(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បានអញ្ជើញចុះត្រួតពិនិត្យ សកម្មភាពដាំដុះបន្លែសុវត្ថិភាព តាមបច្ចេកទេសការអនុវត្តន៍កសិកម្មល្អ (GAP) របស់ប្រជាកសិករ ក្នុងភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ និងផ្សព្វផ្សាយពីវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ (COVID-19) ដែលកំពុងរាតត្បាតទូទាំងសកលលោក ខណៈដែលខេត្តពោធិ៍សាត់ នៅពុំទាន់មានករណីនេះនៅឡើយ។
ពិធីនេះ បានការអញ្ជើញចូលរួមពី ប្រធាន អនុប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អាជ្ញាធរដែនដី ក្រុមការងារផលិតបន្លែសុវត្ថិភាព និងសហគម ប្រជាកសិករជាច្រើនរូបទៀត។
ឯកឧត្តម ម៉ៅ ធនិន បានថ្លែងថា ដោយសារកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសង្គម បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនលើសពីការរំពឹងទុក។ ក្នុងបរិបទកំណើនសេដ្ឋកិច្ចនេះ បានទាមទារ និងផ្តល់ឱកាសដល់ប្រជាកសិករយើង កែប្រែទម្លាប់ពីការផលិតសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ មកជាការផលិតសម្រាប់ធ្វើពាណិជ្ជកម្ម និងបំពេញតម្រូវការលើទីផ្សារវិញម្តង។ ការប្រែប្រួលបែបនេះ ក៏បានធ្វើឱ្យប្រជាជនយើង មានការផ្លាស់ប្តូរឥរិយាបថមកបរិភោគចំណីអាហារ ដែលមានស្តង់ដារប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ ជាពិសេសផលិតផលបន្លែ និងផ្លែឈើជាដើម។ រីឯភ្ញៀវទេសចរវិញ ក៏មានសេចក្តីត្រូវការម្ហូបអាហារ ដែលមានសុវត្ថិភាពផងដែរ។ ដូច្នេះដើម្បីឆ្លើយតប និងបំពេញនូវសេចក្តីត្រូវការទាំងអស់នេះ តម្រូវឱ្យមានកិច្ចសហការគ្នាយ៉ាងស្អិតរមួតពីគ្រប់ដៃគូពាក់ព័ន្ធ រួមមានរដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍ជាដើម។
ឯកឧត្តមបានលើកឡើងថា បន្លែគីមីនៅលើទីផ្សារ គឺគ្មានលំនឹងនោះទេ ថ្ងៃនេះលក់បានថ្លៃ ថ្ងៃស្អែកអាចនឹងធ្លាក់តម្លៃ ដែលធ្វើឱ្យអ្នកផលិតបន្លែតាមមិនទាន់ទីផ្សារនោះឡើយ។ ក៏ប៉ុន្តែបើបន្លែសរីរាង្គ ឬបន្លែសុវត្ថិភាព ដែលប្រើប្រាស់ជីធម្មជាតិ ទោះបន្លែគេដទៃធ្លាក់ថ្លៃ ក៏បន្លែសរីរាង្គ ឬបន្លែសុវត្ថិភាព នៅតែរក្សាតម្លៃបានដដែល។ ឯកឧត្តមបានអំពាវនាវ ដល់ប្រជាកសិករឱ្យប្រើប្រាស់ជីធម្មជាតិ សម្រាប់ដំណាំស្រូវ ឬដំណាំរួមផ្សំផ្សេងៗ ដើម្បីទទួលបានទិន្នផលខ្ពស់ និងតម្លៃថ្លៃលើទីផ្សារ។ ជាមួយគ្នានោះ ឯកឧត្តមបានជម្រុញឱ្យមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវចលនាប្រជាពលរដ្ឋ ប្រើប្រាស់ឱ្យអស់លទ្ធភាព ក្នុងការស្តារផ្លូវទឹកធម្មជាតិ «បឹង អូរ ប្រឡាយ ឬស្ទឹង» ដើម្បីយកដី ឬទឹក មកប្រើប្រាស់ក្នុងវិស័យកសិកម្ម និងជីវភាពរស់នៅប្រចាំថ្ងៃ ជៀសវាងទុកឱ្យនៅកកស្ទះ ហើយទិញដីខាងក្រៅមកប្រើប្រាស់។
ក្នុងឱកាសនោះ ឯកឧត្តមក៏បានផ្សព្វផ្សាយពីវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ (COVID-19) ដែលកំពុងរាតត្បាតទូទាំងសកលលោក ដោយឱ្យបងប្អូនប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារខ្លួនពីជំងឺនេះ ឬជំងឺឆ្លងផ្សេងៗ ព្រមទាំងថែរក្សាសុខភាព និងអនាម័យឱ្យបានជាប់ជាប្រចាំ តាមការណែនាំរបស់ក្រសួងសុខាភិបាល បើមានករណីសង្ស័យ ឬមានរោគសញ្ញាណាមួយស្រដៀងនឹងជំងឺ COVID-19 ត្រូវទៅមណ្ឌលសុខភាពពិនិត្យ និងព្យាបាលជាបន្ទាន់ ឬទូរស័ព្ទទៅកាន់លេខ ១១៥។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន ក៏បានចែកជូនវត្ថុកំដរដៃ ដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួម ក្នុងម្នាក់ៗសារុង១ និងបានពិសាពោត ទឹកត្នោតផ្អែម ក្នុងស្មារតីស្និតស្នាលផងដែរ។
សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ កម្ពុជា រកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៩៨នាក់ មានស្ត្រី២៥នាក់ និងបុរស៧៣នាក់។ ក្នុងចំណោមអ្នកកើតជំងឺកូវីដ៩៨នាក់នេះ ត្រូវបានព្យាបាលឱ្យជាសះស្បើយចំនួន ១១នាក់៕
Ti Amo (ពស)