុងត្រូល ក៏បានយកមុខទំនិញ ៦៦គំរូ មកពិនិត្យ ជាលទ្ធផលបានរកឃើញ ០១គំរូ គឺស្ករត្នោត ដែលមានសារធាតុគីមីហាមឃាត់ និងបានធ្វើការដកហូតស្ករត្នោត ចំនួន ០៣គីឡូក្រាម យកទៅកម្ទេចចោល។ ជាមួយគ្នានោះ មន្ត្រីជំនាញកាំកុងត្រូល ក៏បានបន្តត្រួតពិនិត្យ ស្ថានីយ៍/ដេប៉ូ ប្រេងឥន្ធនៈ ០៦កន្លែងផ្សេងទៀត ជាលទ្ធផលមានស្ថានីយ៍/ដេប៉ូ ០៣កន្លែង ដែលអនុលោមភាព ទាំងបរិមាណ និងគុណភាព, ស្ថានីយ៍/ដេប៉ូ ០២កន្លែង មិនមានអនុលោមភាពទាំងបរិមាណ និងគុណភាព និងស្ដានីយ៍/ដេប៉ូ ០១កន្លែង មិនមានអនុលោមភាពបរិមាណ។

លោក តូច ចៅកុយ បានបន្ថែមទៀតថា ចំពោះស្ថានីយប្រេង/ដេប៉ូ ប្រេងឥន្ធនៈ ដែលលក់មិនមានអនុលោមភាពទាំងបរិមាណ និងគុណភាព មន្រ្តីជំនាញបានធ្វើកិច្ចសន្យាអប់រំ ឱ្យកែប្រែនៅពេលក្រោយ។ បើលើកទី២ ពិនិត្យឃើញថា «ស្ថានីយ៍/ដេប៉ូណាមួយ នៅបន្តលក់ប្រេង មិនគ្រប់លីត្រ ឬមិនមានគុណភាព យើងនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់ ស្ដីពីការគ្រប់គ្រងទំនិញ និងសេវា ដោយធ្វើការផាកពិន័យ ទៅតាមច្បាប់កំណត់»៕

Ti Amo (ពស)

អត្ថបទទាក់ទង